អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ ៩​ បន្ថែម​ទៀត!

ក្រសួង​បរិស្ថាន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៧ ​តុលា​នេះ​ ថា​ ក្រសួង​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន​ ៩ ​ហើយ​សម្រួល​ចំនួន​ ២​ ក្រុម​ហ៊ុន ​បន្ថែម​ពី​លើ​ក្រុម​ហ៊ុន​ ៨​ ដែល​ក្រសួង​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​ចំនួន​។ ​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​ការ​ដក​ហូត​នេះ ​ប៉ុន្តែ ​ស្នើ​​ឲ្យ​ក្រសួង​ និង​រដ្ឋាភិបាល​គិត​គូរ​បន្ថែម​ពី​សហគមន៍​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក សាយ ​សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ដក​ហូត​ដី​សម្បទានសេដ្ឋកិច្ច​ចំនួន​៩​ពី​ក្រុម​ហ៊ុន​ឯក​ជន​។
លោក សាយ ​សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ដក​ហូត​ដី​សម្បទានសេដ្ឋកិច្ច​ចំនួន​៩​ពី​ក្រុម​ហ៊ុន​ឯក​ជន​។ RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ រសៀល​ថ្ងៃ​សុក្រ ទី ១៧ តុលា​នេះ​ថា ក្រសួង​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១១ នៅក្នុង​ខេត្តមណ្ឌលគិរី​ចំនួន ៣ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​ចំនួន ៣ ខេត្តបន្ទាយមា​ន​ជ័យ​ចំនួន១ ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​ចំនួន ១ ខេត្ត​ឧ​ត្ត​មានជ័យ​ចំនួន ១ ខេត្តបាត់ដំបង​ចំនួន ១ និង​ខេត្តក្រចេះ​ចំនួន ។

ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់ម៉ឺន​ហិច​តា​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ក្រសួង​ពិនិត្យ​ទៅ​ឃើញថា ក្រុមហ៊ុន​អស់ទាំង​នេះ មិនបាន​គោរព​ទៅតាម​គោលការណ៍​ព្រម​ព្រៀង​ជាមួយនឹង​រដ្ឋាភិបាល ក្នុង​ការយក​ដី​ទាំងអស់នោះ​ទៅធ្វើ​ការអភិវឌ្ឍ។ ចំណែក​ក្រុមហ៊ុន​ខ្លះទៀត​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ។ នេះ​ជា​វិធាន​ការ​​ថ្មី​ទៀត​ដែល​រដ្ឋាភិបាល​បាន​ចាត់​ឡើង​ចំពោះ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។ ដី​សម្បទាន​​សេដ្ឋកិច្ច​ដែល​តែង​បង្កបញ្ហា​ក្តៅគគុក​ចំពោះ​បរិស្ថាន​និង​ប្រជាជន​នៅក្នុង​តំបន់​នោះ។

ចំណាត់ការថ្មីៗទាំងនេះ​បានទទួល​ការ​សាទរ​ពី​អ្នកធ្វើ​ការពាក់ព័ន្ធ​បញ្ហាដីធ្លី។ យ៉ាងណា​ក៏​ដោយ លោក ឡា​ត់ គី ប្រធាន​ផ្នែក​ដីធ្លី របស់​អង្គការ​អាដហុក បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កន្លងមក​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា តែ មិន​បាន​គោរព​តាម​គោល​ការត្រឹមត្រូវ​នោះទេ។ ក្រុមហ៊ុន​ខ្លះ​មិន​ត្រឹមតែ​ព្រៃឈើ​ដូនតា​របស់​ប្រជា​ជន​ភាគតិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ថែម​ទៀត​​ផង។

លោក​បាន​បន្តថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ដែលមាន​ជម្លោះ​ជាមួយនិង​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើនជាង​នេះ ព្រោះ​កន្លងមក បញ្ហា​ភាគច្រើន​របស់​ពួកគាត់​មិនត្រូវ​បាន​ដោះស្រាយ​នោះទេ។  សូមបញ្ជាក់ថា កន្លងមក​រដ្ឋា​ភិបាល​​កម្ពុជា បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន ១១១ ក្រោម​ការទទួលខុស​ត្រូវ​ពី​ក្រសួងបរិស្ថាន។ ចាប់តាំងពី​រដ្ឋមន្ត្រី​ថ្មី​ឡើងកាន់តំណែង វិធានការ​មួយចំនួន​ត្រូវបាន​ចាត់​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ គេ​មិនទាន់​ដឹងថា​វិធានការ​ទាំងនោះ​មាន​ប្រសិទ្ធភាព​កម្រិតណា​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ