អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

កិច្ចចរចា​រុស្ស៊ី-ជប៉ុន​ ដើម្បី​សាកល្បង​​ដោះស្រាយ​ជាថ្មី​ ​បញ្ហា​ដែនដី​ជាប់​វិវាទ​

នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​ម៉ូស្គូ លោក​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Igor Morgoulov បានទទួល​ជួបពិភាក្សា​ជាមួយ សមភាគីជប៉ុន​លោក Singuke Sugiyama ក្នុង​គោលដៅ​ស្តារឡើងវិញ កិច្ចចរចា​ជុំវិញ​កោះបួន​នៅ​ខាងត្បូង​ជួរកោះ​គួរីល ដែល​ជប៉ុន​ចាត់ទុក​ជាដែនដី​ខាងជើង​របស់​ខ្លួន ហើយ​រមែង​ទាមទារ​ពី​រុស្ស៊ី ឲ្យ​ប្រគល់​ទៅខ្លួន​វិញ។ មកពី​បញ្ហា​នេះ ប្រទេសទាំងពីរ​នៅ​មិនទាន់​ចុះ​នឹងគ្នា​នៅឡើយ ជា “សន្ធិសញ្ញា​សន្តិភាព” ហេតុ​ដែល​រាំងរា​ដល់​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី។

កោះ​មួយ នៃ​ប្រជុំកោះ​ Kouriles របស់​រុស្ស៊ី
កោះ​មួយ នៃ​ប្រជុំកោះ​ Kouriles របស់​រុស្ស៊ី Dr. Igor Smolyar, NOAA/NODC
ផ្សាយពាណិជ្ជកម្ម

គួរ​និយាយ​ថា កោះបួន​តូចៗ​នោះ មានផ្ទៃ​ក្រឡា​សរុប​តែ ៥.០០០គមប៉ុណ្ណោះ។ វា​បានឆ្លង​មកនៅ​ក្រោម​អធិបតេយ្យ​សហភាព​សូវៀត ក្រោយពី​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី២ ក្នុងឆ្នាំ​១៩៤៥ ហើយ​បច្ចុប្បន្ន ជា​កម្មសិទ្ធិ​សហព័ន្ធរុស្ស៊ី ដែល​បន្តកេរ​ពី​សហភាព​សូវៀត។ សព្វថ្ងៃ​រស់នៅ​លើកោះ​ទាំងនោះ មាន​បណ្តាជន​តែ​ម្តុំ​២ម៉ឺន​នាក់ ប៉ុន្តែ​តាម​មតិ​ពួក​អ្នកប្រាជ្ញ វា​បង្កប់​នៅក្រោម​ទឹកវា គឺ​កំណប់​ដ៏សម្បូណ៏​នៃ​ប្រេងកាត​និង​ឧស្ម័នធម្មជាតិ ដោយ​មិន​ទាន់​និយាយពី​ជលផល​បែបយ៉ាង​ក្តាម​សមុទ្រ ដែល​ក្នុង​១ឆ្នាំៗ មាន​នេសាទបាន​ក្នុង​ទឹកប្រាក់​ដល់ជាង ២.០០០លាន​ដុល្លារ​អាមេរិក​ទៅផង។ មិនតែ​ប៉ុណ្ណោះ​វាក៏ជា​ឈ្នាន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​កងនាវា​រុស្ស៊ី ដែល​ប្រចាំ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។  

ថ្លែង​ទៅ​កាន់​គូសន្ទនា​ជប៉ុន លោក​អនុរដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ី Igor Morgoulov លើកឡើង​ថា៖ គឺស្រប​នឹង​ការ​ព្រមព្រៀង​គ្នា​នៅ​ម៉ូស្គូ កាលពី​ខែ​មេសា​ឆ្នាំនេះ រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ដែល​ឥឡូវ​គូភាគី​ចាប់ផ្តើម​ពិនិត្យ​ទៅលើ​ដំណាក់កាល និង​បែបបទ​សំខាន់ៗ​នៃ​អនាគត​កិច្ចចរចា ឆ្ពោះទៅ​ចុះជា“សន្ធិសញ្ញា​សន្តិភាព”។ ទីក្រុង​ម៉ូស្គូ​សង្ឃឹម​ថា ការងាររួមគ្នា នឹង​ជួយ​បំផុសបំផុល​ភាព​ជាដៃគូ​របស់​យើង នៅតាម​វិស័យ​ប្លែកៗ​បំផុត។

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Singuke Sugiyama ពី​ចំណែក​ខ្លួន ថ្លែង​ជាអាទ៏៖“មាន​មនោសញ្ចេតនា​ដែលថា ជប៉ុន​និង​រុស្ស៊ី​ជា​មិត្ត​ដ៏ជំនិត​នឹងគ្នា​ទេតើ”។

ជា​ការ​កត់​សម្គាល់ ទំនាក់ទំនង​ជប៉ុន-រុស្ស៊ី បាន​ស្រុតចុះ​ត្រជាក់​មែនទែន ក្រោយពី​លោកមេដវេដេវ កាលពី​៣ឆ្នាំ​មុន ពេលគាត់​កាន់​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី ស្រាប់តែ​បាន​យកជើង​ទៅជាន់​ជា​លើកដំបូង លើ​កោះ​ជាប់​វិវាទ​នោះ ហេតុ​ដែល​បាន​ញ៉ាំង លោក​នាយករដ្ឋមន្ត្រី​ជប៉ុន កាលណោះ គឺលោក Naoto Kan ឲ្យ​ទម្លាយ​កំហឹង​ចេញមក ហៅ​ទស្សនកិច្ច​ប្រមុខរដ្ឋ​រុស្ស៊ី​នោះ ថាជា” ការ​ប្រមាថ​មិនអាច​អត់ឱន​បាន”។
ខាង​ពាណិជ្ជកម្ម​រុស្ស៊ី ជា​ដៃគូ​ត្រឹម​ទី​១៥​ប៉ុណ្ណោះ​របស់​ជប៉ុន។ ទោះ​យ៉ាងណា​ក្តី ក៏​ទំហំ​ផ្តោះប្តូរ​ពាណិជ្ចកម្ម រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំមុន បាន​មាន​ទឹកប្រាក់​ដល់ទៅ ៣២.០០០លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ