អានតួអត្ថបទ
ហុងកុង

មនុស្ស​៩នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការ​វាយប្រហារ​លើ​អ្នកកាសែត​ហុងកុង

ប៉ូលិស​ហុងកុង​បាន​ប្រកាស​ឲ្យដឹង កាលពីថ្ងៃ​ពុធ​ថា គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ ៩នាក់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​​ការ​វាយប្រហារ​ទៅលើ​អ្នក​កាសែតម្នាក់ កាលពី​ខែ​មុន។ ការវាយប្រហារ​យ៉ាង​ឃោរឃៅ​ទៅលើ​អ្នក​កាសែត ដែល​បាន​បណ្តាល​ឲ្យ​កើតមាន​ក្តីបារម្ភ ចំពោះ​សិទ្ធិសេរីភាព​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន។

លោក Kevin Lau នៅ​ក្នុង​មន្ទីរពេទ្យ
លោក Kevin Lau នៅ​ក្នុង​មន្ទីរពេទ្យ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

លោក Kevin Lau អ្នកកាសែត​ជើងចាស់​ហុងកុង ត្រូវ​បាន​មនុស្ស​ពីរនាក់​វាយប្រហារ​​ដោយ​កាប់​ ៦កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពីថ្ងៃ​ទី២៦ ខែកុម្ភៈ ហើយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅឡើយ រហូតមកទល់​នឹង​ថ្ងៃ​នេះ។

ស្នងការប៉ូលិស​ហុងកុង​បាន​ឲ្យដឹង​ថា ក្រោយ​ពី​បាន​វាយប្រហារ​ទៅលើ​លោក Kevin Lau ជនដៃ​ដល់​ទាំង​ពីររូប​បាន​នាំគ្នា​រត់គេចខ្លួនទៅ​ចិន​ដីគោក មុននឹង​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ខ្លួន​បាន នៅ​ក្នុង​ខេត្ត​ក្វាងទុង។ មនុស្ស ៧រូបផ្សេងទៀត ដែល​ជាប់សង្ស័យថា​បាន​សមគំនិត​ក្នុង​ការ​រៀបចំផែនការ​វាយប្រហារ​ទៅលើ​អ្នកកាសែត​នេះ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ទឹកដី​ហុងកុង។

ប៉ូលិស​ហុងកុង​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ជនសង្ស័យ​​ទាំងពីរ​រូប ដែល​នៅពេលនេះ​កំពុង​ជាប់ឃុំ​នៅ​ចិនដីគោក​ មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​សង្គមងងឹតចិន ហើយ​ទំនង​ជា​ត្រូវបាន​គេ​ជួល​ឲ្យ​ធ្វើ​ការ​វាយប្រហារ​ទៅលើ​​​អ្នក​កាសែត Kevin Lau ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ អាជ្ញាធរ​នៅ​មិនទាន់​អាច​កំណត់​ច្បាស់លាស់​នៅឡើយទេ​ថា តើ​ការ​វាយប្រហារ​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​អាជីព​ជា​អ្នក​កាសែត​របស់​លោក​ដែរ​ឬ​ក៏​យ៉ាងណា?

ក៏ប៉ុន្តែ ភរិយា​របស់​លោក​ Kevin Lau បាន​អះអាង​ថា លោកស្រី​ជឿជាក់​យ៉ាង​ច្បាស់ថា ស្វាមី​របស់​លោកស្រី​ត្រូវ​ទទួលរងការ​វាយប្រហារ ដោយសារ​តែ​ការងារ​ជា​អ្នក​កាសែត​របស់​គាត់ ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​វែកមុខ​រក​ឲ្យ​ឃើញ​មេខ្លោង ដែល​នៅ​ក្រោយ​ការ​វាយប្រហារ​នេះ។ សមាគម​អ្នក​កាសែត​ក្រុងហុងកុងវិញ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ កាលពីថ្ងៃ​ពុធ ដោយ​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​​ ដោយ​ឃើញ​ថា​ ប៉ូលិស​ហុងកុង​ហាក់ដូចជា​ចង់ព្យាយាម​បង្វែរ​​រឿង​វាយប្រហារ​លើ​អ្នក​កាសែត​នេះ ទៅជា​រឿង​ផ្ទាល់ខ្លួន ហើយ​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការងារ​សារព័ត៌មាន។

គួរបញ្ជាក់ថា ​ក្រោយ​ពីមាន​ការ​វាយប្រហារ​ទៅលើ​លោក Kevin Lau មនុស្ស​រាប់រយ​នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម ដើម្បី​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​លើ​អ្នក​កាសែត និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ការពារ​សិទ្ធិសេរីភាព​សារព័ត៌មាន។ សិទ្ធិសេរីភាព​សារព័ត៌មាន ដែល​គេ​បារម្ភ​ថា កំពុងតែ​ធ្លាក់ចុះ ដោយសារ​តែមាន​សម្ពាធ​ពី​អាជ្ញាធរ​ក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ