អានតួអត្ថបទ
អ​.ស.ប-នុយក្លេអ៊ែរ

សន្និសីទ​សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​បរាជ័យ​ក្នុង​ការ​បង្កើត​តំបន់​គ្មាន​អាវុធនុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា

សន្និសីទ​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​បើក​ធ្វើ​​នៅ​ទីក្រុង​ញូវយ៉ក តាំង​ពីថ្ងៃ​ទី២៧​មេសា​មកនោះ បាន​បិទបញ្ចប់​កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ ក៏ប៉ុន្តែ បិទបញ្ចប់​ទៅ​ដោយ​បរាជ័យ​ក្នុងការ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ នៅ​មជ្ឈិមបូព៌ា។ សេចក្តីព្រាង​សេចក្តីសម្រេច ដែល​ជា​ការ​ផ្តួចផ្តើម​គំនិត​របស់​បណ្តា​ប្រទេស​អារ៉ាប់​ មិន​អាច​អនុម័ត​ចេញ​ទៅរួច ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត។

សន្និសីទ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ទីស្នាក់ការ​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក
សន្និសីទ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ទីស្នាក់ការ​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក Reuters/Chip East
ផ្សាយពាណិជ្ជកម្ម

​សេចក្តីព្រាង​សេចក្តីសម្រេច​ ដែល​គាំទ្រ​ដោយ​បណ្តា​ប្រទេស​អារ៉ាប់ បាន​កំណត់​យក​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៦ គឺ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ ក្នុងការ​កោះប្រជុំ​សន្និសីទ​ស្តីពី​ការ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា ព្រមទាំង​ដាក់​បន្ទុក​ឲ្យ​លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប ជា​អ្នក​ដឹកនាំគម្រោង​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នេះ។ ក៏ប៉ុន្តែ សេចក្តីព្រាង​នេះ​ត្រូវ​ជាប់គាំង ដោយ​សារតែ​មាន​ការ​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក អង់គ្លេស និង​កាណាដា។

មន្រ្តីការទូត​របស់​ប្រទេស​ទាំង៣នេះ បាន​ធ្វើការ​ពន្យល់ថា ពួកគេ​មិន​ប្រឆាំង​នឹង​គម្រោង​បង្កើត​តំបន់​គ្មាន​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា​នេះ​ទេ ក៏ប៉ុន្តែ ពួកគេ​មិន​ឯកភាព​នឹង​ការ​​ចេញសេចក្តីសម្រេច​​ដាក់ឱសានវាទ ដោយ​មិន​មាន​ការព្រមព្រៀង​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ។

ក៏ប៉ុន្តែ អ៊ីរ៉ង់វិញ​​ ក្នុងនាម​ក្រុម​ប្រទេស​មិន​ចលបក្សសម្ព័ន្ធ​ បាន​ធ្វើការ​ស្តីបន្ទោស​ដល់​ប្រទេស​ទាំង៣​នេះ​ថា​បាន​រារាំង​គម្រោង​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ភាគច្រើន ដើម្បី​គ្រាន់តែ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​មួយ ដែល​មិនស្ថិត​ក្នុង​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។

អ៊ីស្រាអែល ដែល​ជា​ប្រទេស​តែមួយគត់​​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ដែល​មិនមែន​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​បាន​ចូលរួម​ក្នុង​សន្និសីទ​ក្នុងឋានៈ​ជា​អ្នក​សង្កេតការណ៍​ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ខ្លួន​នឹងមិន​​ចូលរួម​ក្នុង​សន្និសីទ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ ទៅតាម​កាលបរិច្ឆេទ និង​របៀបវារៈ ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​អ.ស.ប​នោះទេ។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​អ៊ីស្រាអែល​នេះ​ហើយ ដែល​ជា​ហេតុផល​ដ៏សំខាន់​មួយ នាំ​ឲ្យ​​គម្រោង​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា ដែល​ចាប់កំណើតឡើង តាំង​ពី​ឆ្នាំ​១៩៩៥​មក​នោះ នៅតែ​មិន​អាច​ចេញ​ជា​រូបរាង​បាន​មក​ទល់​នឹង​សព្វថ្ងៃ។ គួររំឭកឡើងវិញ​ថា នៅ​ក្នុង​អំឡុង​សន្និសីទ​ឆ្នាំ​២០១០ ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ធ្លាប់​​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ កំណត់​ឲ្យ​បើក​ធ្វើ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​នេះ នៅ​ឆ្នាំ​២០១២ ក៏ប៉ុន្តែ សន្និសីទ​នេះ​មិន​អាច​បើក​ធ្វើ​ទៅបាន ដោយសារ​តែ​អ៊ីស្រាអែល​មិនព្រម​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ