អានតួអត្ថបទ
ជីហាត

UN ថាមាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ជាង២ម៉ឺននាក់​​ នៅ​ស៊ីរី និង​អ៊ីរ៉ាក់

​សព្វ​ថ្ងៃ​នេះ នៅ​ស៊ីរី និង​អ៊ីរ៉ាក់ គឺ​មាន​ពួកភេរវជន​​អ៊ីស្លាម​ជីហាត ចន្លោះ​២ម៉ឺន​ទៅ​៣ម៉ឺននាក់។ នេះបើ​តាម​របាយ​ការណ៍របស់​​អង្គការ​សហប្រជាជាតិ ​ចេញ​ផ្សាយ​ពីថ្ងៃ​ចន្ទ ទី​១៣សីហា​​។ ​របាយ​ការណ៍ដដែល​ បញ្ជាក់ថា បើ​ទោះ​បី​ជា​ពួក​សកម្ម​ប្រយុទ្ធជីហាត បាន​បរាជ័យ​បាក់​ទ័ពជា​​ច្រើន​កន្លែង​មកហើយក្តី ក៏​ប៉ុន្តែ​​ពួក​ក្រុម​ភេរវករជីហាតនេះ​ នៅតែ​មាន​ចំនួន​ច្រើន និង​គួរឲ្យ​បារម្ភ​នៅឡើយ។

សកម្ម​ជន​ជីហាត កំពុង​លើកទង់​ជាតិ​នៅ​ក្រុង Mosul
សកម្ម​ជន​ជីហាត កំពុង​លើកទង់​ជាតិ​នៅ​ក្រុង Mosul Reuters
ផ្សាយពាណិជ្ជកម្ម

ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត បាន​បាត់​​ដែន​ដី​គ្រប់​គ្រង​​ នៅ​ទីក្រុង​ម៉ូសូល (Mossoul) និង​រ៉ាកា (Raqa) កាលពី​ឆ្នាំ​២០១៧ ដោយសារតែ​​ក្រុម​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​វាយ​ដណ្តើម​បា​ន។ ពួក​ភេរវជន​ជីហាត បាន​បាក់ទ័ព​ អន់​ថយ​​កម្លាំង​ខ្លះ ប៉ុន្តែ​ក្រុម​គេ​នៅ​មាន​គ្នីគ្នា​ពពាក់​ពពូន​ចំនួន​ច្រើន​នៅឡើយ នៅក្នុង​ដែន​ដី​​ស៊ីរីនិង​អ៊ីរ៉ាក់។ ដែល​នេះហើយ​ទើប​ ​​អង្គការ​សហប្រជាជាតិ​ថ្លែង​ក្តី​ព្រួយ​បារម្ភ។

សូម​ជ្រាបថា ក្រុមការងារ​ទទួល​តាម​ដាន​ពួក​ភេរវជន​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​រៀបចំ​របាយការ​ណ៍​សិក្សា​ជា​ទៀត​ទាត់​ រៀង​រាល់៦ខែ​ម្តង ហើយ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។ សម្រាប់​ឆ្នាំ​២០១៨ តាំងពី​ដើម​ឆ្នាំ​រហូត​មកដល់​ពេលនេះ ​អង្គការ​សហប្រជាជាតិ​ បាន​វាយតម្លៃ​ថា ពួកយុទ្ធជន​ជីហាត​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ ក្នុង​ប្រទេស​ទាំង​ពីរ។ ហើយ​ក្រៅ​ពីនេះ គឺ​នៅ​មា​នសកម្ម​ប្រយុទ្ធ​ ជា​ច្រើន​ទៀត​ ដែល​នៅ​បង្កប់​ខ្លួន​រាយ​ប៉ាយ​នៅ​ក្នុង​ប្រទេស​ដទៃ​ផ្សេង​ទៀត។

តួយ៉ាង​ នៅលីបី មាន​ពួក​កង​ទ័ព​ភេរវជន​ជីហាត ពី​៣ពាន់ ទៅ​៤ពាន់នាក់ ដែល​មានតាំង​មូល​ដ្ឋាន​​ច្បាស់​លាស់។ ពួក​នេះ មាន​ក្រុម​មេខ្លោងក្បាល​ម៉ាស៊ីន​​សម្រាប់ប្រតិបត្តិការ ​បញ្ជាចេញពី​អាហ្វហ្គានីស្ថាន។ ហើយ​នៅ​ក្នុង​ទឹក​ដី​អាហ្វហ្គានីស្ថានផ្ទាល់​តែម្តង​នោះ គឺ​ពួក​ប្រដាប់​អាវុធ​ជីហាត មា​នប្រមាណ​ជា​​៤ពាន់​​៥រយនាក់​។ ​ចំនួន​នេះ អង្គការ​សហប្រជាជាតិ កត់​សម្គាល់​ថា​មាន​ការ​កើន​ឡើង​។​  ​ ចំ​ណែក​នៅ យ៉េមែនវិញ​ យ៉ាង​ហោច មាន​ពួក​ជីហាត ដែល​ជា​កង​ប្រដាប់​អាវុធ​តែម្តង មាន​ជាង​៥០០នាក់។ នេះ​គេ​នៅ​មិន​ទាន់​រាប់ ពីពួក​ភេរវជន​​អាល់កៃដា ដែល​មាន​ជាង​៦ពាន់នាក់ ​នៅ​យេម៉ែន​នោះផង។ ក្រៅ​ពីនេះ ពួក​គេ​បាន​បណ្តុះ​ខ្លួន មាន​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ផង។

ចំនួន​ជីហាត​មាន​នៅ​រាយ​ប៉ាយ​ច្រើន​ប្រទេស ជារឿងគួរ​​ព្រួយ​មួយ​ទៅហើយ តែក្តី​បារម្ភ​មួយ​ផ្សេង​ទៀត របស់​អង្គការ​សហប្រជាជាតិ គឺខ្លាច​ក្រែង សមាជិក​​ក្រុម​គ្រួសារ​របស់​ពួក​ជីហាត ដែលកំពុង​​ត្រូវ​ទទួល​ទំនុក​ប្រមុង ​ឲ្យ​ស្នាក់​នៅ​ក្នុង​ជំរំជន​ភៀស​ខ្លួន បែរ​ជា​ប្រែវិវត្តិ​ខ្លួន ទៅ​ជា​ជីហាត​ទៅវិញ​។ ក្តី​បារម្ភ​នេះ កើត​មាន​ទៅលើ​ជំរំរ៉ុកបាន ( Rokbane) ដែល​មើល​ខុស​ត្រូវ​ដោយ​អាមេរិក នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ