អានតួអត្ថបទ
កាតា

ជនឥតក្រដាសស្នាមប្រមាណ៩០០០នាក់នឹងចាកចេញពីប្រទេសកាតា

បណ្តា​ជន​​ចំនួន​​៩០០០​​នាក់ ​​ដែល​​រស់​​នៅ​​ដោយ​​ខុស​​ច្បាប់​​នៅ​​ក្នុង​​ប្រទេស​​កាតា ​នឹង​​ត្រូវ​អនុញ្ញាត​ឲ្យ​​ចាក​​ចេញ​​ពី​​ប្រទេស​នេះ ​​​នៅ​​ក្នុង​​ក្របខណ្ឌ​​នៃ​​ការ​​លើក​​លែង​ទោស​​ ​​ដែល​អាជ្ញាធរ​​​កាតា​បាន​សម្រេច​យល់​ព្រម។ នេះ​​បើ​​យោង​​តាម​​ការ​​ជូន​​ដំណឹង​​ពី​​មន្ត្រី​​ ​ក្រសួង​​មហាផ្ទៃ​​​​​ និង​​ក្រសួង​​​ជន​​​អន្តោប្រវេសន៍​​កាតា។ 

រដ្ឋ​ Qatar​ កំពុង​ព្រួយ​បារម្ភ​ពីការចំណាយប្រាក់ច្រើន​ពាក់ព័ន្ធការ​ចាត់ចែងរៀបចំការប្រកួតកីឡាបាត់ទាត់ពានរង្វាន់ពិភលោក​នៅ​ឆ្នាំ​២០២២
រដ្ឋ​ Qatar​ កំពុង​ព្រួយ​បារម្ភ​ពីការចំណាយប្រាក់ច្រើន​ពាក់ព័ន្ធការ​ចាត់ចែងរៀបចំការប្រកួតកីឡាបាត់ទាត់ពានរង្វាន់ពិភលោក​នៅ​ឆ្នាំ​២០២២ Qatar2022.Official
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​កាតា បាន​អនុវត្ត​ការ​លើក​លែង​ទោស​​មួយ​​ដែល​មាន​រយៈ​ពេល​៣​ខែ​ ចំពោះ​​​​​ជន​​ចំណាក​ស្រុក​​​ដែល​កំពុង​រស់​នៅ​និង​ធ្វើ​ការ​​​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស។​​ការ​លើក​លែង​ទោស​នេះ​ដែល​​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១​ធ្នូ​ខាង​មុខ​ ​អនុញ្ញាត​ដល់​បណ្តា​ជន​​ឥត​ក្រដាស​ស្នាម​ទាំង​អស់​​​ អាច​ចាក​ចេញ​ពី​ប្រទេស​កាតា​​ដោយ​​ពុំ​មាន​ផល​វិបាក​នៅ​លើ​ផ្នែក​ច្បាប់។ នៅ​ក្នុងការ​​អនុវត្ត​​ការ​លើកលែងទោស នេះ កាតា​​ បានធ្វើ​​បី​លើក​រួច​ទៅ​ហើយ ដែល​​​ចុង​ក្រោយ​គេ ​គី​នៅ​ឆ្នាំ​​២០០៤។

មន្ត្រី​ជាន់​ខ្ពស់​​កាតាម្នាក់​​​​ទទួល​បន្ទុក​សេវា​អន្តោប្រវេស្តន៍ បាន​ប្រមើល​ទុក​ថា” ចាប់​ពី​អំណេះ​ រហូត​ទៅ​​ដល់​​ពេល​ផុត​កំណត់​​ការ​លើក​លែងទោស​ ចំនួន​​ជន​ដែល​​​ត្រូវ​​ចាក​ចេញ​​ពី​​ប្រទេស​កាតា​​​​នឹង​កើន​​ឡើង​​ដល់​ចំនួន​​​៩០០០​នាក់។

​កាតា ពុំ​ដែល​​មាន​តួលេខ​ផ្លូវការឡើយ​​ ​ស្តីពី​​ចំនួន​ជន​ឥត​ក្រដាស​ស្នាម​ ក៏ប៉ុន្តែបញ្ហានេះ​ជា​​ប្រធាន​​បទ​​​ដ៏​រស៊ើប​បំផុត​​នៅ​​ក្នុងប្រទេស​​មួយនេះ​​​ដែល​តែងតែត្រូវ​​​​​ទទួល​រង​នូវ​​ការ​ទិះតៀន​។ ដោយហេតុថា ការងារ​​​របស់​​ជន​​​បរទេស​​ ជិត​២​លាន​នាក់ មានលក្ខខ័ណ្ឌ​​​យ៉ាប់​យឺន​ខ្លាំង ជា​ពិសេស ចាប់​តាំង​ពី ​កាតា បាន​ជាប់​ឈ្មោះ​ជា​ម្ចាស់ផ្ទះ​ក្នុង​​ការទទួល​​រៀបចំ​​ការប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​សម្រាប់ឆ្នាំ​២០២២​ មក​។ ម្យ៉ាងទៀត ​​ច្បាប់​​នៅ​ក្នុងប្រទេស​នេះ ​ហាម​​មិន​ឲ្យ​ជន​បរទេស​​​ធ្វើការនោះ​​​ទេ ​បើ​​​​ពួក​គេ​ពុំ​មាន​ទិដ្ឋាការ​ពិសេស​​។

ចំណែក អង្គការ​ការពារសិទ្ធិមនុស្ស បាន​អះអាងថា ជនអន្តោប្រវេស្តន៍​​ចំនូនដ៏សន្ធឹកសន្ធាប់ បាន​រត់​គេច​ពី​ការងារខ្លួន​ ដោយសារ​តែ​ពួក​គេ ឥត​បាន​ទទួល​ប្រាក់​ខែ​​ពីនយោជគ​ឬ​ក៏ត្រូវ​បាន​គេ​រំលោភ​បំពាន។ ក្រោយពីរត់គេចពីការងារ ពួកគេ​ ធ្លាក់ខ្លួន​ជាជនខុសច្បាប់ជាថ្មីឡើងវិញ ។ ដូច្នេះហើយ ពួកគេ ត្រូវ​ខំ​ត្រដរ​រស់​ទាំងលំបាកលំបិន​​ដោយ​​​ជំនួយ​​ពី​មិត្តភ័ក្រ្ត​ឬ​ក៏​ក្រុម​គ្រួសារ​ ​និង​ធ្វើ​ការងារ​​ដែល​ភាគ​ច្រើន​គេ​ឲ្យ​​ប្រាក់​ខែ​ជា​លុយ​សុទ្ធ។ ​

សូមបញ្ជាក់ថា បណ្តា​ជន​​ភាគ​ច្រើន​ដែល​កំពុង​ត្រៀម​ខ្លួន​ចាកចេញ​ពី​ប្រទេស​កាតា​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​លើកលែង​ទោស​ គឺ ភាគច្រើន​ ​មាន​ដើម​កំណើត​មក​ពី​តំបន់អាស៊ី​ ជា​រួម ​មាន​ បង់ក្លាដែស ឥណ្ឌា និង នេប៉ាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ