អានតួអត្ថបទ
វិបត្តិសេដ្ឋកិច្ច

ការភ័យ​តាមគ្នា​រុញ​ទីផ្សារ​មូលបត្រ​ពិភពលោក​ឲ្យ​ធ្លាក់​កាន់តែ​ជ្រៅ

នៅថ្ងៃ​អង្គារ ៩ សីហា ២០១១​នេះ ទីផ្សារមូលបត្រ​​ពិភពលោក​នៅតែ​បន្ត​ធ្លាក់ដាំដូង បើទោះជា​លោក​អូបាម៉ា និង​ធនាគារ​កណ្តាល​អឺរ៉ុប​ព្យាយាម​​​រំងាប់​ការបារម្ភ​របស់​អ្នក​វិនិយោគ។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​នឹង​ប្រជុំ​គ្នា នៅថ្ងៃ​អង្គារ​នេះ ដើម្បី​កំណត់​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន។ ក៏ប៉ុន្តែ គេ​ហាក់ដូចជា​មិនរំពឹង​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​​អាច​រំងាប់​​ក្តី​បារម្ភ​របស់ទីផ្សារ​មូលបត្រ​បាន​នោះទេ។

កាលពីថ្ងៃ​ចន្ទ ៨ សីហា ២០១១ ផ្សារមូលបត្រ​ញូវយ៉ក​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ឆ្នាំ​២០០៨
កាលពីថ្ងៃ​ចន្ទ ៨ សីហា ២០១១ ផ្សារមូលបត្រ​ញូវយ៉ក​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ឆ្នាំ​២០០៨ REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ភាពចលាចល​ក្នុង​ទីផ្សារ​មូលបត្រ​ពិភពលោក​ហាក់ដូចជា​មិន​​បង្ហាញ​អំពី​សញ្ញា​ធូរស្បើយ​ណាមួយ​នៅឡើយទេ នៅពេលនេះ។ ទីផ្សារ​មូលបត្រ​នៅ​អាស៊ី ដែល​បាន​បិទទ្វារ​លក់​ដូរ​មុនគេ នៅថ្ងៃ​អង្គារ​នេះ សុទ្ធតែ​ធ្លាក់​ចុះ​គ្រប់កន្លែង។

នៅអឺរ៉ុប វិធានការ​របស់​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប ដែល​​បញ្ចេញ​លុយ​ទិញ​មូលបត្រ​បំណុល​របស់​អ៊ីតាលី និង​អេស្ប៉ាញ​ពិតជា​បាន​​ជួយ​ឲ្យ​អត្រាការប្រាក់​កម្ចី​របស់​អ៊ីតាលី និង​អេស្ប៉ាញ​ធ្លាក់ចុះទាបវិញ​មែន ក៏ប៉ុន្តែ វាមិនគ្រប់គ្រាន់ ដើម្បី​ស្តារ​ស្ថានភាព​ទីផ្សារ​មូលបត្រ​នោះទេ។​ នៅពេល​បើក​ទ្វារលក់​ដូរ​នៅថ្ងៃ​អង្គារនេះ តម្លៃ​ភាគហ៊ុន​​នៅ​អឺរ៉ុប​នៅតែ​បន្តធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដដែល។

កាលពី​យប់ម្សិលមិញ លោក​អូបាម៉ា​​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ ធានា​ដល់​អ្នកវិនិយោគ​ថា បើទោះជា​​ទីភ្នាក់ងារ Standard and Poor’s បាន​ទម្លាក់​ចំណាត់ថ្នាក់​ហានិភ័យ​បំណុល​របស់​អាមេរិក​ក៏ដោយ ក៏​អាមេរិក​នៅតែ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត ក្នុង​ការ​វិនិយោគ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍​នេះ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធិភាព​​កាត់បន្ថយ​ការ​ព្រួយបារម្ភ​របស់​​អ្នក​វិនិយោគ​នោះទេ។

ការធ្លាក់ដាំដូង​នៃ​ទីផ្សារ​មូលបត្រ​នៅពេលនេះ មិនមែន​បណ្តាល​មក​ពី​​ការ​ទម្លាក់​ចំណាត់ថ្នាក់​​ហានិភ័យ​បំណុល​របស់​អាមេរិក​​តែមួយ​ទេ គឺ​នៅមាន​មូលហេតុ​ផ្សេងទៀត។ ជម្លោះ​នយោបាយ​នៅអាមេរិក​ជុំវិញ​ការ​បង្កើន​កម្រិត​ប្រាក់​បំណុល និង​​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ គឺ​ជា​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​នៅ​គ្រប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​​​ប្រាកដ​ជា​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ ដើម្បី​កាត់បន្ថយ​ប្រាក់​បំណុល។ អ្នកវិនិយោគ​​បារម្ភ​ថា ការកាត់បន្ថយ​ការចំណាយ​​នៅ​គ្រប់​ទីកន្លែង​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​​ត្រូវ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សាជាថ្មី។ ការបារម្ភ​នេះ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​នាំ​គ្នា​លក់​​ភាគហ៊ុន​ក្រុមហ៊ុន ដែល​គេ​មាន​ក្នុង​ដៃ ដើម្បី​ចៀសវាង​ការ​ខាតបង់​ទៅថ្ងៃ​មុខ។ ភាពចលាចល និង​ការ​ភ័យ​តាម​គ្នា ​ក៏​ជា​កត្តា​មួយ​រុញ​តម្លៃ​មូលបត្រ​ឲ្យ​កាន់តែ​ធ្លាក់ចុះ​ថែមទៀត។

នៅថ្ងៃ​អង្គារ​នេះ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កណ្តាលអាមេរិក​​នឹង​ជួប​ប្រជុំ​គ្នា ដើម្បី​កំណត់​នយោបាយ​រូបិយវត្ថុ​។ ក៏ប៉ុន្តែ ចាប់តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ ឆ្នាំ​២០០៨​មក ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រើ​​ស្ទើរ​គ្រប់​​ស្នៀត​អស់ទៅហើយ។ អត្រាការប្រាក់​ក៏​បាន​បញ្ចុះ​​​ទាប ស្ទើរ​តែ​ដល់​កម្រិត​សូន្យ​ទៅ​ហើយ (០,២៥%)។ ចំណែក​​ការ​បោះពុម្ពលុយ​បន្ថែម​​​ក៏​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែររួចមកហើយ រហូតដល់​ទទួល​​រង​ការ​រិះគន់​​ពី​សំណាក់អ្នក​ជំនាញ​សេដ្ឋកិច្ច​អាមេរិក​ខ្លួន​ឯង​ទៀត​ផង។ ដូច្នេះ គេ​មិនរំពឹង​ថា ធនាគារកណ្តាល​អាមេរិក​នឹង​មាន​វិធានការ​ ​ពិសេស​អ្វី ដែល​មាន​ប្រសិទ្ធិភាព​ស្តារ​ស្ថានភាព​ទីផ្សារ​មូលបត្រ​​ពេលនេះ​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ