អានតួអត្ថបទ
អង្គការ​សុខភាពពិភពលោក

អង្គការ​សុខភាព​ពិភពលោក៖​​ស្រា​សម្លាប់​​មនុស្ស​៣លាន​៣សែននាក់​ ក្នុង​មួយឆ្នាំៗ​

អង្គការ​សហប្រជាជាតិ​បាន​​ប្រកាស​សញ្ញា​អាសន្ន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្នុង​​​មួយឆ្នាំៗ​ ស្រា​​បាន​សម្លាប់​​មនុស្ស​ប្រមាណ​៣លាន​៣សែន​នាក់ គឺច្រើន​លើស​ពី​ជំងឺ​ស៊ីដា ជំងឺ​របេង​ រឺក៏​អំពើ​ហិង្សា​ទៅទៀត។ យោងតាម​អង្គការ​សុខភាព​ពិភពលោក​ ជំងឺ​ជាង​២០០ គឺ​មាន​ជាប់​ពាក់ព័ន្ធ​​​នឹង​ការ​ទទួលទាន​ស្រា។ អង្គការ​សុខភាព​ពិភពលោក​​បានបរិហារ​​អាជ្ញាធរ​គ្រប់​រូប ថា​មិនបាន​ធ្វើ​សកម្មភាព​គ្រប់គ្រាន់ ដើម្បីទប់ស្កាត់​បញ្ហា​នេះ។

យោងតាម​អង្គការ​សុខភាព​ពិភពលោក ​ស្រា​សម្លាប់​មនុស្ស​ច្រើន​ជាងជំងឺ​ស៊ីដា​ទៅទៀត។
យោងតាម​អង្គការ​សុខភាព​ពិភពលោក ​ស្រា​សម្លាប់​មនុស្ស​ច្រើន​ជាងជំងឺ​ស៊ីដា​ទៅទៀត។ REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

យោងតាម​​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ឆ្នាំ​២០១២ មនុស្ស​៣លាន៣សែន​នាក់​ បាន​​ ស្លាប់​ដោយសារ​បាន​សេពស្រា​ ជា​គ្រឿង​ស្រវឹង។ គិត​ជា​តួលេខគឺ ក្នុង​មួយឆ្នាំៗ ​មាន​ម្នាក់​ស្លាប់​ដោយ​ផឹកស្រា​ ក្នុង​ចំណោម​មនុស្ស​សរុប​២០នាក់។ នេះ​ជាតួលេខ​កើនឡើង​ខ្ពស់​ ប្រៀប​​នឹង​​​ឆ្នាំ​២០០៥  ដែលកាលណោះ ​មាន​ជនរងគ្រោះ​ស្លាប់​ដោយ​ការ​សេពគ្រឿង​ស្រវឹង​​ត្រឹម​តែ​​២លាន​៥សែន​​នាក់ប៉ុណ្ណោះ។ 

ស្រា​បាន​ក្លាយ​ជា​អាវុធ​សម្លាប់​មនុស្ស​ខ្ពស់​ជា​ងជំងឺ​ស៊ីដា របេង ជំងឺ​ឆ្លង ​រឺ​​អំពើ​ហិង្សា​នានា​ទៅទៀត។ រៀងរាល់​ឆ្នាំ ​មនុស្ស​ស្លាប់​៥,៩ភាគរយ ក្នុង​ពិភពលោក ​មាន ជាប់ពាក់ព័ន្ធ​នឹង​ការ​សេព​សុរា។ យោងតាម​អង្គការ​សុខភាពពិភពលោក ​ប្រទេស​ទទួល​ទាន​ស្រា​ខ្ពស់​ ក្នុង​ឆ្នាំ​២០១០ មាន​រុស្ស៊ី បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​ ពរទុយហ្កាល់ ប្រទេស​ភាគច្រើន​នៅ​សហភាព​អឺរ៉ុប ​កាណាដា អូស្រ្តាលី ​និង​អាហ្វ្រិកខាងត្បូង។ ថ្វីបើ​បណ្តាប្រទេសអ្នកមាន​​នៅ​ទ្វីប​​អឺរ៉ុប និងអាមេរិក ជា​ប្រទេស​​ទទួលទាន​ស្រា​​​ច្រើនជាងគេ​ក៏ពិតមែន បរិមាណ​ស្រា​ដែល​ប្រើប្រាស់​ក្នុង​ស្រុក​ មិនបាន​ប្រែប្រួល​ទេ ក្នុងពេល​កន្លងមក។​ ​

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បណ្តាប្រទេស​អាស៊ី មាន​​ឥណ្ឌា ​និង​ចិន​​ បានចាប់​ផ្តើម​​ប្រើប្រាស់​​ស្រា​ក្នុង​បរិមាណ​​ខ្ពស់។ អង្គការ​សុខភាព​ពិភពលោក​​រំពឹង​ទុក​​ថា ពីពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៥​ ប្រជាជន​​ចិន​នឹង​​ទទួលទាន​ស្រា ក្នុង​ម្នាក់ៗ​​​ប្រមាណ​១លីត្រ​កន្លះ។ ​​ ក្នុង​ឆ្នាំ​២០១២ ក្នុង​ពិភពលោក ​បរិមាណ​​ស្រា​ដែល​មនុស្ស​​អាយុ​ចាប់​ពី ១៥ឆ្នាំ​ឡើង​ទៅ បាន​​បាន​ទទួល​ទាន​​ ​មាន​ដល់​ជាង​៦លីត្រ​ គិតក្នុង​មនុស្ស​ម្នាក់ៗ។ ហើយ​១ភាគ៣ ស្ថិត​ក្រៅ​ការគ្រប់គ្រង​របស់​អាជ្ញាធរ។

អង្គការ​សហប្រជាជាតិ​បាន​សំដែង​​ការបារម្ភ នៅថ្ងៃ​ចន្ទ​នេះ និងព្រមាន​ថា ​​​ស្ថានភាព​នេះ កាន់តែ​​ធ្លាក់ដុនដាប​ថែមទៀត ប្រសិន​បើ​គ្មាន​វិធានការ​​ទប់ស្កាត់​ខ្ពស់​បន្ថែម​ទេនោះ ពិសេស​នៅ​តាម​បណ្តា​​ប្រទេស​​មានប្រជាជន​ច្រើន​ ​ដែល​​​​កម្រិត​ជីវភាព​រស់នៅ​នឹង​ត្រូវ​​កើនខ្ពស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ