អានតួអត្ថបទ
ប៉ាឡេស្ទីន

នាយក​រដ្ឋមន្ត្រី​ ប៉ាឡេស្ទីន​​​​អញ្ជើញ​​ទៅ​​ដល់​​តំបន់​​ហ្កាហ្សា​​កាលពី​​ថ្ងៃ​ចន្ទ​​ម្សិលមិញ​​ដើម្បី​​​​​ការ​ផ្សះផ្សា​ជាតិ​​

នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន លោក​ Rami Hamdallah ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ហ្កាហ្សានៅថ្ងៃ​ចន្ទ​ម្សិលមិញ ​ដើម្បី​​ជូន​ដំណឹង​​​អំពី​ការ​​វិលត្រឡប់​​របស់​​រដ្ឋាភិបាល​​ប៉ាឡេស្ទីន​​​​ នៅ​​លើ​​​ដែនដី​​មួយ​​​ដែល​​គ្រប់គ្រង​​ដោយ​​​អំណាច​​​ផ្តាច់​ការ​​ពី​សំណាក់​​ចលនា​​អ៊ីស្លាម​ជ្រុល​​និយម​​ប៉ាឡេស្ទីន​​ហាម៉ាស​។​​

នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​​ Rami Hamdallah ​(ឆ្វេង​)​ ចាប់​ដៃ​រលាក់​​ជាមួយ​​មេ​ចលនា​ហាម៉ាស​​ Ismail Haniyeh ​នៅ​ហ្កាហ្សា​​ថ្ងៃទី​២​​តុលា​​២០១៧​​
នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​​ Rami Hamdallah ​(ឆ្វេង​)​ ចាប់​ដៃ​រលាក់​​ជាមួយ​​មេ​ចលនា​ហាម៉ាស​​ Ismail Haniyeh ​នៅ​ហ្កាហ្សា​​ថ្ងៃទី​២​​តុលា​​២០១៧​​ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ប៉ាឡេស្ទីន​ Rami Hamdallah អម​ដំណើរ​ដោយ​បណ្តា​រដ្ឋមន្ត្រី​និង​ឥស្សរជន​ផ្លូវការណ៍​រាប់​សិប​នាក់ បាន​អញ្ជើញ​ទៅ​ដល់​តំបន់​ហា្កហ្សា​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ចាប់តាំង​ពី​ទស្សនកិច្ច​លើក​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ ២០១៥​​នៅ​លើ​​ដែនដី​មួយ​​ដែល​ស្គាល់​តែ​រការ​រងទុក្ខ​វេទនា​ដោយសារ​សង្គ្រាម​ដ៏​រាំរ៉ៃ ការ​បិទ​ខ្ទប់​ដែនដី​និង​ជម្លោះ​​​​ផ្ទៃ​ក្នុង។ កត្តា​ទាំង​នេះ​ហើយ​ដែល​បាន​ជម្រុញ​ឲ្យ​ប្រជាជន​នៅ​តំបន់​ហ្កាហ្សា​រាប់​រយ​​នាក់ នាំគ្នា​យ៉ាង​ពពាក់​ពូន​ដើម្បី​មក​អង្គុយ​ស្តាប់​​សន្ទរកថា​​ផ្ទាល់​មាត់​របស់​​​នាយក​រដ្ឋមន្ត្រី​​ប៉ាឡេស្ទីន​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​របស់​ចលនា​ហាម៉ាស​ត្រង់​​ព្រំដែន​ជាមួយ​ប្រទេស​អីស្រាអែល។

នៅ​ឱកាស​ថ្លែង​សន្ទរកថា​នោះ លោក​ Hamdallah ​បាន​សន្យា​ពី​​ការ​បិទ​បញ្ចប់​ជម្លោះ​នានា​ដែល​បាន​ប៉ះពាល់​ដល់​សកម្មភាព​របស់​ប៉ាឡេស្ទីន​ចាប់តាំង​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​និង​​បញ្ជាក់​ពី​​ការ​ចាប់​ផ្តើម​ការ​​គ្រប់គ្រង​របស់​​រដ្ឋបាល​ថ្មី​ប៉ាឡេស្ទីន​នៅ​លើ​ដែនដីហ្កាហ្សានេះ​​ទៀត​ផង។​

អម​ការពារ​យ៉ាង​ម័តធ្យ័ត​បំផុត​ដោយ​ក្រុម​អង្គរក្ស​របស់​ខ្លួន នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន បាន​ថ្លែង​បន្ត​ទៀតថា "រដ្ឋាភិបាល​ប៉ាឡេស្ទីន​ ចាប់​ផ្តើម​អនុវត្ត​តួនាទី​របស់​ខ្លូន​នៅ​ក្នុង​តំបន់​​ហ្កាហ្សា​ចាប់​ពី​ថ្ងៃចន្ទ​​នេះ​ហើយ"។ លោក​ Hamdallah ​បាន​បន្ត​ទៀត​ថា “យើង​វិល​មក​កាន់​តំបន់​ហ្កាហ្សានេះ​​ឡើង​វិញ​​ ​​ដើម្បី​បិទ​បញ្ចប់​​នូវ​ការ​បែកបាក់​គ្នា​និង​សម្រេច​ឲ្យ​បាន​នូវ​សាម្គីភាព​ជាមួយ​ចលនា​ជ្រុល​និយម​ប៉ាឡេស្ទីន​ហាម៉ាស។ ហើយ​អាទិភាព​ចំបង​របស់​រដ្ឋាភិបាល​ប៉ាឡេស្ទីន គឺ​ការ​ជួយ​​សម្រាល​ទុក្ខសោក​របស់​ប្រជាជន​ដែល​កំពុងរស់​នៅ​​ក្នុង​តំបន់​ហ្កាហ្សា។​

គួរ​កត់​សម្គាល់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​នេះ ត្រូវ​បាន​គេសន្មត់​​​ថា​គឺ ដើម្បី​សម្រេច​​បាន​នូវ​ការ​ផ្សះផ្សាជាតិ​ប៉ាឡេស្ទីន​រវាង​បក្សព័ន្ធ​ប្រឆាំង​នានា​​ក្រោយ​ពីការ​ចង​គំនំ​គ្នា​អស់​រយៈពេល​ជិត​មួយ​ទស្សវត្សរ៍​កន្លង​មក​ហើយ។

មិនតែប៉ុណ្ណោះ ទស្សនៈកិច្ច​របស់​លោក Hamdallah ​នេះ ក៏​បើក​ផ្លូវ​ផងដែរ​ដើម្បី​​​រៀបចំ​​ផ្ទេរ​​​​​​ការ​ទទួល​ខុសត្រូវ​ផ្នែក​ស៊ីវីល​បន្តិច​ម្តងៗ​​ពី​​ក្រុម​ចលនា​អ៊ីស្លាម​​ហាម៉ាស​​អោយ​​ដល់​​​អាជ្ញាធរ​​ប៉ាឡេស្ទីន​​ដែល​​មាន​​រូប​​លោក ​Hamdallah ​ជា​​​អ្នក​​គ្រប់គ្រង​​រដ្ឋាភិបាល​​ប៉ាឡេស្ទីន​​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ