អានតួអត្ថបទ
ចិន-អាមេរិក

អូបាម៉ាទូរស័ព្ទ​ទៅ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ចិន​ឲ្យ​គាំទ្រ​ទណ្ឌកម្ម​លើ​អៀរ៉ង់

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១ មេសា ២០១០ លោក​អូបាម៉ា បាន​ទូរស័ព្ទ​​ជួប​សន្ទនា​ជាមួយ​លោក​ហ៊ូ ជីនតាវ ប្រធានាធិបតី​ចិន អស់រយៈពេលប្រមាណ​ជា ១ម៉ោង។ ការសន្ទនា​គ្នា រហូតដល់​ទៅ​១ម៉ោងនេះ ធ្វើ​ឡើង​ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ និង​ជាពិសេស លោក​អូបាម៉ា ចង់​​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ចិន ឲ្យ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើអៀរ៉ង់។

លោក​អូបាម៉ា និង​លោក​ហ៊ូ​ ជិនតាវ នៅប៉េកាំង កាលពីថ្ងៃ​ទី១៧ កញ្ញា ២០០៩
លោក​អូបាម៉ា និង​លោក​ហ៊ូ​ ជិនតាវ នៅប៉េកាំង កាលពីថ្ងៃ​ទី១៧ កញ្ញា ២០០៩ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងការសន្ទនា​តាមទូរស័ព្ទ រយៈពេល ១ម៉ោង​នេះ លោក​អូបាម៉ា បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​របស់​ចិន ក្នុងការ​ធ្វើ​យ៉ាងណា​ឲ្យ​អៀរ៉ង់​គោរព​ទៅតាម​កាតព្វកិច្ច​របស់ខ្លួន ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។

ចំណែក លោក​ហ៊ូ ជីនតាវ​ វិញ បាន​ទាមទារ​ឲ្យ​​មាន​ទំនាក់ទំនង ប្រកប​ដោយ​ស្ថិរភាព រវាង​​អាមេរិក និង​ចិន។

ប្រធានាធិបតី​ទាំង​ពីរ ក៏​បាន​ជជែក​គ្នា​ផង​ដែរ អំពី បញ្ហា​កោះតៃវ៉ាន់ បញ្ហា​ទីបេ និង​ការអនុវត្ត​កិច្ចព្រមព្រៀង​របស់ G20 ជុំវិញ​បញ្ហា​សេដ្ឋកិច្ច។

គួរ​រំឭកថា ភាពតានតឹង​ផ្នែក​ការទូត​ រវាង ចិន និង​អាមេរិក​ នាពេល​ថ្មីៗនេះ គឺ​កើត​ឡើង​ពី​រឿង​ចិន​មិនព្រម​ដំឡើង​ថ្លៃ​លុយ​យ័ន រឿង​លោក​អូបាម៉ា​ទទួល​ជួប​សម្រេច​សង្ឃ​ដាឡៃ ឡាម៉ា រឿង​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ និង​រឿងរ៉ាវជុំវិញ​ក្រុមហ៊ុន Google របស់​អាមេរិក។

ក៏ប៉ុន្តែ នៅពេល​ដែល​​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​កាន់តែ​ចោទ​ជា​បញ្ហា​ខ្លាំងឡើង អាមេរិក ក៏​កំពុង​តែ​ត្រូវការ​ចិន​ខ្លាំង​ដែរ ព្រោះ​ចិន គឺ​ជា​អ្នកកាន់កូនសោរ ក្នុង​រឿង​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់។

កាល​ពី​ដើមសប្តាហ៍នេះ លោក​អូបាម៉ាបាន​ថ្លែង​ថា លោក​ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់​ឲ្យ​បាន​ក្នុងពេល​ឆាប់ៗ។ ក៏ប៉ុន្តែ ឧបសគ្គ​ក្នុង​រឿងនេះ គឺ​ការ​ជំទាស់​ពីចិន ដែល​មាន​សិទ្ធិវ៉េតូ។

កាល​ពីយប់​ថ្ងៃ​ពុធ រដ្ឋាភិបាល​អាមេរិក ​បាន​ប្រកាស​​ថា ចិន​បាន​សុខចិត្ត​ចូល​រួម​ជជែក​រឿង​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់​ហើយ។ ក៏ប៉ុន្តែ ការចរចា​នេះ​នៅមិនទាន់​ចាប់​ផ្តើម​នៅឡើយទេ។

មួយ​ថ្ងៃ​ក្រោយ​ពី​ការប្រកាស​នេះ ពោលគឺ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អៀរ៉ង់​បាន​បញ្ជូន​មន្រ្តី​ជាន់ខ្ពស់​របស់ខ្លួន​ម្នាក់ ដែល​ជា​អ្នកទទួលបន្ទុក​សំណុំរឿង​នុយក្លេអ៊ែរ ឲ្យ​ទៅ​ជួប​មន្ត្រីចិន។

ក្រោយ​ពី​បាន​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​អៀរ៉ង់ រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ចិន​នៅតែ​មាន​បំណង​ចង់​ឲ្យ​​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ តាមរយៈការចរចា។ ក៏ប៉ុន្តែ លើក​នេះ រដ្ឋមន្រ្តីការបរទេស​ចិន​មិន​បាន​​​ថ្លែង​ជំទាស់​នឹង​ការដាក់ទណ្ឌកម្ម ដូចពេលមុនៗ​ទៀតទេ។

យុទ្ធសាស្រ្ត​របស់​ចិន ដែល​ទុក​រឿង​អៀរ៉ង់ ក្នុង​ភាព​ស្រពិចស្រពិល​បែបនេះ គឺ​ដើម្បី​ងាយស្រួល​ ក្នុងពេល​ចរចា ជាមួយ​ប្រទេស​មហាអំណាច​ផ្សេង​ទៀត ក្នុង​ក្រុមប្រឹក្សាសន្តិសុខ។ គេរំពឹង​ថា ក្នុងការចរចា​នេះ មុន​នឹង​គាំទ្រ​ការដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់ ចិន​ប្រាកដ​ជា​ទាមទារ​ឲ្យ​មាន​ការកែប្រែ ឬ​លុបចោល​វិធានការ​មួយចំនួន ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្មនេះ ជៀសវាង​កុំ​ឲ្យ​ខូច​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ចិន។

គួរ​បញ្ជាក់ថា ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​អៀរ៉ង់ ជាពិសេស អៀរ៉ង់ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ