អានតួអត្ថបទ
ថៃ

ថៃ​​មាន​​ព្រះ​មហាក្សត្រ​​ថ្មី​

តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ព្រះអង្គម្ចាស់​មហា​វជ្ជរ៉ា ឡុងកន​ បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​ថៃ ស្របតាម​និតិវិធី​នៃ​ការ​ស្នង​រាជ្យ បន្ត​ពី​ព្រះបិតា​​ភូមិបុល ដែល​បាន​ចូលទិវង្គត កាលពី​ថ្ងៃ​១៣តុលា។ ពិធី​ឡើង​សោយរាជ្យ​នឹង​ធ្វើក្រោយ​ពេល​ថៃ​បូជាសព​ព្រះចៅ​ភូមិបុល​រួចរាល់ ប្រហែល​ជា​មួយឆ្នាំ​ទៀត។​​ 

ព្រះមហាក្សត្រ​ថៃ​ថ្មី រ៉ាម៉ាទី១០
ព្រះមហាក្សត្រ​ថៃ​ថ្មី រ៉ាម៉ាទី១០ Reuters
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​មិនទាន់​មានពិធី​សោយរាជ្យ ក៏​​ព្រះអង្គម្ចាស់ មហា​វជ្ជរ៉ា ឡុងកន​ បាន​ក្លាយ​ជា​ស្តេចថៃ​​ហើយ ស្របតាម​និតិវិធី​ស្នងរាជ្យ។ ព្រះអង្គ​មាន​​​បរមនាម​ជា​ផ្លូវការ​ថា​ ​​រ៉ាម៉ា​ទី១០ សម្រាប់​រាជវង្ស​ចក្រី​ចំណាស់​២៣៤ឆ្នាំ។ ​មហា​​វជ្ជរ៉ា ឡុងកន​ ​លើកឡើងថា​​ ព្រះអង្គ​បាន​បំពេញ​​​តាម​បំណង​របស់​បិតា​ព្រះអង្គ​ហើយ​​ ដើម្បី​ប្រជារាស្ត្រ​ថៃ។ ​

ម្សិលមិញ​ គេលឺ​សូរ​ការទូងស្គរ នៅតាម​វត្តនានា​​ ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​​មាន​ការ​ប្រកាស​​​​ថា ​​​មហាវជ្ជរ៉ា ឡុងកន បាន​ក្លាយ​ជា​​ព្រះមហាក្សត្រ​ថៃ​ថ្មី​។ ​ការ​ប្រកាស​នេះ​ជា​​​ការ​បិទ​បញ្ចប់​ស្ថានការណ៍​នយោបាយ​មិនច្បាស់លាស់​នៅ​ថៃ បន្ទាប់​ពី​ថៃ​គ្មាន​ស្តេច តាំងពី​ថ្ងៃ​១៣​តុលា​មក។ ពោលគឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះចៅ​ភូមិបុល ចូល​ទិវង្គតមក។ ​

គួររំលឹក​ថា ក្រោយ​ព្រះចៅ​ភូមិបុល​ចូលទិវង្គត​ ព្រះអង្គម្ចាស់​​​មហា​វជ្ជរ៉ា​ ឡុងកន ​​មិនចង់​​ឡើង​សោយរាជ្យ​​​​ភ្លាមៗ​ទេ ដោយបាន​​​សុំអោយ​ទុក​ពេលវេលាអោយព្រះអង្គ​​មួយរយៈ​សិន​​ មុននឹង​ព្រះអង្គ​​ឡើង​សោយរាជ្យ។ ​ព្រះអង្គ​គ្មាន​ប្រជាប្រិយភាពដូចព្រះចៅ​ភូមិបុល​ជាបិតា​ ដែល​បានសោយរាជ្យ​៧០ឆ្នាំមកនោះ​ទេ។

ព្រះអង្គ​មិនសូវ​ជា​មា​នវត្តមាន​ក្នុងស្រុក​ ច្រើន​​​​រស់នៅ​ប្រទេស​អាល្លឺម៉ង់​ ហេតុ​នេះហើយ​ទើប​ប្រជាជន​មិនសូវជា​ស្គាល់ព្រះអង្គ​ ដូចជា​ព្រះចៅ​ភូមិបុល​ទេ។​ ដោយសារ​មូលហេតុ​នេះ ​​​ក្រុមប្រឹក្សា​ព្រះបរមរាជវាំង​​បាន​​ចោទជា​​សំណួរ​​ចំពោះ​បុគ្គលិក​លក្ខណៈ​របស់​ព្រះអង្គ​វជ្ជរ៉ា ឡុងកន​។ ​

​គិត​ដល់​ត្រឹមថ្ងៃព្រហស្បតិ៍​​ម្សិលមិញ​ ព្រះចៅ​ភូមិបុល​បានចូលទីវង្គត​៥០ថ្ងៃហើយ។ ព្រះអង្គ​នៅតែ​ត្រូវ​ប្រជាជន​កាន់ទុក្ខ និង​បន្ត​​គោរព​ដូច​ព្រះ។ ម្សិលមិញ​នេះ ​​ព្រះបរមរាជវាំង​បាន​រៀបចំ​ពិធី​បុណ្យ​ឧទ្ទិស​ដល់​ព្រះអង្គ​ ដោយ​មានវត្តមាន​របស់​​ព្រះមហាក្សត្រ​ថ្មី មហាវជ្ជរ៉ា ឡុងកន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ