អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​ទទួល​រង​ការ​វាយប្រហារ​ពី​អង្គការ​រដ្ឋអ៊ីស្លាម?

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត អំពើ​ភេរវកម្ម​អត្តឃាត​ប្រឆំាង​នឹង​សហគមន៍​និកាយ​ស្ហ៊ីអ៊ីត​នៅ​ក្នុង​វិហារ​ស្ហ៊ីអ៊ីត​មួយ​នា​ថ្ងៃ​សុក្រ ទី២២ ឧសភា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ៨១នាក់ ក្នុង​នោះ​មាន​១២នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អង្គការ​រដ្ឋអ៊ីស្លាម តាម​រយៈ​សាខា​មួយ​របស់​ខ្លួន​ប្រចំា​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​បាន​សារភាព​ថា​ជា​ស្នាដៃ​របស់​ខ្លួន។ គិត​តំាង​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៤ មក នេះ​ជា​លើកទី១ ដែល​មាន​អំពើ​ភេរវកម្ម​សំដៅ​សហគមន៍​និកាយ​ស្ហ៊ីអ៊ីត​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ម្យ៉ាង​ទៀត នេះ​ក៏​ជា​លើកទី១ ដែល​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ជា​ក្រុម​និកាយ​ស៊ុននីត​ជ្រុលនិយម​បាន​វាយប្រហារ​ភេរវកម្ម​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​ប្រទេស​និកាយ​ស៊ុននីត​ដូចគ្នា។

ទិដ្ឋភាព​ក្នុង​វិហារ​ស្ហ៊ីអ៊ីត​​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីតនៅ​ក្រោយ​ភេរវកម្ម
ទិដ្ឋភាព​ក្នុង​វិហារ​ស្ហ៊ីអ៊ីត​​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីតនៅ​ក្រោយ​ភេរវកម្ម REUTERS/Stringer TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​មិន​សូវ​ជា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​ភេរវកម្មអត្តឃាត​​បង្ក​ឡើង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​ពេល​នេះ ព្រោះ​ជា​ទង្វើ​ដែល​ទីក្រុង​រីយ៉ាដ​បាន​រង់ចំា ពិសេស​តំាង​ពី​ក្រោយ​អារ៉ាប៊ីសាអូឌីត​បាន​ចូលរួម​ជាមួយ​កម្លំាងសម្ព័ន្ធមិត្ត​ដឹកនំា​ដោយ​អាមេរិក​វាយប្រហារ​លើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ខែ​សីហា ឆ្នំា ២០១៤ មក​ម្ល៉េះ​ដែល​អាមេរិក​បាន​ដឹកនំា​កម្លំាង​សម្ព័ន្ធមិត្ត​វាយប្រហារ​ផ្លូវ​អាកាស​លើ​ទីតំាង​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី។ គិត​មក​ទល់​ថ្ងៃ​នេះ ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​បាន​ធ្វើ​ឡើង​ជិត ៤ ០០០ដង និង​បាន​ចំណាយ​លុយ​អស់​ជាង ២ ០០០លានដុល្លារ។ តែ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តែ​មាន​កម្លំាង​ខ្លំាង និង​ថែម​ទំាង​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន ដូច​យ៉ាង​ទីក្រុង​រ៉ាម៉ាឌី​ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ទីក្រុង​បុរាណ​ប៉ាល់មៀរ​ក្នុង​ទឹកដី​ស៊ីរី​នា​ពេល​ថ្មីៗ​នេះ។

បើ​ធៀប​នឹង​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់ ពិសេស​ប្រទេស​ហ្សកដានី អារ៉ាប៊ីសាអូឌីត​មិន​សូវ​ជា​សកម្ម​ប៉ុន្មាន​ទេ​នៅ​ក្នុង​យុទ្ធនាការ​វាយ​កម្ទេច​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម តែ​នេះ​ជា​សក្ខីកម្ម​មួយ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួក​ជ្រុលនិយម​និកាយ​ស៊ុយនីត​មួយ​នេះ​អាច​ធ្វើ​ការ​សងសឹក​វិញ​បាន។ សូម​ជម្រាប​ជូន​ថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​សុខចិត្ត​ចូលរួម​ជាមួយ​កម្លំាង​សម្ព័ន្ធមិត្ត​ក៏​ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត​ខ្លាច​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឆ្លង​ទៅ​បង្ក​ភេរវកម្ម​ក្នុង​ទឹកដី​ខ្លួន។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋអំណាច​ទីក្រុង​រីយ៉ាដ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ពួកស៊ុយនីត​ជ្រុលនិយម​ជា​ច្រើន​នាក់​ដែល​ប៉ុនប៉ង​រៀបចំ​ភេរវកម្ម​ក្នុង​ស្រុក។ នៅ​ក្នុង​ខែ​មេសា​កន្លង​ទៅ មាន​ការ​ចាប់​ខ្លួន​មនុស្ស ៦៥នាក់​ដែល​ជាប់សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​ទីបំផុត អារ៉ាប៊ីសាអូឌីត​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដដែល។

អង្គការ​រដ្ឋអ៊ីស្លាម​សន្យា​បោសសំអាត​ពួក​ស្ហ៊ីអ៊ីត​នៅ​អារ៉ាប៊ីសាអូឌីត

ទោះ​បី​ជា​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​មិន​បាន​ទាមទារ​ឲ្យ​អារ៉ាប៊ីសាអូឌីត​បញ្ឈប់​ការ​ចូលរួម​ជាមួយ​កម្លំាងសម្ព័ន្ធមិត្ត​ដឹកនំា​ដោយ​អាមេរិក​ក៏​ដោយ ក៏​ស្នាដៃ​បង្ហូរ​ឈាម​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​បាន​ចុះ​ហត្ថលេខា​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​រួច​ជា​ស្រេច និង​ដែល​នេះ ជា​សញ្ញា​ព្រមាន​មួយ​ដែល​អង្គការ​ភេរវនិយម​មួយ​នេះ​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ថា ពួក​គេ​នៅ​តែ​មាន​កម្លំាង​ខ្លំាង ចង់​វាយប្រហារ​លើ​ប្រទេស​ណា​ក៏​បាន និង​ពេល​ណា​ក៏​បាន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​បង្ក​ដោយ​ក្រុមនិកាយ​ស៊ុយនីតជ្រុលនិយម​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ក៏​មាន​បង្កប់​ដោយ​អត្តសញ្ញាណ​ផ្ទៃក្នុង​មួយ​ដាច់​ដោយ​ឡែក​ដែរ នោះ​គឺ​ការ​រើសអើង​របស់​ពួក​ស៊ុយនីត​ដែល​មាន​ចំនួន​ច្រើន​ទៅ​លើ​ពួក​ស្ហ៊ីអ៊ីត​ដែល​មាន​ចំនួន​តិច​នៅ​ក្នុង​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។

ភេរវកម្ម​អត្តឃាត​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សំដៅ​ត្រង់​លើ​សហគមន៍​និកាយស្ហ៊ីអ៊ីត​ក្នុង​ស្រុក Koudeih ស្ថិត​ប៉ែកខាងជើង​ប្រទេស ដោយ​ភេរវជន​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ជាប់​នឹង​ខ្លួន​គេ​នៅ​ក្នុង​វិហារ​ស្ហ៊ីអ៊ីត​មួយ​ដែល​ក្រុម​និកាយស្ហ៊ីអ៊ីត​កំពុង​សូត្រធម៌។ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​សារភាព​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ដោយ​សន្យា​ថា នឹង​ធ្វើ​ការ​បោសសំអាត​បំបាត់​ពួក​ស្ហ៊ីអ៊ីត​ឲ្យ​អស់​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ជូន​ថា ក្រុម​ស្ហ៊ីអ៊ីត​រស់ក្នុង​ស្រុក Koudeih បាន​រងគ្រោះ​ពី​ការ​រើសអើង មើល​ងាយ មើលថោក​ពី​ពួក​ស៊ុយនីត។ តំាង​ពី​ឆ្នំា ២០១១ មក មាន​អំពើ​វាយប្រហារ​ជា​ច្រើន​ដង​លើ​កម្លំាង​សន្តិសុខ​ក្នុង​ស្រុក Koudeih ដោយ​បណ្តាល​ឲ្យ​ស្លាប់​ប្រមាណ​ជា ២០នាក់។

ក្រុមស្ហ៊ីអ៊ីត​ក្នុង​ស្រុក Koudeih បាន​ស្តីបន្ទោស​រដ្ឋអំណាច​ដែល​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ការពារ​ពួក​គេ ពិសេស​ការពារ​សន្តិសុខ​នៅ​តាម​វិហារ​របស់​ពួក​គេ។

សង្រ្គាម​រវាង​ពួក​ស្ហ៊ីអ៊ីត និង​ស៊ុយនីត​នឹង​ពុះកញ្ជ្រោល​កាន់​តែ​ខ្លំាង

អ្វី​ដែល​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​កំណើន​ភាព​តានតឹង​រវាង​ពួក​ស្ហ៊ីអ៊ីត និង​ពួក​ស៊ុយនីត​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត និង​នៅ​ក្នុង​តំបន់​ទំាង​មូល។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​និកាយ​ស៊ុយនីត​បាន និង​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លំាង​ទល់​នឹង​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ស្ហ៊ីអ៊ីត និង​ចលនា​ហេស្បូឡា​នៅ​លីបង់​ដែល​ប្រកាន់​និកាយ​ស្ហ៊ីអ៊ីត។ ប្រទេស​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡា​បាន​ថ្កោលទោស​លើ​អំពើ​ភេរវកម្ម​សំដៅ​សហគមន៍​ស្ហ៊ីអ៊ីត​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត និង​ថែម​ទំាង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ដើម្បី​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​​អ៊ីរ៉ាក់ និង​ស៊ីរី អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​ក៏​បាន​ដឹកនំា​កម្លំាងសម្ព័ន្ធមិត្ត​អារ៉ាប់​ក្នុង​តំបន់​វាយប្រហារ​លើ​ពួកឧទ្ទាម​ហ៊ូទី្ស​និកាយ​ស្ហ៊ីអ៊ីត​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ទង្វើ​របៀប​នេះ​របស់​ទីក្រុង​រីយ៉ាដ​ត្រូវ​បាន​អ៊ីរ៉ង់​ចាត់​ទុក​ជា​ទង្វើ​សម្លាប់​រង្គាល​លើ​ពួក​ស្ហ៊ីអ៊ីត និង​ព្រមាន​មិន​បន្ត​ឈរ​ឱបដៃ​មើល​ទេ។ ដូច្នេះ​ចង់​មិន​ចង់ ភេរវកម្ម​បង្ហូរ​ឈាម​ពួក​ស្ហ៊ីអ៊ីត​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​អាច​ជា​ការ​ចាក់​សំាង​បន្ថែម​លើ​ពំនូកភ្លើង​ដែល​កំពុង​ឆេះ​ស្រាប់​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ