អានតួអត្ថបទ
កម្ពុជា

មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​នឹង​ផ្តល់​សេវា​នៅ​ចុង​ឆ្នាំ​២០១៣

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ នៅ​ក្នុង​ខណ្ឌមានជ័យ​លើ​ផ្លូវ​ជាតិ​លេខ​១ ខណៈ​ដែល​ការដ្ឋាន​នេះ​កំពុង​បំពាក់​បណ្តាញ​អគ្គិសនី និង​ប្រព័ន្ធ​លូ។ មន្ទីរពេទ្យ​ជោរៃភ្នំពេញ​ដែល​ជា​សាខា​មួយ​នៃ​មន្ទីរពេទ្យ​ជោរៃ​វៀតណាម ដ៏​ល្បី​មួយ​នោះ គឺ​ជា​គម្រោង​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​សូគីមិច​កម្ពុជា និង​ក្រុមហ៊ុន​របស់​វៀតណាម​ដែល​មាន​តម្លៃ​៤២​លាន​ដុល្លារ។

រូបគម្រោង​មន្ទីរពេទ្យ​ជោរី​វៀតណាម ដែល​នឹង​ត្រូវ​គេ​បញ្ចប់​ការសាងសង់​ក្នុង​ទីក្រុង​ភ្នំពេញ នៅចុងឆ្នាំ ២០១៣
រូបគម្រោង​មន្ទីរពេទ្យ​ជោរី​វៀតណាម ដែល​នឹង​ត្រូវ​គេ​បញ្ចប់​ការសាងសង់​ក្នុង​ទីក្រុង​ភ្នំពេញ នៅចុងឆ្នាំ ២០១៣ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

ប្រសិនបើ ដំណើរ​ការសាងសង់​គ្មាន​ឧបសគ្គ​ទេ​នោះ មន្ទីរពេទ្យ​ជោរៃភ្នំពេញ​នឹង​បើក​ទ្វារ​បម្រើ​អតិថិជន នៅ​ចុង​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមហ៊ុន​សំណង់​មន្ទីរពេទ្យ និង​ជា​អគ្គនាយក​រង​នៃ​មន្ទីរពេទ្យ​ជោរៃ​វៀតណាម​ផងដែរ។

ការអះអាង​របស់​តំណាង​ក្រុមហ៊ុន​សាងសង់​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​ធ្វើ​ឡើង ក្នុង​ខណៈ​ដែល​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួត​ពិនិត្យ​ការសាងសង់​កាល​ពី​សប្តាហ៍​មុន​ នេះ​បើ​យោងតាម​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ។

មន្ទីរពេទ្យជោរៃ​ភ្នំពេញ​ដែល​កំពុង​ត្រូវ​សាងសង់​លើ​ផ្ទៃ​ដី​៥​ហិចតា នៅ​ក្នុង​ខណ្ឌ​មានជ័យ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ គឺ​ជា​គម្រោង​រួម​គ្នា​រវាង​ក្រុមហ៊ុន​សូគីមិច និង​ក្រុមហ៊ុន​វិនិយោគ​មេឌីខល​សៃហ្កន​របស់​វៀតណាម ដែល​មាន​តម្លៃ​៤២​លាន​ដុល្លារ។ ការសាងសង់​បាន​ចាប់​ផ្តើម កាលពី​ខែ​ឧសភា​ឆ្នាំ​២០១០។

គម្រោង​សំណង់​មន្ទីរពេទ្យ​ជោរៃ នៅ​ភ្នំពេញ​ដែល​ជា​ផ្លែផ្កា​នៃ​ទំនាក់ទំនង​រវាង​វៀតណាម និង​កម្ពុជា​ត្រូវ​បាន​គេពន្យល់​ថា គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការធ្វើ​ដំណើរ​ទៅ​ទទួល​ការព្យបាល​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​សព្វ​ថ្ងៃ​នេះ មាន​ចំនួន​ច្រើន​លើសលុប​នោះ។

មន្ទីរពេទ្យ​នេះ​នឹង​មាន​អគារ​ចំនួន​៣ ដែល​ពីរ អគារ​គឺ​ជា​អគារ​ព្យាបាល​អ្នកជំងឺ និង​មួយ​អគារ​ទៀត​គឺ​ជា​អគារ​រដ្ឋបាល។

គេហទំព័រ​សាលារាជធានី​ភ្នំពេញ​បាន​ស្រង់​ប្រសាសន៍​របស់​លោក ង្វៀន ហ័ងណាម​អគ្គនាយក​រង​មន្ទីរពេទ្យ​ជោរៃ​វៀតណាម​ដែល​និយាយ​ថា ក្នុង​ជំហ៊ាន​ទី​មួយ មន្ទីរពេទ្យ​នឹង​ដាក់​គ្រែ​ទទួល​អ្នកជំងឺ​ចំនួន​២០០​គ្រែ និង​ជំហ៊ាន​ទី​២​នឹង​មាន​៥០០​គ្រែ។ លោក​ង្វៀន ហ័ងណាម​បន្ត​អះអាង​ថា មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​នឹង​ត្រូវ​បំពាក់​បរិក្ខាពេទ្យ​ទំនើប ដែល​ផលិត​ក្នុង​ប្រទេស​អាល្លឺម៉ង់។

គួរ​រម្លឹក​ថា ក្នុង​ពេល​កន្លង​មក ម្ចាស់​គម្រោង​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​ធ្លាប់​បាន​ប្រកាស​អោយ​ដឹង​ថា មន្ទីរពេទ្យ​នេះ​នឹង​ត្រូវ​ជ្រើសរើស​បុគ្គលិក ជា​វេជ្ជបណ្ឌិត​ខ្មែរ​ចំនួន​១០០​នាក់ និង​គិលានុបដ្ឋាយិការ​១៨០​នាក់។ បុគ្គលិក​មន្ទីរពេទ្យ​ទាំង​នេះ នឹង​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​នៅ​កម្ពុជា​ផង និង​នៅ​មន្ទីរពេទ្យ​ជោរៃ​វៀតណាម​ផង។
សូមរំលឹកថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​បន្ត​ទៅ​ទទួល​ការ​ព្យាបាល​ពី​ប្រទេស​ជិតខាង ពិសេស​ប្រទេស​វៀតណាម​ជា​រៀងរាល់​ថ្ងៃ ហើយ​គ្រូ​ពេទ្យ ​កម្ពុជា​មួយ​ចំនួន​ក៏​តែង​ទទួល​រង​ការរិះគន់​ពី​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង ទាំង​ផ្នែក​សមត្ថភាព និង​សីលធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ