អានតួអត្ថបទ
ប៉ាឡេស្ទីន

អង្គការសហប្រជាជាតិ និង​អាមេរិក​សាទរ​រដ្ឋាភិបាល​ថ្មី​នៅ​ប៉ាឡេស្ទីន​ដែល​គ្មាន​វត្តមាន​ពួកហាម៉ាស់

នៅ​ថ្ងៃ​អាទិត្យ ទី១៤ មេសា រដ្ឋបាល​អាមេរិក​បាន​សាទរ​រដ្ឋាភិបាល​ថ្មី​នៅ​ប៉ាឡេស្ទីន​ដែល​នាយករដ្ឋមន្រ្តី​ថ្មី​លោក​ម៉ូហាម៉ាដ តាយយេ​ទើប​បាន​ប្រសូត្រ​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៣ មេសា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ សមាសភាព​ក្នុង​រដ្ឋាភិបាល​ថ្មី​ភាគច្រើន​ជា​ឥស្សរជន​មក​ពី​រដ្ឋាភិបាល​ចាស់ និង​ច្រើន​ជា​មនុស្សជំនិត​របស់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់។ ចំណែក​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ក៏​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​រដ្ឋាភិបាល​ថ្មី​ដែរ។

លោក Mohammad Shtayyeh នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាឡេស្ទីន
លោក Mohammad Shtayyeh នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាឡេស្ទីន Reuters
ផ្សាយពាណិជ្ជកម្ម

បង្កើត​រដ្ឋាភិបាល​ថ្មី​ជាមួយ​នឹង​សមាសភាព​នៅ​ក្នុង​រដ្ឋាភិបាល​ចាស់ នេះ​ហើយ​ជា​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ថ្មី​របស់​នាយករដ្ឋមន្រ្តី​ថ្មី​របស់​លោក​ម៉ូហាម៉ាដ តាយយេ​មួយ​នេះ​បាន​ទទួល​ការ​សាទរ​ពី​អង្គការ​សហប្រជាជាតិ និង​ពី​សហរដ្ឋអាមេរិក។ លោក​នីកូឡេ ឡាដឺណូវ ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​បាន​ថ្លែង​សាទរ និង​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​សន្យា​បន្ត​ធ្វើ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ប៉ាឡេស្ទីន​ដើម្បី​បិទបញ្ចប់​ការ​ត្រួតត្រា និង​បន្ត​ជំរុញ​ដំណើរ​ស្វែង​រក​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​ស្របច្បាប់​យោង​តាម​សេចក្តីសម្រេច​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ។

ពី​ខាង​សហរដ្ឋអាមេរិក ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ និង​ជា​អ្នកតំណាងពិសេស​ទទួល​បន្ទុក​កិច្ចចរចា​អន្តរជាតិ​លោក​យ៉ាសុន គ្រីនប្លាត​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter របស់​លោក​ថា ជាមួយ​នឹង​បទពិសោធន៍​របស់​ឥស្សរជន​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី អាមេរិក និង​ប៉ាឡេស្ទីន​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សន្តិភាព និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ តាម​លោក​គ្រីនប្លាត​ដដែល វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បើក​ទំព័រ​សករាជ​ថ្មី​មួយ។ គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​សៅរ៍ ទី១៣ មេសា លោក​ម៉ូហាម៉ាដ តាយយេ​ដែល​ទើប​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន​ក្នុង​ខែ​មីនា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​សមាសភាព​ក្នុង​រដ្ឋាភិបាល​ថ្មី។

តែ​អ្វី​ជា​ការ​កត់សម្គាល់ ឥស្សរជន​ភាគច្រើន​ក្នុង​រដ្ឋាភិបាល​ថ្មី​ច្រើន​ជា​មនុស្សជំនិត​យូរអង្វែង​នៃ​ចលនា​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់។ តំណែង​រដ្ឋមន្រ្តី​ភាគច្រើន​ត្រូវ​បាន​បន្ត​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋមន្រ្តី​នៅ​ក្នុង​ជំនាន់​រដ្ឋាភិបាល​ចាស់​របស់​លោក​រ៉ាមី ហាំដាឡា។ ចំណែក​ចលនា​ហាម៉ាស់​ដែល​គ្មាន​វត្តមាន​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​បាន​បរិហារ​ចលនា​ហ្វាតា​ពី​បទ​ក្តោបក្តាប់​អំណាច​តែ​ម្នាក់​ឯង និង​បន្ត​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​ដោយ​ដាក់​បញ្ចូល​ចលនា​អ៊ីស្លាម​ហាម៉ាស់។ គួរ​រម្លឹក​ថា ចលនា​ប៉ាឡេស្ទីន​ហ្វាតា និង​ហាម៉ាស់​បាន​ប្រឈម​មុខ​ដាក់​គ្នា​តាំង​ពី​ឆ្នាំ ២០០៧ ពោល​តាំង​ពី​ពួក​ហាម៉ាស់​បាន​យក​តំបន់​ហ្កាហ្សា​ទៅ​គ្រប់គ្រង។

តាំង​ពី​ឆ្នាំ ២០០៧ គ្រប់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​រវាង​ចលនា​ហ្វាតា និង​ចលនា​ហាម៉ាស់​បាន​ទទួល​បរាជ័យ។ ទន្ទឹម​គ្នា​នេះ កិច្ចចរចា​ចុង​ក្រោយ​ដើម្បី​សន្តិភាព​រវាង​ប៉ាឡេស្ទីន និង​ប្រទេស​អ៊ីស្រាអែល​ដែល​បាន​ទទួល​បរាជ័យ​ក្នុង​ឆ្នាំ ២០១៤ ក៏កំពុង​បន្ត​ជាប់គាំង​មក​ដល់​សព្វថ្ងៃ។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​នៅ​ប៉ាឡេស្ទីន និង​ប្រហែល​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ដដែល​នៅ​អ៊ីស្រាអែល គឺ​លោក​នេតាន់យ៉ាហ៊ូ កិច្ចចរចា​សន្តិភាព​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នឹង​ផ្តើម​មាន​ឡើង​វិញ ឬ​អត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ