អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​ធម្មការ​និង​សាស​នា៖ ទង្វើ​របស់​លោក​ធាន វុទ្ធី គ្រាន់​តែ​ជា​កំហុស ដែល​កើត​ឡើង​ដោយ​គ្មាន​ការ​ពិចារណា​គ្រប់​គ្រាន់

​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៨​ខែ​សីហា ក្រសួង​ធម្មការ​និង​សាសនា បាន​ចាត់​ទុក​ទង្វើ​របស់​បុគ្គល​ធាន វុទ្ធី ដែល​បាន​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រី ថា​ ​គ្រាន់​តែ​ជា​កំហុស ដែល​កើត​ឡើង​ដោយ​គ្មាន​ការ​ពិចារ​ណា​គ្រប់​គ្រាន់​។ ទៅ​ថ្ងៃ​មុខ ក្នុង​ករណី​ដែល​បុគ្គល​ធាន វុទ្ធី ប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​ពី​ការ​ពិត​នៅ​ក្នុង​ច្បាប់​រដ្ឋ និង​ព្រះ​ពុទ្ធ​សាសនា​ទៀត បុគ្គល​ធាន វុទ្ធី​នេះ នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​បុគ្គល​ធាន វុទ្ធី​នេះ ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ទណ្ឌ​អ្វី​ខ្លះ នៅ​ចំពោះ​មុខ​អំពើ​ដែល​បាន​ធ្វើ​កន្លង​មក​។

បុគ្គលក ធាន វុទ្ធី ចូលខ្លួនមកសារភាពកំហុសនៅក្រសួងធម្មការ និងសាសនា។
បុគ្គលក ធាន វុទ្ធី ចូលខ្លួនមកសារភាពកំហុសនៅក្រសួងធម្មការ និងសាសនា។ ទំព័រ Facebook របស់ក្រសួងធម្មការ និងសាសនា
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​៨​ខែ​សីហា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ជាមួយ​គណៈសង្ឃ​នាយក និង​គណៈ​អភិបាល​ខេត្ត​កណ្ដាល ដោយ​ចាត់​ទុក​ទង្វើ​របស់​បុគ្គល​ធាន វុទ្ធី ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​នេះ ថា​ជា​កំហុស​ដែល​កើត​ឡើង​ដោយ​មិន​មាន​ការ​ពិចារណា​គ្រប់​គ្រាន់ និង​មិន​បាន​យល់​ច្បាស់​អំពី​ច្បាប់​រដ្ឋ និង​ធម៌​វិន័យ​នៃ​ព្រះ​ពុទ្ធ​សាសនា​។

សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ ចេញ​ផ្សាយ​បន្ទាប់​ពី បុគ្គល​ធាន វុទ្ធី បាន​ឆ្លើយ​​សារភាព​ទទួល​ស្គាល់​កំហុស មិន​គេច​វេស និង​បាន​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​ផ្ទុយ​ពី​អ្វី​ដែល​ជា​ការ​ពិត នៅ​ក្នុង​ច្បាប់​រដ្ឋ និង​ព្រះ​ពុទ្ធ​សាសនា​ត​ទៅ​ទៀត​។ ហើយ​ក្នុង​ករណី​ដែល​បុគ្គល​ធាន វុទ្ធី មិន​គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន ដែល​បាន​ផ្តិត​មេដៃ​ទទួល​ស្គាល់​កំហុស កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា នោះ​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​បុគ្គល​ធាន វុទ្ធី​នេះ ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​អ្វី​ខ្លះ នៅ​ចំពោះ​មុខ​អំពើ​ដែល​បាន​ធ្វើ​កន្លង​មក​។

ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុន​ទិញ ប្រធាន​បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី យុត្តិ​ធម៌​សង្គម បាន​ហៅ​​បុគ្គល​ធាន វុទ្ធី ថា​ជា​បុគ្គល​ពាល​ក្នុង​សាសនា។ ហើយ​ថា បុគ្គល​ដែល​បាន​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រី​នេះ គួរ​តែ​ត្រូវ​បាន​ពិន័យ​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​មួយ​។ ប៉ុន្តែ​ បើ​តាម​លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ទង្វើ​របស់​បុគ្គល​ធាន វុទ្ធី ប្រសិន​បើ​ត្រូវ​ចោទ​ពី​បទ​ឆបោក​មែន​នោះ គឺត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ កម្រិត​មជ្ឈឹម​តែ​ប៉ុណ្ណោះ​​។ លោក​សុក សំអឿន៖
 

ដោយ​ឡែក ចំពោះ​វត្ត​ទួល​រាជា ក្រសួង​ធម្មការ​និង​សាសនា គណៈសង្ឃ​នាយក និង​អាជ្ញាធរ​ខេត្ត​កណ្ដាល នឹង​រៀប​ចំ​និមន្ត​ព្រះ​សង្ឃ​មក​គង់​នៅ ព្រម​ទាំង​បង្កើត​គណៈកម្មការ​អាចារ្យ​វត្ត សម្រាប់​គ្រប់​គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ទំនៀម​ទម្លាប់ ប្រពៃណី ព្រះ​ពុទ្ធសាសនា និង​ច្បាប់​របស់​រដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ