អានតួអត្ថបទ
អ៊ីស្រាអែល

លោក ​Shimon Peres ស្ថិត​ក្រោម​ការ​សង្គ្រោះ​បន្ទាន់​ពី​សំណាក់​ក្រុម​​​​គ្រូពេទ្យ​អ៊ីស្រាអែល​

លោក​ Shimon Peres ដែល​ជា​អតីត​ប្រធានាធិបតី​និង​ក៏​ជា​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ព្រម​ទាំង​ជា​ជ័យលាភី​រង្វាន់​ណូបែលសន្តិភាព​នោះ កំពុង​ស្ថិត​ក្រោម​​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្បែរ​ទីក្រុង Tel Aviv ​ ក្រោយ​មាន​ការ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាលពី​ម្សិលមិញ។ យោងតាម​ក្រុម​គ្រូពេទ្យ​អ៊ីស្រាអែល ស្ថានភាព​សុខភាព​របស់​លោក មាន​អការៈ​ធ្ងន់ធ្ងរ​តែ​នៅ​នឹង។ ក៏ប៉ុន្តែ​មតិ​មហាជន​ទំាង​ក្នុង​​និង​ទាំង​ក្រៅ​ប្រទេស​ កំពុង​​​ភ័យ​ស្លន់ស្លោរ ​ចំពោះ​អាយុ​ជីវិត​​របស់​លោក Shimon Peres ដែល​ជា​ឥស្សរជន​នយោបាយ​ដ៏​អសា្ចរ្យ​មួយ​រូប​របស់​ប្រទេស​អ៊ីស្រាអែល។

លោក ស៊ីម៉ុន ប៉េរេស ប្រធានាធិបតី​អ៊ីស្រាអែល
លោក ស៊ីម៉ុន ប៉េរេស ប្រធានាធិបតី​អ៊ីស្រាអែល © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ Shimon Peres ដែល​ជា​ប្រធានាធិបតី​អ៊ីស្រាអែល​​ទី​៩ កំពុង​ស្ថិត​ក្រោម​​ការជួយ​សង្គ្រោះ​​បន្ទាន់ពីសំណាក់ក្រុម​គ្រូពេទ្យ​ដោយ​រោគ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល ​តាំង​ពី​យប់​​ម្សិលមិញ​​​នៅ​​មន្ទីរ​ពេទ្យ​មួយ​​​​ជិត​ទីក្រុង​Tel Aviv។​ យោង​តាម​លោក​សាស្រ្តាចារ្យ​វិជ្ជបណ្ឌិត​ដែល​ជា​នាយក​មន្ទីរពេទ្យ ស្ថានភាព​សុខភាព​របស់​លោក Shimon Peres មាន​អការៈ​ធ្ងន់ធ្ងរ​តែនៅនឹង។​

 
នៅ​ចំពោះ​មុខ​អ្នកកាសែត​ដែល​មានវត្តមានយ៉ាងកកកុញនៅចំពីមុខមន្ទីរពេទ្យ ​ គ្រូពេទ្យ​នាយក​​​ បាន​ថ្លែង​បញ្ជាក់​ប្រាប់​ថា” លោក​​ Peres​ កំពុង​ស្ថិត​នៅ​​ក្រោម​ការ​ព្យាបាល​​យ៉ាង​ម័តធ្យ័ត​និងយកចិត្តទុកដាក់​​ជាទី​បំផុត​ក្រោម​ការ​តាម​ដាន​​របស់​ក្រុម​គ្រូពេទ្យ​ជំនាញៗ​គ្រប់​មុខ​​របស់​អ៊ីស្រាអែល​​​​​។ កាលពី​ខែ​មករា​មុន លោក​​ ធ្លាប់​មាន​រោគ​សញ្ញា​បេះដូង​ចំនួន​ពីរ​លើក​រួច​មកហើយ ​ក្នុង​រយៈពេល​តែ​១០​ថ្ងៃប៉ុណ្ណោះ  ប៉ុន្តែ​ក្រុម​គ្រូពេទ្យ កាលណោះ​ បាន​អះអាង​ថា​ វា​​មិនធំដុំទេ។

ខណៈ​នេះ ក្រុម​វិជ្ជបណ្ឌិត​អ៊ីស្រាអែល​ បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​មិនហ៊ាន​​ធ្វើការ​ប៉ាន់ស្មាន​អ្វីទេ ​នៅ​​លើ​ស្ថានភាព​​អការៈរោគ​របស់​លោក​ Shimon Peres។ ប៉ុន្តែ​ ប្រទេស​អ៊ីស្រាអែល​ទាំង​មូល កំពុងតែ​​ស្លុតរន្ធត់ចិត្ត​ឥត​ឧបមា  ពីព្រោះ​លោក Peres ​គឺ ជា​​​បិតា​​ស្ថាបនិក​​លើក​​ចុង​​ក្រោយ​​មួយ​​រូប​​នៃ​​រដ្ឋ​អ៊ីស្រាអែល​​​​ដែល​​កំពុង​​នៅ​​រស់រាន​មាន​ជីវិត​។

គួររំលឹកថា ដោយសារ​តែ​តួ​នាទី​ដ៏​ចម្បង​របស់​លោក​នៅ​ក្នុង​​កិច្ច​ព្រមព្រៀង​សន្តិភាព​​នៅ​ទីក្រុង​​អូស្លូ​​​ជាមួយរដ្ឋអំណាច​​​ប៉ាឡេស្ទីននោះ  លោក Shimon Peres បាន​ទទួល​រង្វាន់​ណូបែល​​សន្តិភាព​​នៅ​ក្នុង​ឆ្នាំ ១៩៩៤។ លោក ក៏ធ្លាប់​ធ្វើ​ ​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល​ពីរ​លើក​ គឺ​នៅ​​រវាង​ឆ្នាំ​១៩៨៤​និង​១៩៨៦​និង​រវាង​១៩៩៥-៩៦ បន្ទាប់មកទៀត លោក​បាន​​ឡើង​ជា​​ប្រធានាធិបតី​អ៊ីស្រាអែល​​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៤។

នៅពេលនេះ ក្រុម​គ្រួសារ​របស់​លោក Shimon Peres បាន​ទទួល​សារ​គាំទ្រ​ជាច្រើន​ពី​ពិភព​លោក​​ទាំង​មូល​​ហើយ​នៅ​ក្នុង​ប្រទេស​វិញ ​ឥស្សរជន​នយោបាយ​សំខាន់ៗ​របស់​អ៊ីស្រាអែល​​ ក៏បញ្ចេញ​ប្រតិកម្ម​ជា​បន្ទាន់ភ្លាម​ដែរ​ ​ដូច​យ៉ាង ​​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu  តាមរយៈ Facebook លោក បាន​បួងសួង​​​បន់ស្រន់​សូម​ឲ្យ​អតីត​ប្រធានាធិតបី​​អ៊ីស្រាអែល​រូប​​នេះ ​បាន​​​ជា​សះស្បើយពីជម្ងឺ​​យ៉ាង​ឆាប់​រហ័ស​និងថា យើង​ទាំង​អស់​ស្រឡាញ់​រូប​លោក Shimon Peres ជាពិសេស​​​ពលរដ្ឋអ៊ីស្រាអែល​ទូទាំងប្រទេស​​​សង្ឃឹម​យ៉ាង​មុតមាំថា​ លោកPeres នឹងបានជា​​សះស្បើយ​​​។

 
ចំណែក លោក Reuven Rivlin  ដែល​​បាន​​ឡើងជាប្រធានាធិបតីអ៊ីស្រាអែល បន្ត​ស្នង​ពី​លោក​ ​Shimon Peres នៅ​​ឆ្នាំ​២០១៤ ក៏បាន​ថ្លែង​បញ្ជាក់ដែរ​ថា "លោក​​សូម​បួងសួង​​ដល់​ព្រះ​ជាម្ចាស់ ​ជាមួយនឹង​​ពលរដ្ឋអ៊ីស្រាអែលទូទាំងប្រទេស ​ដើម្បី​សូម​​​ឲ្យ​លោក Shimon ​Peres​ដែល​ជា​​មិត្តរបស់លោក បាន​​​ជាសះស្បើយយ៉ាងឆាប់រហ័ស​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ