អានតួអត្ថបទ
អ.ស.ប.-កូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប​ត្រៀម​ពិភាក្សា​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​មួយ​ក្នុង​ខែ​ធ្នូ​នេះ​ដើម្បី​សិក្សា​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​សមាជិក ១០ប្រទេស​ក្នុង​ចំណោម​សមាជិក​ទំាង ១៥ប្រទេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ។ តែ​ជម្រើស​ថ្ងៃ​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ណា​នោះ​នៅ​មិន​បាន​កំណត់​នៅ​ឡើយ​ទេ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ប្រទេស​ឆាដ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន។

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប​ត្រៀម​ពិភាក្សា​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប​ត្រៀម​ពិភាក្សា​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

សំណើ​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្តើម​សិក្សា​ករណី​រំលោភ​សិទ្ធមនុស្ស​នៅ​កូរ៉េខាងជើង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃ​សុក្រ ទី៥ ធ្នូ។ គឺ​ជា​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស ១០ ក្នុង​ចំណោម​ប្រទេស​ទំាង ១៥ ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេស​ហត្ថលេខី​ទំាង ១០នោះ​មាន អូស្រ្តាលី បារំាង អាមេរិក អង់គ្លេស ឈីលី លុចសំបួ រវ៉ាន់ដា ហ្ស៊កដានី លីទុយអានី និង​កូរ៉េខាងត្បូង។ ពួក​គេ​បាន​សម្តែង​ក្តីព្រួយបារម្ភ​ខ្លំាង​ចំពោះ​ស្ថានការណ៍ និង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កូរ៉េខាងជើង ដោយ​បាន​ស្នើ​ឲ្យ​បញ្ចូល​សំណុំរឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ក្នុង​ខែ​ធ្នូ​នេះ។ នៅ​ក្នុង​លិខិត​ដដែល​នោះ ប្រទេស​ហត្ថលេខី​ទំាង ១០ បាន​យល់​ឃើញ​ថា ទង្វើ​រំលោភ​សិទ្ធិមនុស្ស​របស់​របប​ក្រុង​ព្យុងយ៉ាង​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់ ព្រម​ទំាង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។

គួរ​រម្លឹក​ជូន​ថា​នៅ​ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បញ្ជូន​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ទៅ​កាន់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ។ សេចក្តីសម្រេចចិត្ត​នោះ​ពុំ​មាន​លក្ខណៈ​បង្ខិតបង្ខំ​ទេ និង​ដែល​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​របាយការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​អ.ស.ប. ចេញ​ផ្សាយ​កាល​ពី​ដំណាច់ខែ​កុម្ភៈ​កន្លង​ទៅ។ របាយការណ៍​ដែល​បាន​បង្ហាញ​ពី​ការ​បាត់បង់​ជីវិត​អ្នកទោស​នយោបាយ​រាប់សិបពាន់​នាក់​ក្នុង​រយៈពេល ៥០ឆ្នំា​ចុងក្រោយ​នេះ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង និង​មាន​រាប់សិប​ម៉ឺននាក់​ផ្សេង​ទៀត​កំពុង​បន្ត​ដេក​ក្នុង​គុក​សព្វថ្ងៃ។ ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆំាង​លើ​របាយការណ៍​នោះ ព្រម​ទំាង​គំរាម​សងសឹក​តាម​រយៈ​ការ​សាងល្បង​នុយក្លេអ៊ែរ​ថ្មីៗ​ទៀត។

បើ​យោង​តាម​ប្រភព​ពី​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ដឹង​ថា ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​នឹង​ចេញ​មុខ​ជំទាស់​នឹង​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​ក្រុង​ព្យុងយ៉ាង ព្រោះ​ប៉េកំាង និង​មូស្គូ​ជា​សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​សិទ្ធិ​វ៉េតូ។ ក្រៅ​ពី​រុស្ស៊ី និង​ចិន នៅ​មាន​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ៣ទៀត គឺ​ឆាដ អាហ្សង់ទីន និង​នីហ្សេរីយ៉ា​ដែល​មិន​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ហត្ថលេខី​ទំាង ១០នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ