អានតួអត្ថបទ

HRW បរិហារ​ការ​ប្រើ​​​ច្រើន​ឡើងៗ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅស៊ីរី

ក្នុង​ពេល​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​ដណ្តើម​កាន់​កាប់មក​វិញ តំបន់​ភាគ​ខាងជើង​ប្រទេស​ពី​កណ្តាប់​ដៃ​ពួក​ភេរវនិយម​ អង្គការ​ការពារ​សិទ្ធិមនុស្ស​HRW បាន​ធ្វើ​ការ​បរិហារការ​ប្រើប្រាស់​គ្រាប់​បែក​សម្លាប់​មនុស្ស​ កាន់​តែ​ច្រើនឡើងៗ តាំង​ពីថ្ងៃទី ៣០​កញ្ញា ថ្ងៃ​ដែល​​រុស្ស៊ី និង​កងកម្លាំង​រដ្ឋាភិបាលលោក បាស្ហារ អាល់អាសាដ ចាប់​ដៃ​គ្នា​​​បើក​យុទ្ធនាការ​វាយប្រហារ​ក្រុម​ឧទ្ទាម។

ទាហាន​រដ្ឋាភិបាល​ស៊ីរី ល្បាត​នៅ​ភាគ​ខាង​កើត​​ខេត្ត​ Alep ថ្ងៃទី ១៦​តុលា ២០១៥
ទាហាន​រដ្ឋាភិបាល​ស៊ីរី ល្បាត​នៅ​ភាគ​ខាង​កើត​​ខេត្ត​ Alep ថ្ងៃទី ១៦​តុលា ២០១៥ AFP PHOTO / GEORGE OURFALIAN
ផ្សាយពាណិជ្ជកម្ម

ភាគ​ខាង​ជើង ខេត្ត​អាឡិប ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​របស់​ស៊ីរី ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​របស់​បាស្ហារ អាល់អាសាដ ដណ្តើម​យក​មក​គ្រប់គ្រង​វិញ​ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ស៊ីរី និង​​ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរីOSDH ដែល​បាន​អះអាង​បន្ថែម​ទៀត​ថា មុន​នឹង​ដណ្តើម​គ្រប់គ្រងតំបន់​អាឡិប​​បាន​មក​វិញ មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ រវាង​កង​កម្លាំង​ស៊ីរី និងពួក​ឧទ្ទាម។ កងទ័ព​អាកាស​ស៊ីរី​និង​រុស្ស៊ី បាន​បាញ់​រះ​ពី​លើ​មេឃ​ប្រមាណ​៤០​ប្រាវ ព្រមទាំង​​ទាំង​ការ​ផ្លោង​ទម្លាក់​គ្រាប់បែក​ សម្លាប់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ រណសិរ្ស​អាល់ណូស្រា ១៦​នាក់ ក្នុង​នោះក៏​មាន​ជន​ស៊ីវិល​ខ្លះ​ដែរ ព្រមទាំង​ជន​រង​របួស​ជាង​៥០​នាក់។

 

ប៉ុន្តែ​ទន្ទឹម​នឹង​ជោគជ័យ​នេះ អង្គការ​ការពារសិទ្ធិមនុស្ស HRW បាន​ចេញ​របាយ​ការណ៍​ក្នុង​ថ្ងៃ​តែ​មួយ​បរិហារ របប​លោក​បាស្ហារ អាល់អាសាដ និង​សម្ព័ន្ធមិត្ត​រុស្ស៊ី​​ថា​បាន​ប្រើ​គ្រាប់​បែក​សម្លាប់​មនុស្ស​ កាន់​តែ​ច្រើន​ឡើងៗ។​ គិត​ចាប់​តាំង​ពី​រុស្ស៊ី បាន​ចូល​ដៃ​​ប្រើ​កម្លាំង​កម្ចាត់​ពួក​ភេរវនិយម​នៅ​ស៊ីរី ក្បែរ​រដ្ឋាភិបាល​មក អង្គការ​បាន​រាប់​ឃើញ​មាន​ការ​រំលោភ​ប្រើ​គ្រាប់​បែក​​យ៉ាង​ហោច​២០​ដង ក្នុងការ​វាយប្រហារ​៩​កន្លែង​ សម្លាប់​មនុស្ស​យ៉ាង​ហោច​៣៥​នាក់ ព្រមទាំង​មាន​ភស្តុតាង​ជា​រូបថតទៀត​។ គ្រាប់​បែក​សម្លាប់​មនុស្ស​ មិន​មែន​ត្រឹម​ជា​គ្រាប់​កប់​ក្នុង​ដី​ទេ តែ​អាច​ជា​គ្រាប់​បាញ់​ចេញ​ពី​កាំភ្លើង​ធំ ឬ​ទម្លាក់​ពី​យន្តហោះផង។

ក្រុមប្រឹក្សាសន្តិសុខ​​​អង្គការ​សហប្រជាជាតិ​ បាន​សេចក្តី​សម្រេចចិត្ត លេខ ២១៣៩ កាលពី​ថ្ងៃ​ទី ២២​កុម្ភៈ២០១៤ ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ស៊ីរី ឈប់​​ប្រើ​គ្រាប់​បែក​ និង​អាវុធ​សម្លាប់​មនុស្ស ទាំង​ងងឹត​ងងុល។ រដ្ឋាភិបាល​ស៊ីរី​ខ្លួន​ឯង​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ខែ​វិច្ឆិកា​ ២០១៥ ធានា​រ៉ាប់រង​ថា​មិន​ប្រើ​អាវុធ​សម្លាប់​មនុស្ស​ បែប​មិន​រើស​មុខ​ឡើយ។ ប៉ុន្តែ​ជា​សន្យា​ខ្យល់​ ព្រោះ​គ្រាប់​បែក​​នៅ​តែ​បន្ត​ផ្ទុះ​សម្លាប់​ជន​ស្លូត​ត្រង់។

តាំង​ពី​ថ្ងៃទី​៣០​កញ្ញា​មក រុស្ស៊ីបាន​ចូល​ធ្វើ​អន្តរាគមន៍​យោធា ជួយ​​រដ្ឋាភិបាល​ស៊ីរី​ បើក​យុទ្ធនាការកម្ចាត់​ពួក​ភេរវនិយម នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អង្គការ​ភេរវនិយម​ផ្សេង​ទៀត  ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​បាន​និង​ពួក​ឧទ្ទាម​ចោទ​ថា​រុស្ស៊ី​ផ្ទង់ការវាយប្រហារ​មក​លើតែ​ពួក​ឧទ្ទាម​ប្រឆាំង​នឹង​របប​ក្រុង​ដាម៉ាស​ច្រើន​ជាង​ពួក​ជីហាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ