អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​យុទ្ធសាស្ត្រ​រក​សន្តិភាព​ឱ្យ​ស៊ីរី

ជា​លើក​ទី​មួយ តាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង សម្លាប់​​ជីវិត​មនុស្ស​អស់​ជាង ២៤០០០០​នាក់​ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ បាន​ព្រមព្រៀង​គ្នា​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​​ផែនការ​សន្តិភាព​​នៅ​ស៊ីរី។ អាមេរិក រុស្ស៊ី  និង​សមាជិក​ក្រុមប្រឹក្សា​ទាំង​១៣​ប្រទេសទៀត បាន​ត្រូវរ៉ូវ​គ្នា​ មិន​ធ្លាប់​មាន លើ​​ផែនការ​លម្អិត ស្វែង​រក​សន្តិភាព​ នាំ​ស៊ីរី​ឆ្លង​​​អន្តរកាល​នយោបាយ  ប៉ុន្តែ​គេ​ត្រូវ​ការមាន​​សម្បទាន​ច្រើន​ទៀត ទើប​ក្តី​ស្រមៃ​កា្លយ​ជា​ការពិតបាន។

ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ របស់​ទាហាន​រដ្ឋាភិបាល លើ​ពួក​ឧទ្ទាម កាលពី​ថ្ងៃទី ១៦ សីហា ២០១៥
ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ របស់​ទាហាន​រដ្ឋាភិបាល លើ​ពួក​ឧទ្ទាម កាលពី​ថ្ងៃទី ១៦ សីហា ២០១៥ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

ជា​ដណ្តើម​ថ្មី នៃ​ការ​ស្វែង​សន្តិភាព​​ឱ្យ​ស៊ីរី ! ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទើប​បាន​ប្រកាស​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​យុទ្ធសាស្ត្រ​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ផែនការ​សន្តិភាព​ ដែលគ្រោង​បង្កើត​ស្ថាប័ន​មួយ​ជា​​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស៊ីរី​ឆ្លង​អន្តរកាល​ និង​មាន​អំណាច​ពេញ​លេញ តែ​គ្មាន​ចារ​​ជោគវាសនា​អនាគត​លោក បាស្ហារ អាល់អាសាដ ជាលក្ខខណ្ឌ​អ្វី​​ទេ។ គណៈកម្មការ​នេះ​ត្រូវ​បង្កើត​ឡើង​ដោយ​ការ​ព្រមព្រៀង​ពី​គ្រប់​ភាគី ដោយ​មិន​រំខាន តែ​ធានា​បាន​នូវ​ភាព​រលូន​បន្ត​រហូត​ទៅ​នៃ​ម៉ាស៊ីន​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន។

 

គំនិត​ផ្តួច​ផ្តើម​នេះ នឹង​ចាប់​ដំណើរ​ការ​ចាប់​ពី​កញ្ញា​ទៅ​ និង​មាន​បួន​មែក ៖ ក្រុម​សន្តិសុខ​និង​ការពារ​ ក្រុម​ប្រឆាំង​នឹង​ភេរវនិយម ក្រុម​នយោបាយ​និង​ច្បាប់ ព្រមទាំង​ក្រុមការងារ​ស្ថាបនា​ប្រទេស។​ បើ​តាម​អន្តរការី​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី ក្រុមការងារ​បាន​ផ្តើម​ជ្រើស​រើស​ឥស្សរជន​មាន​សមត្ថភាព​សម្រាប់​បំពេញ​បេសកកម្ម​នេះ​ហើយ។

សូម​បញ្ជាក់​ថា​ ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​​លើ​ផែនការ​សន្តិភាព​នេះ សម្រេច​ចេញ​ជា​រូបរាង​បាន​ តែ​មួយ​ថ្ងៃ​ក្រោយ​ពី​របបលោក​បាស្ហារ អាល់អាសាដ​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​យ៉ាង​ឃោរឃៅ ស្លាប់​មនុស្ស​ជាង​មួយ​រយ​នាក់ នៅក្បែរ​ក្រុង​ដាម៉ាស និង​ដែល​អង្គការ​សហប្រជាជាតិ​​ចោទ​របប​​ក្រុង​ដាម៉ាស​ថា​លម្អៀង។ បើ​តាម​អ្នក​ជំនាញ​ ការ​ព្រមព្រៀង​ថ្ងៃ​នេះ ក៏​ជា​លទ្ធផល​នៃ​ការ​ចុះទន់​ខ្សោយ​​របស់​ភាគី​បក្ស​ដិបក្ស​នៅ​លើ​សមរភូមិ ដោយ​ម្នាក់ៗ​មាន​ភាព​បន្ទាន់​ត្រូវ​ប្រឈម​នឹង​សត្រូវ​រួម​តែ​មួយ គឺ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ភាព​ទន់ភ្លន់​ដាក់​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។

ប៉ុន្តែ​​ការ​ព្រមព្រៀង​នេះ​គ្រាន់​តែ​ដំណាក់​កាល​ដំបូងដែល​​មិន​ធ្លាប់​កើត​មាន​ពី​មុន​ប៉ុណ្ណោះ និង​គ្មាន​អ្វី​អាច​ធានា​បាន​ពី​ជោគជ័យ​ចុងក្រោយ​ទេ ព្រោះ​មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា តាំង​ពី​ឆ្នាំ​២០១១​មក ​ “អនាគត​នយោបាយ​របស់​លោក បាស្ហារ​អាល់អាសាដ”  នៅ​តែ​បន្ត​ជា​ឧសបគ្គ​ដដែល។​ រាល់​ផែនការ​សន្តិភាព​ពី​មុនៗ​ ស្នើ​ដោយ​មហាអំណាច​ ឬ​អង្គការ​សហប្រជាជាតិ ​​តែង​​ជួប​បរាជ័យ​ គាំង​ត្រឹម​​ឈ្មោះ​ បាស្ហារ អាល់អាសាដ ! នៅ​លើក​នេះ ឈ្មោះ​បាស្ហារ​អាល់អាសាដ​នឹង​លើក​ទៅ​និយាយ​ក្រោយ​គេ ដើម្បីកុំ​ផែនការ​ស្លាប់​មុន​កើត​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ