អានតួអត្ថបទ
ភូមា

អង្គការ​​សហ​ប្រជាជាតិ​​​ស្នើ​​បើក​ការ​​ស៊ើប​អង្កេត​លើ​ហិង្សា​​នៅ​​ភាគ​ខាងលិច​​ភូមា​

ថ្ងៃអង្គារ​នេះ អង្គការ​សហប្រជាជាតិ​បាន​ស្នើ​អោយ​​មាន​ការស៊ើ់បអង្កេត​លើ​ហេតុការណ៍​ដែល​ទាហាន​ភូមា​​​បាន​សម្លាប់​ជនស៊ីវិល នៅ​ភាគខាងលិច​ភូមា បូករួម​ទាំង​អគ្គិភ័យ​នៅ​តាម​ភូមិ​ផ្សេងៗ​នៅ​ទីនោះ​ផងដែរ។ ​​ហិង្សា​ទាំងនេះ បានធ្វើអោយ​មាន​មនុស្ស​ភៀសខ្លួន​ ​រាប់ពាន់​នាក់ ក្នុង​ពេល​ប៉ុន្មានស​ប្តាហ៍​ចុងក្រោយ​នេះ។ 

អ្នកស្រុក​នាំគ្នា​ភៀសខ្លួន​ពី​ក្រុង​​ម៉ោងដាវ នៅ​រដ្ឋរ៉ាក់ឃីន ភាគខាងលិច​​ ​ថ្ងៃ១៣តុលា ២០១៦
អ្នកស្រុក​នាំគ្នា​ភៀសខ្លួន​ពី​ក្រុង​​ម៉ោងដាវ នៅ​រដ្ឋរ៉ាក់ឃីន ភាគខាងលិច​​ ​ថ្ងៃ១៣តុលា ២០១៦ STR / AFP
ផ្សាយពាណិជ្ជកម្ម

ប្រភព​ដំបូង​នៃ​​ហិង្សា​នៅ​ភាគខាងលិច​ភូមា គឺ​ដោយសារ​តែ​មាន​ហិង្សា​វាយ​ប្រហារ​​ទៅលើ​ប៉ុស្តិ៍​ប៉ូលិសច្រើនកន្លែង​​​ កាលពី​ដើមខែ​តុលា នៅ​រដ្ឋរ៉ាក់ឃីន ជាប់ព្រំដែន​បង់ក្លាដែស។ រដ្ឋាភិបាល​ភូមា​បាន​ចោទថា ​ហិង្សា​ទាំងនេះ​ជាស្នាដៃ​​​​​ជនជាតិ​រ៉ូហ៊ីងយ៉ាស​រាប់រយនាក់​ ដែល​ទទួលបាន​ការ​បណ្តុះបណ្តាល​ពី​ក្រុមតាលីបង់។ រដ្ឋាភិបាល​បន្ថែមថា ដោយសារ​មូលហេតុ​ដូច្នេះ ទើប​បានជា​កងទ័ព​ភូមា​បាន​ធ្វើ​សកម្មភាពបង្ក្រាប​ពួកគេ។

តាំង​ពី​បើក​យុទ្ធនាការ​បង្ក្រាប​មក តំបន់​នៅ​ទីនោះ​ត្រូវបាន​បិទខ្ទប់។ ​​ការបញ្ជូន​​ស្បៀង​​​ម្ហូប អាហារ​​​អោយ​​​​មនុស្សជាង​១សែននាក់​នៅទីនោះ ​ត្រូវបាន​ផ្អាក។

ល្ងាច​ថ្ងៃចន្ទ​កន្លងទៅ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ តប​ទៅ​រដ្ឋាភិបា​លភូមា​ថា អាជ្ញាធរ​ភូមា​មិនអាច​​​​លើកហេតុផល​​​ថា បាន​សម្លាប់​ជនសង្ស័យ​ទាំងឡាយ​​​​​ ដោយសារ​តែ​​សម្អាង​លើ​មូលហេតុហិង្សា​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ភូមា​ទេ។ អង្គការ​សហប្រជាជាតិ​លើកឡើងទៀត​​ថា អគ្គិភ័យ​ផ្ទះសម្បែង ​និង​វិហារ​សាសនា​អ៊ីស្លាម​ច្រើន​កន្លែង បូករួម​ទាំង​​មនុស្ស​មួយចំនួន​ដែលត្រូវ​គេ​សម្លាប់់-ហេតុការណ៍​ទាំងនេះ​គឺ​មិនអាច​អោយ​គេ​ទទួលយក​បានទេ។

កងទ័ព​ភូមា​ប្រាប់ថា មានមនុស្ស​៣១នាក់​ត្រូវបាន​សម្លាប់​ តាំង​ពី​ដើមខែ​តុលា​មក។ ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ប្រាប់ថា តួលេខ​​ជនរងគ្រោះ​​មាន​ច្រើន​ជាងនេះ។ អ្នកភូមិ​ម្នាក់​ប្រាប់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ​​អាជ្ញាធរ​ភូមា​បាន​ជំរុញ​អោយជនជាតិ​រ៉ូហ៊ីង​យ៉ា​រាប់ពាន់​នាក់ ​ចាកចេញ​​​ពី​ផ្ទះសម្បែង​ពួកគេ។

តាមរយៈ​ហិង្សា​នៅ​ភាគខាងលិច​ភូមា គេ​បារម្ភ​ថា ហិង្សា​សហគមន៍សាសនា​​អាច​នឹង​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត ដូចកាលពី​ឆ្នាំ​២០១២ដែរ។ កាលនោះ ហិង្សា​បាន​សម្លាប់​​មនុស្សជាង​​២០០នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ