អានតួអត្ថបទ
កម្ពុជា

គជប៖ការ​ពិនិត្យបញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​២០១៤​គឺ​អនុវត្ត​ភារកិច្ច​តាម​តែ​ច្បាប់​ប៉ុណ្ណោះ​

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គជប​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​បញ្ជាក់​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ប្រចាំ​ឆ្នាំ​២០១៤​ គឺ​គជប​ អនុវត្ត​ភារកិច្ច​ តាម​តែ​ច្បាប់​ប៉ុណ្ណោះ​។​ សេចក្តី​ថ្លែង​ការណ៍​ជា​ចំហរ​ដូច្នេះ ​ត្រូវ​បាន​គជប​ ធ្វើ​ឡើង​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រ​ចាំ​ឆ្នាំ​២០១៤​ ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​គជប​ គឺ​ជា​ការ​មិន​ចាំ​បាច់​។

ថ្នាក់ដឹកនាំ​ គ.ជ.ប.​ ជួបជាមួយ​តំណាង​គណបក្ស​នយោបាយ​​កាលពីពេលកន្លងមក។
ថ្នាក់ដឹកនាំ​ គ.ជ.ប.​ ជួបជាមួយ​តំណាង​គណបក្ស​នយោបាយ​​កាលពីពេលកន្លងមក។ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែង​ការណ៍​ ចុះ​ថ្ងៃ​ទី​២​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​ គជប​ បាន​បំភ្លឺ​ជូន​សាធារណ​ជន​ ២​ ចំណុច​។​ ទី​១​ គជប​ សំអាង​ថា​ បច្ចុប្បន្ន​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្តី​ពី​វិសោធ​កម្ម​នៃ​ច្បាប់​នេះ​ កំពុង​ស្ថិត​នៅ​ជា​ធរ​មាន​នៅ​ឡើយ​ ហើយ​មាត្រា ​៤៩ ​ថ្មី ​( បី ​) កថាខ័ណ្ឌ​ទី​២​ នៃ​ច្បាប់​នេះ​ ចែង​ថា​ "រយៈ​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ផ្តល់​សុពល​ភាព​លើ​បញ្ជី​បោះ​ឆ្នោត​ ត្រូវ​ធ្វើ​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​"។ ​ហេតុ​នេះ​ គជប ​មាន​តួនាទី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ ដែល​ច្បាប់​ប្រគល់​ឲ្យ​ធ្វើ​។

គជប​ ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ នៅ​ចំណុច​ទី​២​ ថា​ មាត្រា​ ៣១​ ថ្មី ​( ពីរ )​ នៃ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​ក៏​បាន​ចែង​ដែរ​ថា ​ប្រធាន​ អនុ​ប្រធាន​ និង​សមាជិក​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បន្ត​ការ​ងារ​របស់​ខ្លួន​ រហូត​ដល់​មាន​ការ​តែង​តាំង​ថ្មី​។ ​ក្នុង​ករណី​ខក​ខាន​ មិន​បាន​រៀប​ចំ​សមា​សភាព​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គជប​ តាម​ពេល​វេលា​ដូច​បាន​បញ្ញត្ត​ក្នុង​វក្យ​ខ័ណ្ឌ​ទី​៣​ មាត្រា​ ១៣​ថ្មី ​( ពីរ​ )មិន​បាន​រៀប​ចំ​សមា​សភាព​នៃ​គជប​ ដែល​មាន​ស្រាប់​ ត្រូវ​បន្ត​ការ​ងារ ​និង​មាន​សមត្ថ​កិច្ច​ ចាត់​ចែង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត​ តាម​ច្បាប់​តម្រូវ​។

គជប​ បាន​គូស​បញ្ជាក់​ថា ​"ការ​អនុវត្ត​នូវ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប្រ​ចាំ​ឆ្នាំ​២០១៤​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១​ ដល់​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ​២០១៤​ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់ ​ដែល​នៅ​ជា​ធរមាន​។​ ទន្ទឹម​នឹង​នេះ ​គជប​ ក៏​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​ទាំង​អស់​ ចូល​រួម​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៤​ នៅ​តាម​ឃុំ​សង្កាត់​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​តុលា ​ដល់​ថ្ងៃ​ទី​២០​ ខែ​តុលា។​ តាម​គជប​ អ្នក​បោះ​ឆ្នោត​ថ្មី​ នៅ​ឆ្នាំ​២០១៤​ ចាប់​ពី​អាយុ ១៨​ ឆ្នាំ​ឡើង​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ មាន​ចំនួន​ ៩.៩៥១.៩១៥ នាក់​។​ រីឯ​ចំនួន​អ្នក​បោះ​ឆ្នោត ​ក្នុង​បញ្ជី​ឆ្នាំ​២០១៣​ មាន​ចំនួន​ ៩.៧៣២.៥៣១ ​នាក់​។

ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​មួយ​ចំនួន​ និង​គណបក្ស​ប្រឆាំង​ បាន​ជំទាស់​នឹង​ការងារ​របស់​គជប​ ព្រោះ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្រម​ព្រៀង​គ្នា​ហើយ​ ក្នុង​ការ​ជ្រើស​រើស​គជប​ថ្មី និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី។​ គជប​ថ្មី​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ នឹង​ត្រូវ​គណបក្ស​ទាំង​ពីរ​ បង្កើត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ គឺ​យ៉ាង​យូរ​ នៅ​ចុង​ឆ្នាំ​នេះ​។
ម្យ៉ាង​ទៀត​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​ ត្រូវ​បាន​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ គជប​ ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ ១​ លាន​ដុល្លារ​។  

ប៉ុន្តែ​លោក ​ឈាង​ វុន​ អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ​លើក​ឡើង​ថា​ ការ​ងារ​របស់​ស្ថាប័ន​រដ្ឋ​ ដូច​ជា ​គជប​ មិន​អាច​ឈប់​ស្ងៀម​បាន​ទេ។​ គជប​ត្រូវ​ធ្វើការ​ជា​ប្រ​ចាំ​ ហើយ​បន្ត​ការ​ងារ​របស់​ខ្លួន​ រហូត​ដល់​មាន​អ្នក​ថ្មី​ មក​ជំនួស​ ដូច​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ទាំង​ពីរ​ និង​ច្បាប់​ បាន​កំណត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ