អានតួអត្ថបទ
ប៉ាឡេស្ទីន

នៅទីបំផុត ទង់ជាតិ​ប៉ាឡេស្ទីន​ត្រូវ​បង្ហូត​ឡើង​ ​នៅ​អង្គការ​សហប្រជាជាតិ

នៅថ្ងៃ​ពុធ នេះ ជាលើក​ទី១ ក្នុង​ប្រវត្តិសាស្រ្ត ទង់ជាតិ​ប៉ាឡេស្ទីន​ត្រូវ​ដាក់​បង្ហូត​ឡើង ជាផ្លូវការ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ញូវយ៉ក។​ កាលពី​ថ្ងៃ​ទី ១០​កញ្ញា ​ប្រទេស​១១៩ បោះឆ្នោត គាំទ្រ​ជាឯកច្ឆន្ទ សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដែល​អនុញ្ញាត​ឲ្យគេ​ទង់ជាតិ​ប៉ាឡេស្ទីន នៅ អម​ជាមួយ​ទង់ជាតិ​របស់​ប្រទេស​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។ 

ទង់ជាតិ​ក្រហម បៃតង​ខ្មៅ និង​សរបស់​ប៉ាឡេស្ទីន​បក់​រវិច នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ តាំងពីថ្ងៃ​ទី ៣០​កញ្ញា ២០១៥
ទង់ជាតិ​ក្រហម បៃតង​ខ្មៅ និង​សរបស់​ប៉ាឡេស្ទីន​បក់​រវិច នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ តាំងពីថ្ងៃ​ទី ៣០​កញ្ញា ២០១៥ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

ទង់ជាតិ​ប៉ាឡេស្ទីន នឹង​បក់​រវិច ជាមួយ​នឹង​ទង់ជាតិ របស់​ប្រទេស​ផ្សេងទៀត ដែល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។ ប្រជាជន​ប៉ាឡេស្ទីន​មាន​មោទនភាព​ខ្លាំង​ ព្រោះថា ការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន នៅ​ឆាក​អន្តរជាតិ គឺជា​អ្វី​ដែល​ប៉ាឡេស្ទីន។

 

ពិធី​បង្ហូត ទង់ជាតិ ពណ៌ក្រហម ខ្មៅ ស និង​បៃតង​នឹង​ធ្វើឡើង នៅក្បែរ​ដងទង់ជាតិ​របស់​វ៉ាទីកង់ នៅ​សួនច្បារ របស់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ គឺ​នៅ​ក្រោយ​ការឡើង​ថ្លែង​សុន្ទរកថា របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាម៉ូដ អាបាស។ តាំង​ពី​ថ្ងៃ​ពុធ គឺ​នៅ​មួយថ្ងៃ មុន ពិធី​បង្ហូត​ទង់ជាតិ​ប៉ាឡេស្ទីន នៅក្នុង​អត្ថបទ​របស់​លោក ចុះផ្សាយ​ក្នុង​កាសែត​Huffington Post លោក​ប្រធាន​រដ្ឋប៉ាឡេស្ទីន ម៉ាម៉ូដ អាបាស​បាន​ចាត់ទុក​ព្រឹត្តិការណ៍ នៅ​ថ្ងៃ​ពុធ ថា ជា​ថ្ងៃ​រំភើប និង​មោទនភាព សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ទាំងមូល។

 

សម្រាប់​ប្រធានរដ្ឋ​ប៉ាឡេស្ទីន ជនជាតិ​ប៉ាឡេស្ទីន​បាន​ដើរ​នយោបាយ​សន្តិភាព ដើម្បី ទាមទារ​ឲ្យ​មាន​ទង់ជាតិ​របស់ខ្លួន នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។

 

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដោយសារ​ដំណើរការ​ចរចា​ស្វែងរក​សន្តិភាព ជាមួយ​អ៊ីស្រាអែល ត្រូវ​ជាប់គាំង រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ងាក​មក​ធ្វើ​នយោបាយ​ការទូត ដើម្បី​ស្វែងរក​ការគាំទ្រ ការទទួល​ស្គាល់​នៅ​ឆាក​អន្តរជាតិ។ នៅ​ឆ្នាំ ២០១២ ប៉ាឡេស្ទីន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បោះឆ្នោត ឲ្យ​ចូល​ជា​សមាជិក​រដ្ឋសង្កេតការណ៍។ នេះ​ជា​ជ័យជំនះ មួយ របស់​ប៉ាឡេស្ទីន ​នៅ​ក្នុង​យុទ្ធនាការ​ផ្លូវទូត​ដើម្បី​សុំ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ។

 

ប្រជាជន​ប៉ាឡេស្ទីន​យល់​មិនដូចគ្នា ក្នុងរឿង​មាន​ទង់ជាតិ​របស់ខ្លួន នៅ​អង្គការ​សហប្រជាជាតិ

សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន មួយចំនួន ការបង្ហូត​ទង់ជាតិ ប៉ាឡេស្ទីន នៅថ្ងៃ​ពុធ​នេះ រឹត​តែ​ជា​និមិត្តរូប ដ៏សំខាន់ និង​ផ្តល់​ក្តីសង្ឃឹម​បន្ថែមទៀត សម្រាប់​ប៉ាឡេស្ទីន ក្នុង​ដំណើរការ​ទាមទារ ជា​រដ្ឋឯករាជ្យ មួយ។ ប៉ុន្តែ មិនមែន​ប្រជាជន​ប៉ាឡេស្ទីន ទាំងអស់​សុទ្ធ​តែ​អបអរ​សប្បាយចិត្ត​នឹង​ដំណឹង​ថ្ងៃ​នេះទេ។ តាម​ការសាកសួរ​របស់​អ្នកកាសែត​របស់​វិទ្យុបារាំង​អន្តរជាតិ rfi នៅ​តំបន់ Cisjordanie ជាដើម ដែល​មួយផ្នែក​ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទាហាន​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​មួយចំនួន មិន​អើពើ ត្រេកត្រអាល នឹង​ឃើញ​ទង់ជាតិ ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ​អ្វី​ទេ។ ពួកគេ​ចង់​ឃើញ​សកម្មភាព​ជាក់ស្តែង ជាជាង សំដី ព្រោះថា ទង់ជាតិ របស់​ប៉ាឡេស្ទីន នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​គ្រាន់​តែ​ជានិមិត្តរូប ដែល​នឹង​មិន​ហុចផល ជាក់ស្តែង​អ្វីទេ។ អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីន​ចង់​បាន​បំផុត គឺ​សកម្មភាព​នយោបាយ​ទាំងឡាយ​ណា​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន ដែល​នឹង​ជួយជំរុញ ឲ្យ​អ៊ីស្រាអែល ដកទ័ព ចេញ​ពី​ Cisjordanie និង​ឈប់​បិទ​សិទ្ធិ ប្រជាជន​ប៉ាឡេស្ទីន នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន តទៅទៀត។

 

ទោះជា​ថ្ងៃ​បង្ហូត​ទូតជាតិ​ប៉ាឡេស្ទីន គ្រាន់​តែ​ជានិមិត្តរូប ប៉ុន្តែ វា​ជា​ព្រឹត្តិការណ៍​សំខាន់​មួយដែរ សម្រាប់​ដាស់ ពញ្ញាក់​ស្មារតី អង្គការ​សហប្រជាជាតិ​ឲ្យ​បើក​ភ្នែក យក​ចិត្ត​ទុកដាក់​មើល​បញ្ហា​របស់​ប៉ាឡេស្ទីន​ផង។ ត្រូវ​ដឹងថា កន្លងមក ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ធ្លាប់​ជា​សំណុំរឿង​ក្តៅគគុក នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ សព្វថ្ងៃ​នេះ នៅ​ក្នុង​ការពិភាក្សា​ថ្នាក់​អន្តរជាតិនានា បញ្ហា​ប៉ាឡេស្ទីន អ៊ីស្រាអែល មិនសូវ​ត្រូវ​គេ​លើក​មក​និយាយ​ទេ។ ផ្ទុយទៅវិញ គេ​លឺ​និយាយ​តែ​ ដោយសារ​ជម្លោះ​នៅ​ស៊ីរី ក្រុមភេរវនិយម ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ឬ​បញ្ហា​ជនអន្តោប្រវេសន៍ ដែល​កំពុង​ក្លាយ​ជា​រឿង​ឈឺក្បាល​របស់​អឺរ៉ុប តែប៉ុណ្ណោះ។

 

អាមេរិក៖​ទង់ជាតិ​ប៉ាឡេស្ទីន​នឹង​មិនអាច​ជំនួស​ការចរចា​សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីន

ក្នុង​ចំណោម ប្រទេស​ទាំង​៨​ដែល​បាន​បោះឆ្នោត កាលពី​ដើម​ខែ​កញ្ញា កុំប្រឆាំង ​ឲ្យ​ទង់ជាតិ ប៉ាឡេស្ទីន អាច​ត្រូវ​បង្ហូត  ​នៅ​អង្គការសហប្រជាជាតិ មាន​ផងដែរ អ៊ីស្រាអែល អាមេរិក និង​កាណាដា​ដែល​ជា​សម្ព័ន្ធមិត្ត។ អ៊ីស្រាអែល​បាន​ចាត់ទុក ការបង្ហូត​ទង់ជាតិ ប៉ាឡេស្ទីន​ថា ជា​និមិត្តរូប ដែល​គ្មាន​ន័យ។ ចំណែក​អាមេរិក​វិញ ដែល​បាន​បោះឆ្នោត​ប្រឆាំង ព្រោះថា សម្រាប់​អាមេរិក ទង់ជាតិ​របស់​ប៉ាឡេស្ទីន នឹង​មិន​អាច​ជំនួស​ការចរចា​រក​សន្តិភាព ប៉ាឡេស្ទីន អ៊ីស្រាអែល​បានទេ។ តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ដើម្បី​អាច​ក្លាយ​ជា​រដ្ឋឯករាជ្យ ប៉ាឡេស្ទីន​ត្រូវ​ចរចា​ដោយផ្ទាល់​ជាមួយ​អ៊ីស្រាអែល។

 

នៅ​អង្គការ​សហប្រជាជាតិ ប៉ាឡេស្ទីន​ទទួល​បាន​ជ័យជំនះ ដោយ​ឃើញ​ទង់ជាតិ​របស់ខ្លួន បង្ហូត ឡើង​ជាលើក​ទី១ នៅក្នុង​ចំណោម​ទង់ជាតិ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ នៅក្នុង​ស្ថានភាព​ជាក់ស្តែង អាជ្ញាធរ​ប៉ាឡេស្ទីន​កំពុង​ស្ថិតនៅ​កន្លែង​ទ័លច្រក។ ការចរចា​ សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ជាប់គាំង តាំង ពី​ឆ្នាំ ២០១៤ គឺ បន្ទាប់ពី អាមេរិក ដែល​ជា​អាជ្ញាកណ្តាល បរាជ័យ មិនអាច​នាំ​ភាគី​ជម្លោះ​ទាំង២ ឲ្យ​ចរចា​និយាយ​ត្រូវគ្នា។ នេះ​គេ​នៅមិនទាន់​និយាយ​ពី ភាពតានតឹង ការប្រឈមមុខ​ដាក់គ្នា ដ៏​ហិង្សា នៅ​ប៉ុន្មាន​សប្តាហ៍នេះ រវាង​អាជ្ញាធរ​អ៊ីស្រាអែល​ជាមួយ ប្រជាជន​ប៉ាឡេស្ទីន នៅ​ជេរូសាឡឹម ខាងកើត ដែល​ជាទឹកដី​របស់​ប៉ាឡេស្ទីន ប៉ុន្តែ គ្រប់គ្រង​ដោយ​ទាហាន​អ៊ីស្រាអែល។

 

អ្នកជំនាញ​ជាច្រើន បារម្ភថា បើសិន ភាពតានតឹង​នៅតែបន្ត នៅ​ទីលានវិហារ​អ៊ីស្លាម នោះ សង្រ្គាម​គប់ដុំថ្ម intifada​លើក​ទី៣ របស់​ប៉ាឡេស្ទីន ទៅ​លើ​អ៊ីស្រាអែល នឹង​អាច​ផ្ទុះ ឡើងវិញ ព្រោះថា សង្រ្គាម​គប់ដុំថ្ម intifada លើក​ទី ២ បាន​ផ្ទុះឡើង នៅក្រោយ ការប្រឈមមុខ​ដ៏ហិង្សា នៅ​l’esplanade des Mosquéesនេះឯង។

 

តាមការស្ទង់មតិ ប្រជាជន​ប៉ាឡេស្ទីន​ជាងពាក់កណ្តាល ចង់​បាន​ការដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីស្រាអែល តាម​ផ្លូវ​កម្លាំង​បាយ គឺ​ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ចាប់កាន់​អាវុធ​ដូចមុន ប្រឆាំង​នឹង​អ៊ីស្រាអែល។ ប្រជាជន​ប៉ាឡេស្ទីន​ពីរ​ភាគ បី​ចង់​ឲ្យ​លោក​ម៉ាម៉ូដ អាបាស​ចុះចេញ​ពីតំណែង​ជា​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន។

 

ស្ថិតនៅក្នុង​ស្ថានភាព​បែបនេះ ដំណោះស្រាយ​សន្តិភាព ដែល​នៅក្នុង​នោះ សហគមន៍​អន្តរជាតិ កំពុង​ចង់​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​រដ្ឋ​ពីរ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល រស់នៅ​ជិតខាងគ្នា នោះ គ្រាន់​តែ ជា​គំនិត​ស្រមើស្រមៃ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ