អានតួអត្ថបទ
យេម៉ែន

ក្រោយ​ភេរវកម្មរបស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ អាមេរិក​ជម្លៀស​​ទ័ព​សេស​សល់​ចេញ​ពី​យេម៉ែន

សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​ជម្លៀស​ទាហាន​ជាង​មួយ​រយ​នាក់ ដែល​ជា​កង​កម្លាំង​ទ័ព​ពិសេស​សេស​សល់​ចុងក្រោយ​ ចេញ​ពី​ទឹក​ដី​យេម៉ែន។ មូលហេតុ​ គឺ​បណ្តាល​មក​ពី​ស្ថានភាព​សន្តិសុខ​ធ្លាក់​ចុះ​ ដុន​ដាប​ខ្លាំង ជាពិសេស​ក្រោយ​ពី​មហាភេរវកម្ម​​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ កាលពី​ថ្ងៃ​សុក្រ​ដែល​បាន​ផ្តាច់​ជីវិតមនុស្ស​អស់​ជិត​១៥០​នាក់។ ប្រឈម​មុន​នឹង​ស្ថានការណ៍​បែប​នេះ លោកប្រធានាធិបតី​យេម៉ែន​បាន​ចេញ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ ប្រកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​​ជ្រុលនិយម "ឈីអ៊ីត" និង"​ស៊ុននីត"។

សកម្មជន​Houthi កំពុង​ពិនិត្យ​មើល​ទំហំ​គ្រោះ​ថ្នាក់​​បង្ក​ឡើង​ភេរវកម្ម​អត្តឃាត​ជា​ស្នាដៃ​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម
សកម្មជន​Houthi កំពុង​ពិនិត្យ​មើល​ទំហំ​គ្រោះ​ថ្នាក់​​បង្ក​ឡើង​ភេរវកម្ម​អត្តឃាត​ជា​ស្នាដៃ​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

 

ទាហាន​អាមេរិក ដែល​ទូរទស្សន៍​CNN​ បាន​បង្ហើប​ព័ត៌មាន​មុន​គេ ទាក់ទង​នឹង​ការ​ជម្លៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​យេម៉ែន គឺ​ជា​កងចុងក្រោយ​នៃ​ទ័ព​ពិសេសអាមេរិក ដែល​​មាន​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ ចលនា​ភេរវនិយម​អាល់កៃដា​និង​ក្រុម​សបណ្តាញស្និទ្ធ​នឹង​ចលនា​នេះ​ នៅប្រទេស​យេម៉ែន។ កាលពី​ខែ​មុន សហរដ្ឋ​អាមេរិក​ទើប​ប្រកាស​បិទ​ទ្វារ​ស្ថាន​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សាណា បន្ទាប់​ពី​ការ​វាយ​លុក​ត្រួត​ត្រា​រដ្ឋធានី​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ឈីអ៊ីត​ហួតទី។

ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ទី ២០ មីនា ជា​លើក​​ទី​មួយ យេម៉ែន​បាន​រង​គ្រោះ​ភេរវកម្ម​ដែល​ជា​ស្នាដៃ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម (កាន់​និកាយស៊ុននីត​ដូច​ពួក​អាល់កៃដា​ដែរ)​។ ផលវិបាក​មាន​ធ្ងន់​ធ្ងរ​ខ្លាំង​ខាង​ជីវិត​មនុស្ស (បើ​តាម​ប្រភព​ខ្លះ) មាន​ស្លាប់​យ៉ាង​ហោច ១៤១នាក់ និង​របួស​ជាង​៣៥០​នាក់ ក្នុង​ភេរវកម្ម​ពីរ​ផ្ទួនៗ​ ឯ​ភេរវកម្ម​ទី​បី​ត្រូវ​ទប់​ស្កាត់​បាន​ទាន់។ បើ​តាម​អ្នក​វិភាគ​ ពួក​អង្គការរដ្ឋ​អ៊ីស្លាម កំពុង​តែ​ឆ្លៀត​យក​ចំណេញ​ពី​បរិបទ​ដ៏​អនាធិបតេយ្យ​នៅក្នុង​ប្រទេស​យេម៉ែន ដែល​កំពុង​ហែក​ហួរ​ ប្រយុទ្ធ​ប្រឆាំង​រហូត​ទប់​ទល់​រហូត​នឹង​​ពួក​ភេរវនិយម​អាល់កៃដា ដើម្បី​តាំង​ខ្លួន​ធ្វើ​ជា​មេ​កើយ​ វាត​អំណាច​ដល់​ប្រទេស​នេះ។

យេម៉ែន​ កំពុង​ស្ថិត​លើ​មាត់​ជ្រោះ​នៃ​សង្គ្រាម​ស៊ីវិល ដោយ​បែង​ចែក​ប្រទេស​ជា​ពីរ​ចំណែក ខាង​ជើង​កាន់​កាប់​ដោយ​ពួ​ក​ហួតទី និកាយ​ឈីអ៊ីត គាំទ្រ​ដោយ​អ៊ីរ៉ង់ ​និង​ខាង​ត្បូង​គ្រប់គ្រង​ដោយ​កង​កម្លាំង​ និកាយ​ស៊ុននីត ជា​សម្ព័ន្ធ​របស់​​ប្រធានាធិបតី​យេម៉ែន ស្និទ្ធ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ លោក​ប្រធានាធិបតី​យេម៉ែន ដែល​បាន​បង្ខំ​ខ្លួន​រត់​គេច​ទៅ​ភាគ​ខាង​ត្បូង​ ក្រោយ​ការ​វាយ​​យក​ទីក្រុង​របស់​ពូក​ឈីអ៊ីត​ហួតទី បានចេញ​​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជា​លើក​ទី​មួយ​ ​បរិហារ​អំពើ​ភេរវកម្ម​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ និង​បាន​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​យេម៉ែន។ តែ​លោក​ប្រមុខ​រដ្ឋ​ក៏​បាន​​​អំពាវនាវ​ ​ ឱ្យ​គ្រប់​ភាគី​​ពាក់​ព័ន្ធ​នៅ​យេម៉ែន​ចូល​តុ​ចរចា​ ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​នយោបាយដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ