អានតួអត្ថបទ
អាមេរិក-ជប៉ុន

អូបាម៉ា​ទូរស័ព្ទ​ទៅ​អបអរ​សាទរ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន

ក្រោយ​ពី​រដ្ឋសភា​ជប៉ុន​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​លោក​ ណាអូតូ កាន់ (Naoto Kan) ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថ្មី លោក​អូបាម៉ា​បាន​ទូរស័ព្ទ​ទៅអបអរសាទរ​​ការឡើង​កាន់តំណែង​ថ្មីនេះ។​ មេដឹកនាំ​ទាំងពីរ​​បាន​សន្យា​ថា​នឹង​សហការ​គ្នា​ ក្នុង​ការដោះស្រាយ​បញ្ហា​ធំៗ​មួយចំនួន រាប់​ចាប់​តាំង​ពី​បញ្ហា​កូរ៉េ​ខាងជើង រហូត​ដល់​បញ្ហា​បន្ទាយ​ទ័ព​អាមេរិក​ នៅ​អូគីណាវ៉ា។

លោក​អូបាម៉ា និង​លោក​ណាអូតូ កាន់
លោក​អូបាម៉ា និង​លោក​ណាអូតូ កាន់ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:09

សេចក្តីរាយការណ៍​របស់ សេង ឌីណា

លោក​ណាអូតូ កាន់ អាយុ ៦៣​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ឲ្យ​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន ជំនួស​លោក​ហាតូយ៉ាម៉ា ដែល​បាន​លាលែង​ពីតំណែង។ លោក​ណាអូតូ កាន់ ដែល​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន ទី៥ ក្នុង​រយៈពេល​​តែ​ជាង​៣ឆ្នាំ​នោះ ឡើង​មក​កាន់តំណែង​ក្នុង​ពេល​ដែល​ជប៉ុន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​ជាច្រើន រួមមាន​ ការ​កាត់បន្ថយ​បំណុល​របស់​រដ្ឋ ដែល​មាន​ទំហំ​ធំធេង​ហួសហេតុ។ ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន នៅ​ក្នុង​បរិបទ​វិបត្តិ​សេដ្ឋកិច្ច​ផង និង​ក្នុង​​​សង្គម​ជប៉ុន ដែល​មនុស្ស​​វ័យចំណាស់​ធ្វើ​ការលែងកើត មាន​ចំនួន​កាន់តែ​ច្រើនផង។ នៅ​ក្នុង​កិច្ចការបរទេស​វិញ ជប៉ុន​ត្រូវ​​ស្វែងរក​តុល្យភាព​រវាង​​ ម្ខាង​ ទំនាក់ទំនង​ជាមួយ​អាមេរិក ដែល​ជាសម្ព័ន្ធមិត្ត​ចាស់ឆ្នាំ និង​ ម្ខាងទៀត​ ទំនាក់ទំនង​ជាមួយ​ចិន ដែល​ជា​មហាអំណាច​ជាន់ថ្មី និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ចម្បង​របស់​ជប៉ុន។

នៅ​ក្នុង​ការ​សន្ទនា​តាមទូរស័ព្ទ កាល​ពី​យប់​ម្សិលមិញ លោក​អូបាម៉ា និង​លោក​ណាអូតូ កាន់ បាន​ផ្តល់​សារៈសំខាន់​ជាពិសេស ចំពោះ​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន ហើយ​បាន​​​សន្យា​ជាមួយ​គ្នា​​ថា នឹង​សហការ​គ្នា​យ៉ាងជិតស្និទ្ធិ​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ធំៗ ដែល​អាមេរិក និង​ជប៉ុន កំពុង​ប្រឈមមុខ ក្នុង​នោះ​ ក៏មាន​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់ និង​កូរ៉េ​ខាង​ជើង​ផងដែរ។

លោក​ណាអូតូ កាន់ ក៏បាន​សន្យាផងដែរថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដោះស្រាយ​បញ្ហា​ទីតាំង​ទ័ព​អាមេរិក​ នៅ​កោះ​អូគីណាវ៉ា​ឲ្យ​បាន។ គួររំឭក​ឡើងវិញ​ថា វត្តមាន​កងទ័ព​អាមេរិក នៅ​កោះ​អូគីណាវ៉ា​នេះ​ហើយ ដែល​ជា​បញ្ហា​ចម្បង​ជំរុញ​ឲ្យ​លោក​ហាតូយ៉ាម៉ា​លាលែង​ពីតំណែង។ លោក​ណាអូតូ កាន់​ បាន​ព្រមព្រៀង​ថា​នឹង​គោរពតាម​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​មុន​បាន​ចុះជាមួយ​អាមេរិក ពោលគឺ រើ​បន្ទាយទ័ព​អាមេរិក​ចេញ​ពី​ទីប្រជុំជន ទៅ​កាន់​កន្លែងថ្មីមួយ​ ប៉ុន្តែ ស្ថិតនៅ​លើ​កោះអូគីណាវ៉ា​ដដែល។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ រដ្ឋាភិបាល​ជប៉ុន​នៅមិនទាន់​រក​បាន​ទីតាំង​ថ្មី​នេះ​នៅឡើយទេ។ បើ​មើលទៅលើ​សន្ទុះនៃ​ចលនា​ប្រឆាំង​របស់​​អ្នក​រស់​នៅ​លើ​កោះអូគីណាវ៉ា ការ​រក​ទីតាំង​ថ្មី សម្រាប់​បន្ទាយទ័ព​អាមេរិកនេះ ប្រាកដ​ជា​​មិន​ងាយស្រួល​នោះទេ។

លោក​អូបាម៉ា និង​លោក​ណាអូតូ កាន់ នឹង​ជួបគ្នា​ជាលើក​ទី១ នៅ​ក្នុង​កិច្ចប្រជុំកំពូល​​ក្រុមប្រទេស G8 និង G20 ដែល​នឹង​រៀបចំធ្វើ នៅ​កាណាដា នៅចុង​ខែ​មិថុនា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ