អានតួអត្ថបទ
ជប៉ុន

ក្រុមសកម្មជន​សន្តិភាព​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​រង្វាន់​ណូបែលសន្តិភាព​ដល់​ប្រជាជន​ជប៉ុន​ទំាង​អស់

នៅ​ពេល​ដែល​រដូវ​រៀបចំ​ផ្តល់​រង្វាន់​ណូបែល​ឈាន​ជិត​មក​ដល់ ពិសេស​រង្វាន់​ណូបែល​សន្តិភាព ក្រុម​សកម្មជន​សន្តិភាព​បាន​នំា​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នំា ២០១៤ ដល់​ប្រជាជន​ជប៉ុន​ទំាង​មូល។ ការ​ទាមទារ​យ៉ាង​ដូច​នេះ​មក​ពី​ពួក​គេ​យល់​ថា ជប៉ុន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​ប្រកាន់​យក​រដ្ឋធម្មនុញ្ញសន្តិភាព​និយម​អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ។ តែ​ការ​ទាមទារ​ត្រូវ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន​របស់​លោក​នាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបេ​បាន​ប្រកាស​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដើម្បី​ពង្រីក​តួនាទី​កងទ័ព​ជប៉ុន​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន
លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​គំនិត​នេះ​ឡើង គឺ​ជា​ជនជាតិ​ជប៉ុន​មាន​ឈ្មោះ ណាវកូ តាកាស៊ូ អាយុ ៣៧ឆ្នំា។ លោក​តាកាស៊ូ​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា គំនិត​របស់​លោក​បាន​កើត​ឡើង បន្ទាប់​ពី​លោក​បាន​មើល​បទយកការណ៍​មួយ​តាម​ទូរទស្សន៍​ស្តីពី​ការ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ឲ្យ​សហភាព​អឺរ៉ុប។ បទយកការណ៍​នោះ​បាន​ធ្វើ​ឲ្យ​លោក​តាកាស៊ូ​នឹក​ឃើញ​ដល់​មាត្រាទី៩ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ជប៉ុន​អនុម័ត​ក្នុង​ឆ្នំា ១៩៤៧​ដែល​តម្រូវ​ឲ្យ​ជប៉ុន​មិន​ធ្វើ​សង្រ្គាម។ អ៊ីចឹង​ហើយ​បាន​ជា​គិត​មក​ដល់​ចុង​សប្តាហ៍​នេះ ក្រុម​អ្នក​រៀបចំ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​រង្វាន់ណូបែល​សន្តិភាព​ឲ្យ​ប្រជាជន​ជប៉ុន​​ប្រមែប្រមូល​បាន​ហត្ថលេខី​គំាទ្រ​ចំនួន​ជាង ១៥ម៉ឺននាក់។ គឺ​ជា​ចំនួន​ដ៏​ច្រើន​សម្បើម​មួយ​ដែល​ក្រុម​សកម្មជន​សន្តិភាព​យល់​ឃើញ​ថា ប្រជាជន​ជប៉ុន​ទំាង ១២៨លាននាក់​នឹង​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ដើម្បី​ទទួល​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នំា ២០១៤។

អ្វី​ជា​ការ​កត់សម្គាល់ កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ រដ្ឋាភិបាល​ជប៉ុន​របស់​លោក​នាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបេ​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​ជប៉ុន​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ប្រតិបត្តិការ​ក្រៅ​ប្រទេស​ជាមួយ​កម្លំាង​សម្ព័ន្ធមិត្ត ឬ​ក៏​ជួយ​សម្ព័ន្ធមិត្ត​ដែល​ទទួល​រង​ការ​វាយប្រហារ។ តែ​លោក​ស៊ីនហ្សូ អាបេ​បាន​ចេញ​មុខ​ធានា​នៅ​ពេល​ថ្មីៗ​នេះ​ថា ជប៉ុន​នឹង​មិន​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​ដើម្បី​ការពារ​ប្រទេស​បរទេស​ណា​មួយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ចិត្ត​របស់​លោក​ស៊ីនហ្សូ អាបេ​បាន​បង្ក​ឲ្យ​មាន​ភាព​ក្តៅក្រហាយ​ពី​ប្រជាជន​ជប៉ុន​មួយ​ភាគ​ធំ ពិសេស​ពី​ប្រទេស​ចិន​ដែល​កំពុង​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​ជាមួយ​ជប៉ុន។

រីឯ​ក្រុមសកម្មជន​សន្តិភាព​ក៏​បាន​ប្រឆំាង​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ដែរ ដោយ​ពួក​គេ​បាន​អះអាង​ថា គឺ​ដោយសារ​តែ​មាត្រា​ទី៩ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​អនុម័ត​ក្នុង​ឆ្នំា ១៩៤៧ កាល​ណោះ​ឯង​ដែល​បាន​អនុញ្ញាត​ឲ្យ​ជប៉ុន​មិន​ស្គាល់​សង្រ្គាម​ក្នុង​រយៈពេល​ជាង ៦៩ឆ្នំា។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ជប៉ុន​ជាង​ពាក់កណ្តាល​ចង់​បន្ត​រក្សា​ច្បាប់រដ្ឋធម្មនុញ្ញសន្តិភាព​និយម។ យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​មនុស្ស ឬ​អង្គការ​ដែល​ត្រូវ​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០១៤ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ខែ​តុលា​ខាង​មុខ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ