អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ព្យុងយ៉ាង​ចោទ​សេអ៊ូល​ថា បាន​ប្រឌិត​រឿង​ឆ្កួតលីលា ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​ប្រជាជន​ក្នុងស្រុក

កូរ៉េខាងជើង​នៅថ្ងៃ​អាទិត្យ​នេះ​បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​បាន​បង្កើត​រឿង​យន្តហោះ​Drone ស៊ើបការណ៍ ដើម្បី​បំបែរ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​ក្នុងស្រុក ពីរឿង​អាស្រូវ​លិចសាឡាង​នៅកូរ៉េខាងត្បូង។ កាលពី​សប្តាហ៍​មុន ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​លើកឡើងថា យន្តហោះ​Drone ដែល​គេ​ប្រើ​ស៊ើបការណ៍ និង​ផ្ទុះ​ធ្លាក់​នៅ​កូរ៉េខាងត្បូង ធ្វើដំណើរ​ចេញ​ពី​ទឹកដី​កូរ៉េខាងជើង។ 

គ្រួសារ​របស់​សព​សិស្ស​សាលា​ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​លិច​សាឡាង កាលពី​ថ្ងៃ​ទី ១៧​មេសា
គ្រួសារ​របស់​សព​សិស្ស​សាលា​ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​លិច​សាឡាង កាលពី​ថ្ងៃ​ទី ១៧​មេសា ©REUTERS/Son Hyung-ju
ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តងទៀត កូរ៉េខាងជើង​បាន​បដិសេធ ទាត់ចោល​ការចោទប្រកាន់​ពីកូរ៉េខាងត្បូង ដែល​ថា កូរ៉េខាងជើង​បាន​ប្រើ​យន្តហោះ​Drone ទៅស៊ើបការណ៍​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ សម្រាប់​ទីក្រុង​ព្យុងយ៉ាង សេអ៊ូល​បាន​ប្រឌិត បង្កើត​រឿង​នេះ​ឡើង គ្រាន់តែ​ដើម្បី​បំបែរ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​កូរ៉េខាងត្បូង​តែប៉ុណ្ណោះ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ដែល​ចេញផ្សាយ​នៅថ្ងៃនេះ គណៈកម្មការ​ការពារ​ជាតិ​កូរ៉េខាងជើង បាន​សរសេរ​ថា លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ របស់​កូរ៉េខាងត្បូង​បាន​ព្យាយាម​ប្រឌិត​រឿង​ឆ្កួតលីលា ដើម្បី​អាច​ឲ្យ​ខ្លួន​ចាកចេញ​ពី​វិបត្តិ​ដែលមិនអាច​ដោះស្រាយ​រួច។

 
កូរ៉េខាងជើង​ចង់​សំដៅ​វិបត្តិ​លិចសាឡាង នៅ​កូរ៉េខាងត្បូង ដែល​នៅក្នុង​នោះ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កំពុង​រងការ​រិះគន់​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ។ នៅក្នុង​គ្រោះថ្នាក់​លិច​សាឡាង កាលពី​ថ្ងៃ​ទី ១៧​មេសា កន្លងទៅ មនុស្ស​ជាង​​៣០០​នាក់ ដែល​ភាគច្រើន​ជា​សិស្ស​សាលា បាន​ស្លាប់ និង​បាត់ខ្លួន។

នៅថ្ងៃអាទិត្យ​នេះ សមាជិកសភា​កូរ៉េខាងត្បូង បាន​ប្រកាស​ថា សភា​នឹង​បើក​ការស៊ើប​អង្កេត​ទៅលើ​គ្រោះថ្នាក់​លិច​សាឡាង។ តាម​តុល្យការ​ចុងក្រោយ នៅថ្ងៃ​អាទិត្យ​នេះ គេ​ស្រង់​យក​បាន​សាកសព​២៧៥​នាក់ និង​២៩​នាក់​ផ្សេងទៀត កំពុង​បាត់ខ្លួន។ សកម្មភាព​រុករក​ជនរងគ្រោះ នៅថ្ងៃ​អាទិត្យនេះ​ត្រូវ​បាន​ផ្អាក ដោយសារ​ហេតុផល​ខ្យល់ព្យុះ និង​ទឹកហូរខ្លាំង។

យោងតាម​ប្រភព​ពី​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង សម័យ​ប្រជុំ​សភា​ពិសេស​មួយ​នឹង​ធ្វើ​ឡើង ចាប់​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​មើល​រក​មូលហេតុ និង​អ្នកទទួល​ខុសត្រូវ​ដែល​ធ្វើ​ឲ្យ​សាឡាង​លិច។ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ជា​ច្រើន​បាន​បន្ទោស​ទៅលើ​សកម្មភាព​យឺតយ៉ាវ​ក្នុង​ការជួយ​ស្រោចស្រង់​ជនរងគ្រោះ នៅពេល​សាឡាង​លិច​ចូល​ទឹក​ភ្លាម។ គេ​ជឿថា សិស្ស​សាលា ដែល​ស្ថិតនៅ​លើ​សាឡាង អាច​រស់​បាន​ច្រើនម៉ោង និង​ច្រើន​ថ្ងៃ ដោយ​មកពី​មាន​ស្បោង​ខ្យល់​ដែល​បំរុងសម្រាប់​ករណី​មានគ្រោះអាសន្ន។ ប៉ុន្តែ សកម្មភាព​ជួយសង្រ្គោះ​មិនត្រូវ​បាន​ធ្វើ​ភ្លាមៗនោះ​ទេ។ គ្រួសារ​ជនរងគ្រោះ​បាន​ចោទសួរថា ហេតុអ្វី​បាន​គេ​ត្រូវ​រង់ចាំពេល​ដល់​ទៅ​៣​ថ្ងៃ ដើម្បី​យក​សាកសព​ទីមួយ ចេញ​ពី​សាឡាង​លិចទឹក។

ការស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា ទម្ងន់​​ដែល​សាឡាង​ផ្ទុក​ធ្ងន់ លើស​បីដង ទម្ងន់​ដែល​គេ​កំណត់​សម្រាប់​សាឡាង។ លើសពីនោះ សាឡាង​ដែល​លិច ធ្លាប់​ត្រូវ​បាន​គេ​លួច​កែច្នៃ ដោយ​ខុសច្បាប់ បង្កើន​បន្ទប់​ដែល​ធ្វើ​ឲ្យ​សាឡាង​មិន​អាចទ្រាំទ្រ​ទម្ងន់​បន្ថែមបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ