អានតួអត្ថបទ
កម្ពុជា

គណបក្សប្រជាជនកម្ពុជា បដិសេធសំណើបែងចែកតួនាទីនៅព្រឹទ្ធសភា

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត ឆ្លើយតប​នឹង​លិខិត​របស់​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ចំពោះ​ការស្នើសុំ​តួនាទី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា អាណត្តិ​ទី​៣។ លោក ជា ស៊ីម បាន​ប្រើ​ភាសា​បែប​ការទូត ដោយ​ទុក​ការសម្រេច​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ ជា​អ្នកសម្រេច។ មានន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សំឡេង​លើសលប់ នៅ​ព្រឹទ្ធសភា បដិសេធ​មិន​ផ្តល់​តួនាទី​ជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ស្រប​តាម​ការលើកឡើង​របស់​គណបក្ស​សម​រង្ស៊ី ក្នុង​លិខិត​នៅ​ថ្ងៃ​២៩​កុម្ភៈ​ឡើយ។

លោក គង់ គាំ ប្រ​ធាន​ស្តី​ទី​គណបក្ស​សម​រង្ស៊ី
លោក គង់ គាំ ប្រ​ធាន​ស្តី​ទី​គណបក្ស​សម​រង្ស៊ី ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១២ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​លើកឡើង​ថា ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ខាងមុខនេះ យើង​គួរ​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​សមាជិក​ព្រឹទ្ធសភា​ម្នាក់ៗ មាន​សិទ្ធិ​សម្រេច​ទៅលើ​អ្វីៗ តាម​បំណងប្រាថ្នា​របស់​គេ​រៀងៗ​ខ្លួន។
​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យោង​តាម​ស្មារតី នៃ​អង្គប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១ខែ​កុម្ភៈ ឆ្នាំ​២០១២ យ៉ាង​ដូច្នេះ ជា​ការឆ្លើយតប​ទៅនឹង​លិខិត​របស់​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ។ លោក គង់ គាំ បានស្នើ​រូបមន្ត​រៀបចំ​យន្ដការ​ថ្នាក់ដឹកនាំ ព្រឹទ្ធសភា នីតិកាល​ទី​៣ គឺ​ទី​១-​គណបក្ស​សមរង្ស៊ី ទទួល​តួនាទី អនុប្រធាន​ព្រឹទ្ធសភា​ចំនួន ១​រូប។ ២-​គណបក្ស​សមរង្ស៊ី ទទួល​តួនាទី ប្រធាន​គណកម្មការ​ចំនួន ៤​រូប។ ៣-​តួនាទី អនុប្រធាន លេខាធិការ និង​សមាជិក​គណៈកម្មការ នៅ​គណៈកម្មការ ដែល​គ្មាន​ប្រធាន​របស់​គណបក្ស​សម​រង្ស៊ី និង​ទី​៤-​គណបក្ស​សមរង្ស៊ី ទទួល​តួនាទី អគ្គលេខាធិការរង​ព្រឹទ្ធសភា ចំនួន ១​រូប។
​ក៏ប៉ុន្តែលោក ជា ស៊ីម បាន​បញ្ជាក់​ទៅ​កាន់​លោក គង់ គាំ ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សមរង្ស៊ី ទាំង​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​ទាំង​សមាជិក​ព្រឹទ្ធសភា ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា មាន​សិទ្ធិ​ក្នុង​ការលើកឡើង​នូវ​បេក្ខភាព​របស់​ខ្លួន សម្រាប់​ឈរឈ្មោះ ជា​ថ្នាក់ដឹកនាំ​ទាំងបី នៃ​ព្រឹទ្ធសភា និង​ជា​សមាជិក​គណៈកម្មការ​នានា នៃ​ព្រឹទ្ធសភា ដើម្បី​ឲ្យ​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ធ្វើ​ការបោះឆ្នោត​ជ្រើសរើស ហើយ​បន្ទាប់​មក​សមាជិក នៃ​គណៈកម្មការ​នី​មួយៗ បន្ត​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណៈកម្មការ​របស់​ខ្លួន តាម​នីតិវិធី នៃ​ច្បាប់​បន្តទៀត។
​នៅក្នុង​លិខិត​ដដែល លោក​ជា​ស៊ីម បាន​គូសបញ្ជាក់ថា ចំពោះ​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​ព្រឹទ្ធសភា ក៏​ត្រូវ​តែងតាំង ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធានព្រឹទ្ធសភា ក្រោយពី​បាន​ឯកភាព​ជាមួយ​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២ ព្រឹទ្ធសភា។ ដូច្នេះ បញ្ហា​នេះ ក៏​ត្រូវ​ទុក​លទ្ធភាព ជូន​ឲ្យ​ថ្នាក់ដឹកនាំ​ថ្មី នៃ​ព្រឹទ្ធសភា ធ្វើ​ការសម្រេច ទៅតាម​នីតិវិធី និង​ការជាក់ស្ដែង។​
​នៅថ្ងៃនេះ លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ព្រឹទ្ធសភា ដែល​កៀស មិនឲ្យ​គណបក្ស​សមរង្ស៊ី មាន​តួនាទី​ទទួលខុសត្រូវ​ឡើយ។ ម្យ៉ាងទៀត​ការរៀបចំ​ថ្នាក់​ដឹកនាំ​នៅ​រដ្ឋសភា និង​នៅ​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ចង់​ឲ្យ​ស៊ីគ្នា​ទៅ​នឹង​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដែលជាប្រទេសកុម្មុយនីស្ត មានគណបក្សតែមួយ។
​សម្រាប់​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី នៅ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​គ្រោង​នឹង​បើក​កិច្ចប្រជុំលើកដំបូងនៅចុងខែ​មីនា ឆ្នាំ​២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ជ្រើស​តាំង​លោក​ជាស៊ីម ជា​ប្រធានព្រឹទ្ធសភាបន្ត លោក សាយ ឈុំ អនុប្រធាន​ទី​១ និង​លោក ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា​។ ចំណែក​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​ទាំង ៩ នឹង​ត្រូវ​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​នៅ​រដ្ឋសភា បើ​ទោះបីជា​នៅ​ព្រឹទ្ធសភា អាណត្តិ​ថ្មី​នេះ មានតែ​គណបក្ស​ប្រជាជន និង​គណបក្ស​សមរង្ស៊ី ដែល​ជាប់​ឆ្នោត​ក៏​ដោយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ