អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងជើង

កម្មករ​កូរ៉េ​ខាង​ជើង​ដែល​ស៊ីឈ្នួល​នៅ​រុស្ស៊ី​ទទួល​ជម្រក​នយោបាយ​នៅ​កូរ៉េ​ខាង​ត្បូង​

ដំណឹង​នេះ ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax ល្ងាច​ម្សិលមិញ​យោង​ទៅ​លើ​កាសែត​ក្រុង Seoul “ The Chosun Ilbo “ ( ចូស៊ុន អ៊ីលបូ ) ដែល​លំអិត​ថា​ពី​ក្នុង​ចំណោម​កម្មករ​កូរ៉េខាង​ជើង​៤០​នាក់​ដែល​បាន​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​នៅ​ក្រុង​ម៉ូស្គូ​ មាន​៨​នាក់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​កូរ៉េ​ខាងត្បូង។

ឈើ​នៅតំបន់​ស៊ីបេរី​​កាប់ដោយ​កម្មករ​កូរ៉េខាងជើង​ដែលស៊ីឈ្នួល​នៅរុស្ស៊ី
ឈើ​នៅតំបន់​ស៊ីបេរី​​កាប់ដោយ​កម្មករ​កូរ៉េខាងជើង​ដែលស៊ីឈ្នួល​នៅរុស្ស៊ី RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

ជា​ការ​កត់​សម្គាល់​កម្មករ​ទាំង​នោះ សុទ្ធ​តែ​ស៊ីឈ្នួល​ប្រកប​របរ​កាប់​ឈើ​ក្នុង​ព្រៃ​នៅ​តំបន់​ស៊ីបេរី​ប្រទេស​រុស្ស៊ី។ គេ​ធ្វើការ​ គឺ​ស្រប​នឹង​កិច្ច​ព្រមព្រៀង​ចុះ​រវាង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​និង​ភាគី​រុស្ស៊ី​ជា​និយោជក។

តាម​ពិត គេ​បាន​ត្រូវ​បញ្ជូន​ដល់​ក្រុង Seoul គឺ​តាំង​ពី​ថ្ងៃ​១៣​មេសា​ម៉្លេះ ប៉ុន្តែ​ដំណឹង​នេះ ទើប​បាន​ត្រូវ​កាសែត​នៅ​ទីនោះ  The Chosun Ilbo “ ទម្លាយ​ឲ្យ​ដឹង​ថ្ងៃ​២៥​មេសា​ម្សិលមិញ។ ឥឡូវ ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៨​នាក់ កំពុង​ត្រូវ​សមត្ថកិច្ច​កូរ៉េ​ខាង​ត្បូង ធ្វើ​អង្កេត​សួរចម្លើយ។ ៣២​នាក់​ ទៀត​ដែល​សុំ​ជម្រក​នយោបាយ​នៅ​កូរ៉េ​ខាង​ត្បូង​ដែរ កំពុង​បន្ត​លាក់​ខ្លួន​ក្នុង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​នៅ​ម៉ូស្គូ​ដោយ​រង់ចាំ​ការ​បញ្ជូន​ខ្លួន​គេ ​ទៅ​កាន់​ក្រុង ​Seoul​ដែរ។

តាម​កាសែត​កូរ៉េ​ខាង​ត្បូង​មួយ​ទៀត“ The Dong-a-Ilbo “ ៖
- ជាតិ​កូរ៉េ​ខាង​ជើង​៨​នាក់​នោះ​ដែល​រត់​ចោល​ស្រុក បាន​ពួន​សំងំ​ក្នុង​ស្ថានទូត កូរ៉េ​ខាង​ត្បូង​នៅ​ម៉ូស្គូ ម្នាក់​ៗ​គឺ​អស់​ពេល ពី​១​ឆ្នាំ​កន្លះ​ ដល់​២​ឆ្នាំ​ឯណោះ​មុន​នឹង​មាន​ភ័ព្វសំណាង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។

- កម្មករ​ទាំង​នោះ បាន​បង្ខំ​ចិត្ត​លួច​រត់​ចេញ​ពី​កន្លែង​កាប់​ឈើ​ព្រៃ​មក​ពី​គេ​មិន​អាច​ទ្រាំទ្រ នឹង​ធាតុអាកាស​ត្រជាក់​ខ្លាំង​នៅ តំបន់ស៊ីបេរី ព្រម​ទាំង​នឹង​ការ​វាយ​ធ្វើ​បាប​ពី​ខាង​ពួក​អនុរក្ស​ជា​ឆ្មាំ​ត្រួតត្រា​លើ​សកម្មភាព​គេ​ដែល​មាន​បញ្ជូន​ពី​កូរ៉េ​ខាង​ជើង​ទៅ។

តាម​ការ​ឲ្យ​ដឹង​នៃ “ស្ថាប័ន​រុស្ស៊ី​ទទួល​បន្ទុក​ខាង​ពលករ​បរទេស” ហៅ​កាត់​ថា FMS ភាគី​រុស្ស៊ី​និយម ប្រើ​ពលករ​កូរ៉េ​ខាង​ជើង ដោយ​ពលករ​ជាតិ​នេះ មាន​វិន័យ​ខ្ពស់​ខាង​បំពេញ​ការងារ។ ស្រប​នឹង​តួលេខ​ឆ្នាំ​ទៅ​មិញ មាន​កម្មករ​កូរ៉េ​ខាង​ជើង​ចំនួន ២១.០០០​នាក់ ប្រកប​របរ​ស៊ីឈ្នួល​ កាប់​ឈើ​ក្នុង​ព្រៃ​ស៊ីបេរី ប្រទេស​រុស្ស៊ី។ ក្នុង​មួយ​ឆ្នាំ គេ​មាន​ពេល​សម្រាក​តែ ២​ថ្ងៃ​ប៉ុណ្ណោះ។

ជា​ទូទៅ ប្រាក់​ខែ​ជា​រូបិយបណ្ណ ដែល​ពលករ​កូរ៉េ​ខាង​ជើងរក​បានគឺគេ​ត្រូវ​ប្រគល់ ក្នុង​​មួយ​ភាគ​ធំ​ទៅ​ឲ្យរដ្ឋអំណាច​កូរ៉េ​ខាង​ជើង​ផ្ទាល់។

មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី ធ្លាប់​បាន​លើក​យក​មក​ផ្សាយ​សំដី​កម្មករ​កូរ៉េ​ខាង​ជើង​ខ្លះ ដែល​ថា ប្រាក់​ប្រមាណ​តែ​៥០០​ដុល្លារ​អាមេរិក​ ដែល​គេ​អាច​រក​បាន​គឺ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​គេ​ដែល​មាន​គ្នា​៥​នាក់​ឲ្យ​រស់​បាន​យ៉ាង​សក្តិសម​ពេញ​ក្នុង​១​ឆ្នាំ។

តាម​តួលេខ​ក្រៅ​ផ្លូវការ​ក្នុង​អំឡុង​ជិត​៦០​ឆ្នាំ តាំងពី​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ បាន​ចប់​ទៅ មាន​ពលរដ្ឋ កូរ៉េខាង​ជើង​កុម្មុយនិស្ត​ ជាង​២០.០០០​នាក់​ទៅ​ហើយ​ចេះ​រត់​រួច​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មូលធន​និយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ