អានតួអត្ថបទ
អារ៉ាប៊ី​សាអ៊ូឌីត

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​លើ​ពិភពលោកអញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​​ព្រះ​ចៅ​អាប់ដាឡា

ប្រមុខ​ដឹកនាំ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក មាន​ជាអាទិ៍​ប្រធានាធិបតី​អាមេរិក​ បារាំង នាយក​រដ្ឋមន្ត្រី​អង់គ្លេស បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​ចៅ​អាប់ដាឡា ដល់​​​ទីក្រុង​រីយ៉ាត។ ចូល​ទី​វង្គត់​នៅ​ថ្ងៃ​សុក្រ និង​បញ្ចុះ​សព​ភ្លាម​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ​ចៅ​អាប់ដាឡា ត្រូវ​បាន​ពិភពលោក​ ខ្លះ​ចាត់​ទុក​ថា​ជា​អ្នក​ការពារ​សន្តិភាព​ឱ្យ​តំបន់​ដើម​បូព៌ា និង​ខ្លះ​ទៀត​​ចាត់​ទុក​ថា​ជា​ស្ពាន​​ចរចា​រវាង​ពិភពអារ៉ាប​និង​បស្ចឹម​លោក។ 

ព្រះ​មហាក្សត្រ​ថ្មី​របស់​អារ៉ាប៊ីសាអ៊ូឌីត Salman ben Abdelaziz al-Saoud (កណ្តាល) ក្នុង​ពិធី​បញ្ចុះ​សព​ព្រះ​ចៅ អាប់ដាឡា
ព្រះ​មហាក្សត្រ​ថ្មី​របស់​អារ៉ាប៊ីសាអ៊ូឌីត Salman ben Abdelaziz al-Saoud (កណ្តាល) ក្នុង​ពិធី​បញ្ចុះ​សព​ព្រះ​ចៅ អាប់ដាឡា Reuters/Saudi Press Agency/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ី​សាអ៊ូឌីត​ ជា​មិត្ត​ពិត និង​ជា​មិត្ត​ដ៏​កក់​ក្តៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា និង​ភរិយា បាន​សម្រេច​បង្ខើចដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌាមួយ​ថ្ងៃ​ ដើម្បីមក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​ចៅ​អាប់ដាឡាសិន​ មុន​នឹង​ផ្តើម​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​ជា​លើក​ទី​មួយ នៅ​ឥណ្ឌា។

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ហូឡង់ ដែល​បាន​​លើក​សរសើរ​ទស្សនវិស័យ​របស់​ព្រះ​ចៅ​អាប់ដាឡា ចំពោះ​សន្តិភាព​​ ដ៏​ត្រឹម​ត្រូវ​និងអមតៈ​​​នៅ​ដើមបូព៌ា ព្រមទាំង​លោក​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស​ដេរវីត កាមឺរោន ​នឹង​ត្រូវអញ្ជើញ​ទៅ​ដល់​ក្រុង​រីយ៉ាត នៅ​ថ្ងៃ​សៅរ៍​នេះតែ​ម្តង។ ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ យល់​ថា​ព្រះ​ចៅ​អាប់ដាឡា មានព្រលឹង​ជាអ្នក​ចង​ស្ពាន​មេត្រី ឱ្យ​​ពិភព​អារ៉ាប​និង​បស្ចឹម​លោក។

 
ការ​ឧទ្ទិស​និង​គោរព​វិញ្ញាណក្ខន្ធ​មាន​មិន​ខ្វះ​ទេ ប្រធានាធិបតី​រុស្ស៊ី គ្រាន់​តែ​បាន​ឮ​ដំណឹង​មរណទុក្ខ​ភ្លាម​បាន​សម្តែង​ការ​គោរព​ ស្នាដៃ​ផ្នែក​នយោបាយ​ និងការ​ដឹកនាំ​​​ពោរពេញ​ទៅ​ដោយ​​សេ្នហានិង​ការ​គោរព​ពលរដ្ឋ​របស់​ព្រះចៅ​អាប់ដាឡា។

​អ៊ីរង់ ប្រទេស​អ៊ីស្លាម​ដែរ​តែ​កាន់​និកាយ​ឈីអ៊ីត ប្រជែង​នឹង​និកាយ​ស៊ុននីតនៅ​អារ៉ាប៊ីសាអ៊ូឌីត ក៏​នឹង​ត្រូវ​​បញ្ជូន​តំណាងថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​មក​គោរព​វិញ្ញាណក្ខន្ធ​​ព្រះ​ចៅ​អាប់ដាឡា​ដែរ។ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម និង​ប្រមុខ​ដឹកនាំ​បរទេសផ្សេង​ទៀត​ ជា​មិត្ត​ជិត​ដិត​ ជា​មិត្ត​ជិត​ឆ្ងាយ​ ដូច​យ៉ាង​ប៉ាគីស្ថាន តួកគី លីបង់ សុទ្ធ​តែ​មាន​វត្តមាន​ក្បែរ​ព្រះ​ចៅ​ សាល់ម៉ាន ព្រះ​មហាក្សត្រ​ថ្មី ដើម្បី​ជួយ​រំលែក​ទុក្ខ។

ប្រកប​ដោយ​គតិ​បណ្ឌិត ជា​ដៃគូ ជា​អ្នក​ការពារ​សន្តិភាព​ ឯកភាព​អ៊ីស្លាម មាន​ទស្សនវិស័យ​បើក​ទូលាយ​សម្រាប់ពិភពលោក​ទាំង​មូល​ សម្រាប់​ពិភព​អារ៉ាប ប្រទេស​ខ្លះ​បាន​ចេញ​ក្រិត្យ​កាន់​ទុក្ខ​ព្រះចៅ អាប់ដាឡា​​ដល់ទៅ​​បី​ថ្ងៃ ដូច​ករណី​ប្រទេស​អាល់ហ្សេរី ម៉ារ៉ុក ម៉ូរីតានី ឬ​ដែន​ដី​ប៉ាឡេស្ទីន និង​៧​ថ្ងៃនៅ​អេហ្ស៊ីប​។

ប៉ុន្តែ​ជាមួយ​នឹង​ការ​គោរព​សរសើរ​នេះ គេ​ក៏​ឃើញ​មាន​ការ​រិះគន់​ដ៏​កម្រ​​ពី​សំណាក់​ អង្គការ​សិទ្ធិមនុស្ស​ Amnesty International ដែល​ឆ្លៀត​បរិហារ​នា​ឱកាស​កាន់​ទុក្ខ​នេះ ថា​អារ៉ាប៊ីសាអ៊ូឌីត មាន​របប​ដឹកនាំ​ “មិន​ឈឺ​ឆ្អាល​នឹង​បញ្ហា​សិទ្ធិមនុស្ស”។​ មិន​តែ​ប៉ុណ្ណោះ​បស្ចឹម​ប្រទេសជា​ច្រើន​​នាំ​គ្នា​ការពារ​ និង​មិន​ដែល​ថ្កោល​ទោស​សកម្មភាព​រំលោភ​​​សិទ្ធិមនុស្ស បំពាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អារ៉ាប៊ី​សាអ៊ូឌីត ដូច​ករណី​នៅ​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ង់​ជិត​ខាងទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ