អានតួអត្ថបទ
កម្ពុជា

សហ​មេធាវី​លោក នួន ជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​

ក្នុង​សវនាការ​បិទ​បញ្ចប់​ការ​សន្និដ្ឋាន​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២២​តុលា​នេះ ដល់​វេន​សហមេធាវី​ការពារ​លោកនួន ជា ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន។ ទាំង សហមេធាវី​បរទេស និង​សហមេធាវី​ជាតិ​របស់​លោកនួន ជាបាន​ច្រាន​ចោល​ឯកសារ​ភស្តុតាង​ជា​ច្រើន​របស់​សហ​ព្រះរាជអាជ្ញា ដែល​ដាក់​បន្ទុក​លើ​កូន​ក្តី​របស់​ខ្លួន។ ប៉ុន្តែ ​គេ​នៅ​មិន​ទាន់​បាន​លឺ នួន ជា ថ្លែង​ការពារ​ខ្លួន​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ។

នួន ជា នៅ​ក្នុង​សវនការ។
នួន ជា នៅ​ក្នុង​សវនការ។ @ECCC
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​អង្គារ​នេះ សហមេធាវី​របស់ នួន ជា បាន​ប្តូរ​វេន​គ្នា​ឡើង​ថ្លែង​ម្តង​ម្នាក់​ដើម្បី​ការពារ​កូនក្តី​របស់​ខ្លួន​ចេញពី​ការ​ចោទប្រកាន់។ ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក លោក​មេធាវី Victor Koppe សហមេធាវី​បរទេស សញ្ជាតិ​ហូឡង់ ដែល​ការពារ​ក្តី​លោក នួន ជា បាន​ថ្លែង​បដិសេធ​ឯកសារ​ភស្តុតាង​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា រួម​មាន៖ ខ្សែវីដេអូ​ដែល នួន ជា សម្ភាសន៍​ជាមួយ​អ្នក​កាសែត រួមទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ និពន្ធ​ដោយ​អ្នក​កាសែត និង​អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ជា​ដើម។ លោក​ចាត់​ទុក​ភស្តុតាង​ទាំង​នោះ​ថា​គ្មាន​ទម្ងន់​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​កូន​ក្តី​របស់​ខ្លួន​ទេ។

លោក​មេធាវី​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា យល់​ស្រប និង​ឯកភាព​ក្នុង​ការ​ជម្លៀស​ប្រជាជន​កម្ពុជា​ពី​ភ្នំពេញ​នៅ​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥។ ប៉ុន្តែ លោក នួន ជា មិន​ទទួល​ដឹងឮ​អំពី​ការសម្លាប់​មេដឹកនាំ​ខ្ពស់ និង​ទាហាន​ក្នុង​របប​សាធារណៈរដ្ឋ​ខ្មែរ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ និង​បដិសេធ​តួនាទី​របស់លោក​ក្នុងការ​ជម្លៀស​ប្រជាជន លើក​ទី២ ក្នុង​អំឡុង​ឆ្នាំ​១៩៧៦។

លោក Victor Koppe ក៏​បាន​អះអាង​ដែរ​ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដែល​មិន​បាន​ចូលរួម​ជា​សាក្សី​ដើម្បី​ផ្តល់​សក្ខីកម្ម ក្នុង​សវនាការ នាំ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្តី​របស់​ខ្លួន ពីព្រោះ បើ​តាម​លោក​មេធាវី លោក ហេង សំរិន ជា​សាក្សី​ដោះ​បន្ទុក​លោក​នួន ជា ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន និង​ការ​សម្លាប់​ទាហាន រដ្ឋការ​របប​លន់ នល់ នៅ​ទួលពោធិ៍ជ្រៃ។

ចំណែក​នៅពេល​រសៀល​វិញ លោក សុន អរុណ មេធាវី​ជាតិ​របស់ នួន ជា ក៏បាន​ឡើង​ថ្លែង​ការពារ​កូន​ក្តី​របស់​ខ្លួន​យ៉ាង​សកម្ម​ដែរ។ លោក​បាន​ទាត់​ចោល​ឯកសារ​ភស្តុតាង​នានា​ដែល​សហ​ព្រះរាជអាជ្ញា​ចងភ្ជាប់ នួន ជា ទៅនឹង​មន្ទីរ​សុ​ន្តិ​សុខ​ ស២១ និង​ច្រាន​ចោល​សម្តី​សាក្សី​ជាច្រើន​ទៀត។

សូម​បញ្ជាក់ថា កាល​ពី​ថ្ងៃ​ចន្ទ សហ​ព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើ​សុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​លោក នួន​ ជា និង​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស និង​ការ​សម្លាប់​ទាហាន លន់ នល់។

សហ​មេធាវី​ការពារ​ក្តី​លោក នួន ជា មាន​ពេល​ពីរ​ថ្ងៃ​ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​ការពិភាក្សា​ដេញដោល​សំណុំរឿង០០២ វគ្គ​ទី១នេះ។ សវនាការ​នឹង​បន្តធ្វើ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ