អានតួអត្ថបទ
ស៊ីរី

លោក Bachar el-Assad៖« សុន្ទរកថា​របស់​បស្ចិមលោក ជា​ពាក្យពេចន៍​ដែល​គ្មាន​តម្លៃ »

នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍រដ្ឋ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២១ សីហា លោក​ប្រធានាធិបតី​ស៊ីរី Bachar el-Assad បាន​ឆ្លើយ​ព្រមាន​ក្រុមប្រទេស​លោកខាងលិច​ដែល​កំពុង​បន្ត​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង និង​បាន​គំរាម​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៀត​លើ​ប្រទេស​ស៊ីរី។ ក្រៅ​ពី​ចាត់ទុក​ពាក្យពេចន៍​របស់​បស្ចិមលោក​ថា​គ្មាន​តម្លៃ លោកBachar el-Assad បាន​លើក​ឡើង​ពី​គម្រោងកំណែទម្រង់​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី។

លោកប្រធានាធិបតីស៊ីរី Bachar el-Assad
លោកប្រធានាធិបតីស៊ីរី Bachar el-Assad Syrian TV/Reuters
ផ្សាយពាណិជ្ជកម្ម

គិត​តំាង​ពី​មាន​ចលនា​ងើបបះបោរ​ប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​មក នេះ​ជា​លើក​ទី៤​ហើយ​ដែល​លោក​ប្រធានាធិបតី​ស៊ីរី Bachar el-Assad បាន​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ។ អ្វី​ជា​ការ​កត់សម្គាល់​ដំបូង រូបភាព​នៃ​បទអន្តរាគមន៍​របស់​លោក Bachar el-Assad លើក​នេះ​ហាក់​ដូច​ជា​មាន​លក្ខណៈ​ខុស​ពី​លើក​មុន​បន្តិច ប៉ុន្តែ​ខ្លឹមសារ​នៅ​តែ​ដដែល។ ទោះបី​ជា​នៅ​ចំពោះ​មុខ​មហាជន​ស៊ីរី​ដែល​គំាទ្រ​បុព្វហេតុ​របស់​លោក នៅ​ចំពោះមុខ​សភា នៅ​មហាវិទ្យាល័យ​​ក្នុង​ទីក្រុង​ដាម៉ាស់ ឬ​មួយ​ក៏​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ២រូប​នៅ​ទូរទស្សន៍រដ្ឋ​នា​ថ្ងៃ​ម្សិលមិញ​ក្តី លោក Bachar el-Assad នៅ​តែ​បន្ត​ប្រើ​ពាក្យពេចន៍ និង​ឃ្លាឃ្លោង​ដដែល។

លោក Bachar el-Assad បាន​បន្ត​អះអាង​ថា ប្រទេស​ស៊ីរី​កំពុង​ជួប​វិបត្តិ​មួយ​មែន ប៉ុន្តែ​គ្មាន​ចលនា​ងើបបះបោរ​ប្រឆំាង​រដ្ឋាភិបាល​ក្រោម​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ទេ។ សម្រាប់​លោក Bachar el-Assad អធិបតេយ្យ​របស់​ប្រទេស​ស៊ីរី​កំពុង​ទទួល​ការ​គំរាមកំហែង​ពី​ក្រុម​ប្រទេសបស្ចិមលោក ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល​អ៊ីចឹង​ដែរ។ ទាក់ទង​នឹង​ការ​ទាមទារ​របស់​ក្រុមប្រទេសលោកខាងលិច​ឲ្យ​លោក​ចុះចេញ​ពី​តំណែង និង​គំរាម​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៀត​នោះ លោក Bachar el-Assad បាន​ឆ្លើយ​តប​វិញ​ថា ពួក​គេ​មិន​គួរ​និយាយ​ពាក្យពេចន៍​របៀប​នេះ​ទៅ​កាន់​ប្រធានាធិបតី​ម្នាក់​ដែល​ប្រជាជន​បោះឆ្នោត​ឲ្យ​ទេ។

សម្រាប់​លោក Bachar el-Assad ពាក្យសំដី​របស់​បស្ចិមលោក​សុទ្ធ​តែ​គ្មាន​តម្លៃ និង​ថា លោក​ចង់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គម្រោង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ពេល​អនាគត។ តែ​សម្រាប់​ក្រុមអ្នកប្រឆំាង​វិញ ពួក​បាន​ចាត់​ទុក​ពាក្យ​សន្យា​របស់​លោក Bachar el-Assad ថា​គ្មាន​តម្លៃ​អ្វី​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ