អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌​មាន​អំពាវ​នាវ​ឱ្យ​ហ្វេស​ប៊ុក​ចែក​រំលែក​តែព័ត៌​មាន​ពិត​

នៅ​ក្រោយ​ការ​បោះ​ឆ្នោត ខណៈ​ដែល​ស្ថានការណ៍​នយោបាយ ហាក់​ដូចជា​តាន​តឹង ពេល​នេះ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​អំពាវ​នាវ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម អោយ​​​ចុះផ្សាយ​ព័ត៌មាន ធ្វើ​អត្ថាធិ​ប្បាយ និង​​ចែក​រំលែក​ព័ត៌មាន ដោយ​ផ្អែក​តាម​ព័ត៌មាន​ពិត​ជាក់​ស្តែង ប្រកប​ដោយ​វិជ្ជាជីវៈ និង​លើក​កម្ពស់​សីលធម៌ ជាដើម។ ក្នុង​សេចក្តី​អំពាវ​នាវ​ចុះ​ថ្ងៃ​ទី១៥​ សីហា ក្រសួង​ព័ត៌មាន​ក៏បាន​ដាស់​តឿន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ត្រូវ​រួមគ្នាចៀស​វាង​ការ​ចុះផ្សាយ​ព័ត៌​មាន និង​ការចែក​រំលែក​ព័ត៌​មាន ដែល​មិនមាន​ប្រភព​ច្បាស់​លាស់ បំប៉ោង បំភិត​បំភ័យ ញុះញង់ អុជ​អាល ប៉ុនប៉ង​ឲ្យ​មាន​អំពើ​ហិង្សា និង​ការភ័យ​ខ្លាច​ក្នុងសង្គម។

លោក​ខៀវ កាញារិទ្ធិ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​
លោក​ខៀវ កាញារិទ្ធិ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក គោរព​វិជ្ជាជីវៈ​សារព័ត៌មាន និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិតប្រាកដ​ ចៀសវៀង​ការ​ញុះញង់​អុជអាល ដែល​បង្ក​ការ​ភ័យ​ខ្លាច​ក្នុងសង្គម។

ក្នុង​លិខិត​ចុះផ្សាយ​ កាល​យប់​ពីថ្ងៃ​ទី១៥ សីហា ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទទួលបាន ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា ដើម្បី​រក្សា​នូវ​ស្ថិរភាព​សង្គម និង​ការពារ​នូវ​បាតុភាព​ដែល​នាំ​ដល់​អំពើហិង្សា​នោះ គ្រប់​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​គេច​ង់​សំដៅលើ ហ្វេ​ស​ប៊ុ​ក នោះ ត្រូវ​ឈរលើ​ភាពជាក់លាក់​ត្រឹមត្រូវ​ ដោយ​ផ្អែក​តាម​ព័ត៌មាន​ពិត​ជាក់ស្តែង​ប្រកបដោយ​វិជ្ជាជីវៈ នឹងមិន​​ចុះផ្សាយ​ព័ត៌មាន និង​ចែករំលែក​បន្ត​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក។

ប្រការ​ដែល​ព័ត៌មាន​ទាំងអស់​ឈរលើ​ភាពជាក់លាក់ មិន​បំ​ផ្លើស​​នេះ​ហើយ ​ដែល​ក្រសួង​ព័ត៌មាន​បាន​អះអាងថា នឹង​ចៀសវាង​បាន​នូវ​ការ​បំប៉ោង បំភិតបំភ័យ ញុះញង់​អុជអាល​ប៉ុនប៉ង​ឱ្យមាន​អំពើហិង្សា និង​ការភ័យខ្លាច​ក្នុងសង្គម។ ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បច្ចុប្បន្ន បានក្លាយ​ទៅជា​ឧបករណ៍​ឃោសនា​នយោបាយ និង​ឧ​បករ​ណ៍​​បំពង​សម្លេង​យ៉ាង​មាន​សក្តានុពល​ក្នុងសង្គម​ខ្មែរ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ​ជា​យុវជន​ជា​អ្នក​ប្រើប្រាស់។

នេះ​ជា​សេចក្តីអំពាវនាវ​លើក​ទី៣ហើយ ដែល​ចេញ​បន្តបន្ទាប់​គ្នា ទាំង​ស្ថាប័ន​​ព្រះមហាក្សត្រ និង​ក្រសួងមហាផ្ទៃ ក្រោយ​ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ ថ្ងៃទី២៨ កក្កដាថ្មីៗនេះ។ គួររំលឹកថា កាលពី​ថ្ងៃទី៧ សីហា​កន្លងទៅនេះ ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី ក៏បាន​អំពាវ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ពិភាក្សា​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ចំណែកឯ​ក្រសួងមហាផ្ទៃ​វិញ ថែមទាំង​បាន​ព្រមាន​ដល់​លោក សម រង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង ឱ្យទទួល​ខុសត្រូវ​លើ​ឧបទ្ទវ​ហេតុ ​ប្រសិនបើ​គណបក្ស​មួយ​នេះ​ហ៊ាន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​មែន​នោះ។

គេ​នៅ​ចាំបាន​ថា ថ្ងៃទី២៨ កក្កដា​នោះ​ហើយ ដែល​កម្ពុជា​បានចាប់ផ្តើម​ស្គាល់​សារជាថ្មី​នៅ​កំដៅ​​តានតឹង​ផ្នែក​នយោបាយ​ ដោយ​សារ​គណបក្ស​ឈ្នះឆ្នោត​ក្នុង​សភា​ទាំងពីរ មិន​ព្រម​ចូល​តុ​ចរចារ​ដើម្បី​ដោះស្រាយ​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត និងដោយសារ​​ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ និង​គ្រឿង​សព្វាវុ​ធ​​ធុន​​ធ្ងន់​ នៅ​ទីក្រុង​ភ្នំពេញ។

យ៉ាង​ណាក៏​ដោយ ការ​អំពាវ​នាវ​របស់​ក្រសួង​ព័ត៌មាន​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ គោរព​វិជ្ជាជីវៈ​ និង​ផ្អែកលើ​ព័ត៌មាន​ពិតប្រាកដ​នាពេលនេះ ជាការ​ក្រើន​រំលឹក​​ដល់​អ្នកប្រើប្រាស់ និង​អ្នក​ទទួលដំណឹង​ អោយ​ចេះ​ថ្លឹងថ្លែង​មុន​នឹង​ចែក​ចាយ​ព័ត៌​មាន​ដោយ​ផ្អែកលើ​ស្មារតី​ផលប្រយោជន៍​ជាតិ​ជាធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ