អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖មេកើយម្នាក់ រួម​នឹង​សកម្មជន​ជា​ច្រើន​របស់​ចលនា​ភាតរអ៊ីស្លាម​បាន​ទទួល​ទោសប្រហារជីវិត

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ប្រតិបត្តិការ​កំចាត់​សកម្មជន​របស់​ចលនា​ភាតរអ៊ីស្លាម​តាម​ផ្លូវ​តុលាការ​កំពុង​បន្ត​មាន​យ៉ាង​សកម្ម។ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១១ មេសា មាន​មនុស្ស​សរុប​ចំនួន ៥១នាក់​របស់​ចលនា​ភាតរអ៊ីស្លាម​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត និង​ដាក់​គុក​អស់​មួយ​ជីវិត​ពី​បទ​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ និង​ការ​ប្រើ​អំពើហិង្សា​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣។

មេកើយ​ចលនា​ភាតរអ៊ីស្លាម Mohammed Badie នៅ​ក្នុងសាលាក្តី
មេកើយ​ចលនា​ភាតរអ៊ីស្លាម Mohammed Badie នៅ​ក្នុងសាលាក្តី REUTERS/Al Youm Al Saabi Newspaper
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អ្នក​ដែល​ទើប​ទទួល​ទោស​ទំាង ៥១នាក់ មាន ១៤នាក់​បាន​ទទួល​ទោស​ប្រហារ​ជីវិត និង​៣៧នាក់​ផ្សេង​ទៀត​ទទួល​ទោស​ជាប់​គុក​អស់​មួយ​ជីវិត ហើយ​ក្នុង​ចំណោម​អ្នក​ទទួល​ទោស​ប្រហារ​ជីវិត​ទំាង ១៤នាក់​នោះ មាន​មា្នក់​ជា​មេចលនា​ភារតអ៊ីស្លាម​ឈ្មោះ​ម៉ូហាម៉េត បាឌី​ដែល​ធា្លប់​បាន​កាត់ទោស​ប្រហារ​ជីវិត​ម្តង​ក្នុង​ខែ​មករា ឆ្នំា ២០១៤ កន្លង​ទៅ។ រីឯ​ក្នុង​ចំណោម​អ្នក​ទទួល​ទោស​ជាប់​គុក​អស់​មួយ​ជីវិត គេ​ឃើញ​មាន​វត្តមាន​លោក​ម៉ូហាម៉េត សូលតាន​ដែល​មាន​សញ្ជាតិ​ពីរ គឺ​អេហ្ស៊ីប និង​អាមេរិកំាង ដោយ​ជាប់​ចោទ​ពី​បទ​បាន​ជួយ​គំាទ្រ​ចលនា​ភាតរអ៊ីស្លាម និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ លោក​ម៉ូហាម៉េត សូលតាន គឺ​ជា​កូនប្រុស​របស់​លោក​សាឡា សូលតាន​ដែល​មាន​ឈ្មោះ​ជា​អ្នកទោស​ប្រហារជីវិត​ដែរ។

អ្នក​ទទួល​ទោស​ទំាង ៥១នាក់​សុទ្ធសឹង​ជា​សកម្មជន​របស់​ចលនា​ភាតរអ៊ីស្លាម​ដែល​បាន​គំាទ្រ​លោក​អតីត​ប្រធានាធិបតី​ម័រស៊ី។ លោក​ម័រស៊ី គឺ​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ស្របច្បាប់​ដែល​បាន​ធ្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣។ គួរ​រម្លឹក​ជូន​ថា នៅ​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ម័រស៊ី របបសឹក​បាន​ចាប់​សកម្មជន​របស់​ចលនា​ភាតរអ៊ីស្លាម​ជា​ច្រើន​ពាន់​នាក់​យក​ទៅ​ឃុំ ហើយ​តុលាការ​ក៏​បាន​ផ្តើម​ធ្វើ​ការ​កាត់ទោស​ជា​បន្តបន្ទាប់។ លោក​ឧត្តមសេនីយ ប្រធានាធិបតី​សព្វថ្ងៃ​អាល់ស៊ីស៊ី​ដែល​ជា​មេរដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​យល់​ឃើញ​ថា ចលនា​ភាតរអ៊ីស្លាម​ជា​គ្រោះថ្នាក់​ខ្លំាង​ណាស់​សម្រាប់​សន្តិសុខជាតិ។ តែ​ពួក​ភាតរអ៊ីស្លាម​តែងតែ​អះអាង​ថា ការ​តស៊ូ​ប្រឆំាង​របស់​គេ​គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​ថា ពួក​គេ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅ​ក្រោយ​ការ​ទម្លាក់​លោក​ម័រស៊ី​កន្លង​មក​ទេ។

មេធាវី​ការពារ​កូនក្តី​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្រៅ​តុលាការ​ថា ការ​កាត់​ក្តី​បាន​រៀបចំ​ឡើង​ដោយ​គ្មាន​ជនជាប់​ចោទ​ណា​ម្នាក់​ទេ និង​ថា ចៅក្រម​ក៏​មិន​បាន​បែងចែក​ពី​ប្រភេទ​ទោស​របស់​ជនជាប់​ចោទ​ម្នាក់ៗ​ដែរ ពោល​គឺ​ដាក់​ក្នុង​ចង្កោម​ទោស​តែ​មួយ​ដូច​គ្នា។ រី​ឯ​អង្គការ​ការពារសិទ្ធិមនុស្ស​បាន​សម្លឹង​ឃើញ​ថា រាល់​សញ្ញា​ប្រឆំាង​ណា​មួយ​នៅ​អេហ្ស៊ីប​នឹង​ត្រូវ​ទទួល​ការ​វាយបក​វិញ​យ៉ាង​ចាស់​ដៃ​ពី​រដ្ឋអំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ