អានតួអត្ថបទ
កម្ពុជា

ក្រុម​អ្នក​រត់ម៉ូតូឌុប​តវ៉ា​ប្រឆាំង​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ក្នុងរឿង​ស្ត្រី​អ្នកភូមិ​បឹងកក់

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ធ្នូ​នេះ សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ក្រុម​អ្នករត់​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ប្រឆាំង​នឹង​អ្នកស្រី យ៉ោម បុប្ផា ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់ បាន​លើកគ្នា​ទៅ​ប្រមូលផ្តុំ តវ៉ា​នៅ​មុខ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប្រឆាំង​លោក អ៊ូ វីរៈ​។ ក្រុមអ្នកតវ៉ា​ប្រមាណ ៥០ នាក់ បានទាមទារ​ឲ្យ​លោក អ៊ូ វីរៈ កែតម្រូវ​នូវ​សម្តី ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត ដែល​លោក​ថា រឿង​អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ ៣ ឆ្នាំ ក្នុង​រឿង​វាយ​លើ​អ្នករត់​ម៉ូតូឌុប ២ នាក់ កាលពីដើម​ខែ​កញ្ញា គឺជា​រឿងប្រឌិត រៀបចំឡើង​ដោយ​ក្រុម​អ្នករត់ម៉ូតូឌុប។​

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នករត់ម៉ូតូឌុប ដែល​បាន​តវ៉ា លើក​បដា និង​ស្រែក​មេក្រូ នៅ​ព្រឹក​មិញ បាន​ដាក់​លិខិត​មួយច្បាប់ ទៅកាន់​លោក អ៊ូ វីរៈ និង​សុំ​ជួប​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដើម្បីកែតម្រូវ​នូវ​ការ​ផ្តល់​បទសម្ភាសន៍​​របស់​លោក​ជាមួយ​អ្នកកាសែត កាលពី​ចុង​សប្តាហ៍​មុន ជុំវិញ​ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា​។

​ក្រុមអ្នកតវ៉ា​អះអាងថា លោក អ៊ូ វីរៈ បាន​ចោទប្រកាន់​ថា ក្រុម​អ្នករត់ម៉ូតូឌុប​បាន​ប្រឌិត​រឿង ដើម្បី​ទម្លាក់​កំហុស​ចោទប្រកាន់​លើ​អ្នកស្រី យ៉ោម បុប្ផា ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា តាមរយៈ​ការ​ព្រួត​គ្នា​វាយ​ទៅលើ​អ្នករត់​ម៉ូតូឌុប ពីរ​នាក់ កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។

​រហូត​ដល់​ថ្ងៃ​២៧ ខែ​ធ្នូ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ៣ ឆ្នាំ។ ក្នុង​រឿងក្តី​នោះ លោក អ៊ូ វីរៈ ដែល​បាន​តាមឃ្លាំមើល តាំងពីដើម​រៀងមក បាន​ចាត់ទុកថា ជាការ​ប្រឌិត​រឿង ហើយ​មាន​អ្នក​បង្គាប់​ប្រាប់​ឲ្យ​ជនរងគ្រោះ​ជា​អ្នករត់​ម៉ូតូឌុប និង​សាក្សី ឆ្លើយ ទម្លាក់កំហុស​លើ​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា​។​

​ក្រុម​អ្នករត់ម៉ូតូឌុប នៅ​ព្រឹក​មិញ បានទាមទារ​ជួប​ផ្ទាល់​ជាមួយ​នឹង​លោក អ៊ូ វីរៈ ប៉ុន្តែ​លោក អ៊ូ វីរៈ មិន​ចេញ​មក​ជួប ដោយ​គ្រាន់តែ​ខាង​មជ្ឈមណ្ឌល​របស់​លោក បាន​ទទួលយក​នូ​វលិ​ខិត​តវ៉ា​នោះ​។​

​កាលពី​ខែ​កញ្ញា ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​នេះ ក៏​បាន​ធ្វើ​ការតវ៉ា​ដូចគ្នា ប្រឆាំងនឹង​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​មតិ​យោបល់ លើ​ករណី​អ្នកស្រី យ៉ោម បុប្ផា ផងដែរ​។​

ក្រុមអង្គការសិទ្ធិមនុស្ស យល់ថា ក្រុមអ្នករត់ម៉ូតូឌុប ដែលបានតវ៉ានោះ បង្កើតឡើង​ដោយ​អាជ្ញាធរ ដើម្បីទំនាស់ និងគាបសង្កត់ លើអ្នកភូមិបឹងកក់ កុំឲ្យងើបតវ៉ា ក្នុងរឿង​ដីធ្លី នៅបឹងកក់។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដែរ ក្រុម​ស្ត្រី​រស់នៅ​សហគមន៍​ភូមិ​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី ក៏​បាន​ប្រមូលផ្តុំ បែប​ន់​តាម​បែប​អបិយ​ជំនឿ លើក​បដា និង​បាច​អំបិល ដាក់​បណ្តាសា លើ​មន្ត្រី​តុលាការ ដែល​អ្នក​ភូមិ​អះអាងថា ពុករលួយ និង​កាត់ក្តី​មិន​យុត្តិធម៌​។

​ការជួបជុំ​តវ៉ា នៅ​មុខ​តុលាការ ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​អ្នកភូមិ​បឹងកក់ បាន​ប្រមូលផ្ដុំ អុជ​ធូប បែប​ន់ និង​ដាក់​បណ្តាសា​ដូចគ្នានេះ នៅមុខ​រូបសំណាក​លោកយាយ​ដូនពេញ នៅ​វត្ត​ភ្នំ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២​។​

​អ្នក​ភូមិ​បឹងកក់ បានចាត់ទុក​ការសម្រេច​ក្តី​របស់​ចៅក្រម​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​អ្នកស្រី យ៉ោម បុប្ផា ចំនួន ៣ ឆ្នាំ ក្នុង​រឿង​បង្ក​របួសស្នាម ព្រួត​គ្នា​វាយ​ទៅលើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ថា​ជា​រឿង​អយុត្តិធម៌ ហើយ​ទាមទារ​ឲ្យ​តុលាការ សើរើ​រឿង​នោះ ឡើងវិញ និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដែល​ជា​ស្ត្រី​សកម្មជន​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ