អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​​គណបក្ស​​ប្រឆាំង​ទៅ​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង​តែ​មិន​បាន​ចូល​ទេ​

ដូច​ការគ្រោងទុក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្តកំពង់ចាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី៤កុម្ភៈ​នេះ​ក្នុង​គោលបំណង​សួរសុខទុក្ខ​លោក វន់ ពៅ សកម្មជន​សិទ្ធិមនុស្ស និង​មនុស្ស ២២ នាក់​ផ្សេងទៀត​ដែល​អាជ្ញាធរ​ចាប់ឃុំខ្លួន​កាលពីដើម​ខែមករា។ ប៉ុន្តែ តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​អមដំណើរ​ដោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ជាច្រើន​នាក់​ផង​បាន​ត្រឹម​ជួបជុំគ្នា​ពីមុខ​ពន្ធនាគារ​ប៉ុណ្ណោះ ហើយក៏​ត្រឡប់មក​ភ្នំពេញ​វិញ​ដោយសារតែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​ជនជាប់ចោទ​ទេ។

លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ
លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ RFI/Nhim-Sophal
ផ្សាយពាណិជ្ជកម្ម

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី៤កុម្ភៈ​នេះ បន្ទាប់ពី​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម តែ​អាជ្ញាធរ​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូលជួប​ជនជាប់ចោទ។ 

លោក ហូ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ផង​សរុប​ប្រមាណ​ជាជាង ២០ នាក់​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​ជនជាប់ចោទ​ទេ។ ពួកគេ​បាន​ត្រឹម​ចែក​អំណោយ​ដល់​ក្រុមគ្រួសារ​ជនជាប់ចោទ​ហើយក៏​ត្រឡប់មក​ភ្នំពេញ​វិញ។ លោក ហូរ វ៉ាន់ បាន​សម្តែង​ការសោកស្តាយ​តែ​មិនបាន​សម្តែង​ការភ្ញាក់ផ្អើល​ទេ​ចំពោះ​បញ្ហា​នេះ​ពីព្រោះ​លោក​អះអាងថា​បាន​ស្គាល់​សារជាតិ​អាជ្ញាធរ​កម្ពុជា​រួចទៅហើយ។

គួរ​បញ្ជាក់ថា លោក វន់ ពៅ និង​តំណាង​សហជីព​កម្មករ​រួមទាំង​សកម្មជន​ដីធ្លី​សរុប ២៣ នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃទី២និង​ទី៣មករា​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុមបាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​ជាមួយ​កងកម្លាំង​យោធា​និង​រាជ​អាវុធហត្ថ។ អំពើហិង្សា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស៤នាក់​ស្លាប់​និង​រាប់សិប​នាក់​រងរបួស​ដោយ​គ្រាប់កាំភ្លើង​និង​ដំបង​របស់​សមត្ថកិច្ច។ ភាគី​សមត្ថកិច្ច​ក៏​ទទួលរង​របួស​មួយចំនួន​ដែរ​ដោយសារ​ការ​គប់​ដុំថ្ម​និង​វត្ថុ​រឹង​របស់​ក្រុមបាតុករ។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំង ២៣ នាក់​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ធ្លាប់បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប៉ុន្តែ តុលាការ​បាន​បដិសេធ។ សូម្បីតែ​ការសួរសុខទុក្ខ​អ្នក​ទាំងនោះ​ក៏ត្រូវ​បាន​អាជ្ញាធរ​កម្រិត​យ៉ាង​តឹ​រ៉ឹង​ដែរ។ ក្រៅពី​សាច់ញាតិ ក្រុមគ្រួសារ និង​មេធាវី អាជ្ញាធរ​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកណា​អាច​ចូល​សួរសុខទុក្ខ​ជនជាប់ចោទ​បានឡើយ​ក្រោម​ហេតុផល​ថា សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបអង្កេត​របស់​តុលាការ។ 

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សូម្បីតែ​គ្រួសារ​ជនជាប់ចោទ​ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​ចូលជួប​សួរសុខទុក្ខ​ដែរ​ដោយ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​ពុធ។ នេះ​បើ​យោងតាម​លោក ហូរ វ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ