អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាលេស្ទីន

មូលហេតុ​នៃ​ទំនាស់​ស៊ី​សាច់​ហុតឈាម​គ្នា​រវាង​អ៊ីស្រាអែល​និង​ប៉ាស្ទីន​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កញ្ញា​នេះ កិច្ចចរចា​ផ្ទាល់​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន ផ្តើម​ឡើង​នៅ​ទីក្រុង​Washington ក្រោម​អធិបតីភាព​របស់​សហរដ្ឋអាមរិក និង​ដោយ​មាន​ការ​ចូលរួម​ផង​ដែរ​ពី​សំណាក់ ហ្សកដានី និង​អេហ្សីព្ទ។ គោលដៅ​គឺ​ផ្តល់​សន្ទុះ​ថ្មី​ដល់​អភិក្រម​សន្តិភាព​នៅ​ភូមិភាគ​ដើម​បូព៌ា​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន អភិក្រម​សន្តិភាព​ដែល​បាន​គាំង​នៅ​មួយ​កន្លែង តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ឆ្លៀត​ឱកាស​នៃ​ការ​ផ្តើម​ឡើង​វិញ កិច្ចចរចា​សន្តិភាព​នៅ​ភូមិភាគ​ដើម​បូព៌ានេះ វិទ្យុ​RFI​សូម​ពន្យល់​ត្រួសៗ មូលហេតុ​ធំៗ​នៃ​ទំនាស់​ស៊ី​សាច់​ហុត​ឈាម​គ្នា រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ។

លោក​ប្រធានា​ធិបតី​ Barack OBAMa អមជុំវិញ​ដោយ​អ្នកដឹកនាំធំៗចំនួន​៤នាក់​ដែល​ចូលរួម​ក្នុងកិច្ចច​រចា​សន្តិភាព​នៅដើមបូព៌ា ថ្ងៃទី​១​កញ្ញា​នៅទីក្រុង វ៉ាស៊ីនតោន
លោក​ប្រធានា​ធិបតី​ Barack OBAMa អមជុំវិញ​ដោយ​អ្នកដឹកនាំធំៗចំនួន​៤នាក់​ដែល​ចូលរួម​ក្នុងកិច្ចច​រចា​សន្តិភាព​នៅដើមបូព៌ា ថ្ងៃទី​១​កញ្ញា​នៅទីក្រុង វ៉ាស៊ីនតោន Reuters / Jim Young
ផ្សាយពាណិជ្ជកម្ម

10:23

បទអន្តរាគមន៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ទំនាស់​អ៊ីស្រាអែល-ប៉ាលេស្ទីន ជា​ទំនាស់​ចាស់​ជាង​គេ​បង្អស់ នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​

ឫស​គល់​នៃ​អធិករណ៍​រវាង​ជនជាតិជ្វីហ្វ(Juif) នៅ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាលេស្ទីន ​ ចាក់​ជ្រៅ​រហូត​ទៅ​ដល់​បី​ពាន់​ឆ្នាំ​មុន កាល​សម័យ​ដែល​ជនជាតិអេប្រឺ​(Hébreux) ឬ​ជ្វីហ្វ ក្នុង​រជ្ជកាល​ស្តេចដាវីត(David) និង​សាឡូម៉ុង​(Salomon) បាន​រស់​នៅ​យ៉ាង​សុខដុម​រមនា​ក្នុង​ដែនដីប៉ាលេស្ទីនបច្ចុប្បន្ន។ ក៏ប៉ុន្តែ​ក្រោយមក ដោយហេតុ​តែ​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ពួកពែរ្ស​(Perse) រួច​ហើយ​ពួករ៉ូម៉ាំង​(Romain) រាជាណាចក្រ​អ៊ីស្រាអែលក៏​បាន​វិនាស​អន្តរាយ​អស់​ទៅ។

ពួក​ជនជាតិ​ជ្វីហ្វ​វិញ បាន​បែក​បាក់​ខ្ចាត់ខ្ចាយ និង​បាន​និរទេស​ទៅ​រស់​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុប។ ក៏ប៉ុន្តែ ទោះ​ជា​បាន​ព្រាត់​គ្នា និង​បាន​រស់​នៅ​ឆ្ងាយ​ពី​មាតុភូមិ​រាប់សិប​រយ​ឆ្នាំ​ក្តី ក៏​ពួក​ជ្វីហ្វ​រក្សា​បាន​ជាប់លាប់ល្អតកូន​ត​ចៅ អត្តសញ្ញាណ វប្បធម៌ និង​សាសនា​របស់​ពួក​គេ ដោយសារ​តែ​ច្បាប់​សីលធម៌ដែល​គេ​ហៅថា តាលមូដ​(Talmud)។

នៅ​សតវត្សរ៍​ទី​១៩ ទ្វីប​អឺរ៉ុប​ទាំង​មូលបាន​ផ្តើម​ពើប​ប្រទះ​នឹង​បាតុភាព​ពីរ។ ទីមួយ គឺ​ការ​លេច​ឡើង​យ៉ាង​ផុសផុល​នៃ​ចលនា​ជាតិ​និយម​ជ្រុល និង​ទីពីរ គឺ​ការ​ស្អប់ខ្ពើម​ពួក​ជ្វីហ្វខ្លាំង​ឡើងៗ។ បាតុភាព​ប្រកប​ដោយ​គ្រោះថ្នាក់​ទាំង​ពីរ​នេះ បាន​អង្រួន​ស្មារតី​ជនជាតិ​ជ្វីហ្វ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុបឲ្យ​ភ័យ ឲ្យ​ភ្ញាក់​ខ្លួន និង​ឲ្យ​ផ្តើម​មាន​មហិច្ឆតា​នយោបាយ​និង​ទឹកដី។ និយាយ​បែប​ផ្សេង ពួក​ជ្វីហ្វ​បាន​ផ្តើម​មាន​គំនិត​ចង់​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ទឹកដី​ដូនតា​របស់​ពួក​គេ​វិញ ចង់​វិល​ត្រឡប់​ទៅ​កាន់​ប៉ាលេស្ទីន​វិញ។

គឺ​នៅ​ក្នុង​បរិបទ​​នេះ​ហើយ ដែល​នៅ​ចុង​សតវត្សរ៍​ទី​១៩ ជនជាតិ​ជ្វីហ្វ​ម្នាក់​ឈ្មោះ​Théodore Herzl បាន​បង្កើត​ចលនា​មួយ​ឡើង គឺ​ចលនា​ស៊ីយ៉ូននិស្ត (Sioniste)។ ស៊ីយ៉ូន​(Sion) ជា​ឈ្មោះ​នៃ​ទួល​មួយ​នៅ​ទីក្រុង​Jérusalem ក្នុង​ដែនដី​ប៉ាលេស្ទីន។ ចលនា​ស៊ីយ៉ូនិស្ត​របស់Théodore Herzl មាន​គោលដៅ​មួយ​ធំ នោះ​គឺ​ប្រមូលផ្តុំ​ជនជាតិ​ជ្វីហ្វ​មក​ពី​គ្រប់​ទី​កន្លែង រួច​ហើយ​កេណ្ឌ​គ្នា​ទៅ​បង្កើត​ប្រទេស​មួយ​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ 

នៅ​ឆ្នាំ ១៩១៤ មុន​សង្គ្រាម​លោក​លើក​ទីមួយ​បាន​ផ្ទុះ​ឡើង ដោយសារ​តែ​សកម្មភាព​របស់​ចលនា​ស៊ីយ៉ូននិស្ត ចំនួន​ជនជាតិ​ជ្វីហ្វ​ដែល​បាន​ចូល​ទៅ​តាំង​លំនៅឋាន នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន បាន​កើន​ទៅ​ដល់​៨ ៥០០០នាក់។ ក៏​ប៉ុន្តែ គេ​ត្រូវ​រង់​ចាំ​បី​ឆ្នាំ ចាំ​ដល់​ឆ្នាំ១៩១៧ ទើប​ឃើញ​ប្រទេស​ទីមួយ​បង្អស់​ក្នុង​លោក គឺ​ប្រទេស​អង់គ្លេស​ចេញ​មុខ​គាំទ្រ​ជា​ផ្លូវការ ចលនា​ស៊ីយ៉ូននិស្ត​របស់​Théodore Herzl។

កាល​ណោះ លោក Balfour រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​អង់គ្លេស ដែល​ជា​ប្រទេស​មួយ​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា បាន​ថ្លែង​គាំទ្រ​ឲ្យ​មាន​មណ្ឌល​ជនជាតិ​ជ្វីហ្វ​មួយ នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ ការ​ថ្លែង​បែប​នេះ​របស់​លោក Balfour បាន​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​មែនទែន សម្រាប់​ប្រវត្តិសាស្ត្រ។ ពីព្រោះ​ចាប់ពី​ពេល​នោះ​មក នៅ​ខាង​ប្រជាជន​អារ៉ាប់​ក្នុង​ភូមិភាគ​ដើមបូព៌ា គឺ​ជា​ការ​ផ្តើម​ចង​កំហឹង​ទៅ​លើ​ចក្រភព​អង់គ្លេស និង​ការ​ផ្តើម​តស៊ូ​ខ្ទប់​មិន​ឲ្យ​ពួក​ជ្វីហ្វ ចូល​មក​តាំង​លំនៅឋាន ក្នុង​ទឹកដី​ប៉ាលេស្ទីន។ នៅ​ខាង​ជនជាតិ​ជ្វីហ្វ​វិញ គេ​បាន​ចាត់​ទុក​ថា ការ​ថ្លែង​របស់​លោក Balfour គឺ​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ មហិច្ឆតា​នយោបាយ​របស់​ចលនា​ស៊ីយ៉ូននិស្ត។ ពួក​ជ្វីហ្វ បាន​ផ្តើម​មាន​ជំនឿ​ថា ការ​បង្កើត​ប្រទេស​អ៊ីស្រាអែល​មួយ​នៅ​លើ​ដី​ប៉ាលេស្ទីន លែង​ជា​ការ​ស្រមើស្រមៃ​ទៀត​ហើយ គឺ​ជា​សុបិន​ដែល​អាច​នឹង​ក្លាយ​ជា​ការ​ពិត​បាន។

ក្រោយ​ពី​ចប់​សង្គ្រាម​លើក​ទីមួយ​ហើយ សង្គម​ប្រជាជាតិ​(La Société des Nations) ដែល​មាន​តួនាទី​ស្រដៀង​គ្នា​នឹង​អង្គការ​សហ​ប្រជាជាតិ​សព្វ​ថ្ងៃ បាន​ប្រគល់​សិទ្ធិ​ឲ្យ​​ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំង​ចែក​គ្នា​កាន់កាប់​រដ្ឋបាល​នៃ​ភូមិភាគ​ដើមបូព៌ា។ ឧទាហរណ៍ អង់គ្លេស​ជា​អ្នក​គ្រប់គ្រង​ប៉ាលេស្ទីន ឯ​បារាំង​វិញ​ជា​អ្នក​ត្រួតត្រា​លីបង់​និង​ស៊ីរី។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​ពី​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​១៩៣៩ ចំនួន​ជនជាតិ​ជ្វីហ្វ​នៅ ប៉ាលេស្ទីន បាន​កើន​ពី ១០០០០០នាក់​ទៅ ៤៧០០០០នាក់។ សូម​ជំរាប​ថា កាល​សម័យ​នោះ​ប្រជាជន​អារ៉ាប់​នៅ​ប៉ាលេស្ទីន មាន​គ្នា​មិន​ដល់ ៦០០០០០នាក់​ល្អ​ផង។ អ៊ីចឹង​ហើយ​បាន​ជា នៅ​ឆ្នាំ​១៩៣៩ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទីពីរ​ហៀប​នឹង​ផ្ទុះ​ឡើង​ តួអង្គ​សំខាន់ៗ​នៃ​អធិករណ៍​រវាង​ជនជាតិជ្វីហ្វ​និង​ជនជាតិ​អារ៉ាប់ បាន​លេច​ឡើង​ច្បាស់​ក្រឡែត​ហើយ​ជា​ស្រេច។ រួម​មាន បណ្តា​ប្រទេស​មហាអំណាច​ដែល​មក​ពី​ក្រៅ ចលនា​ស៊ីយ៉ូននិស្ត ដែល​បាន​បង្កើត​ទីភ្នាក់ងារ​ជ្វីហ្វ​មួយ​រួច​ស្រេច​នៅ​ប៉ាលេស្ទីន ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​បណ្តា​ប្រទេស​អារ៉ាប់​ជិតខាង​ប៉ាលេស្ទីន។ តួអង្គ​ទាំងអស់​នេះ មាន​គោលដៅ​ខុសៗ​គ្នា។ មហា​អំណាច​មក​ពី​ក្រៅ ចង់​រក្សា​ឥទ្ធិពល​របស់​ខ្លួន នៅ​ក្នុង​ភូមិភាគ​មួយ​ដែល​សម្បូណ៌​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ។ ចលនា​ស៊ីយ៉ូននិស្ត ចង់​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មួយ នៅ​ប៉ាលេស្ទីន។ ចំណែក ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​នៅ​បណ្តា​ប្រទេស​ជិតខាង​ប៉ាលេស្ទីន វិញ​ចង់​ខ្ទប់​កុំ​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​កើត​ឡើង​បាន​នៅ​ក្នុង​តំបន់។

ក្រោយ​មក​ទៀត បរិបទ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ បាន​ធ្វើ​ឲ្យ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មាន​លក្ខណៈ​កាន់​តែ​ចាំបាច់ និង​កាន់​តែ​ចៀស​មិន​រួច​ចំពោះ​ជនជាតិ​ជ្វីហ្វ។ អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ អនុវត្ត​ដោយ​របប​ណាហ្ស៊ី(Nazie) អាល្លឺម៉ង់​របស់ Hitler បាន​ជម្រុញ​ពួក​ជ្វីហ្វ​ច្រើន​ឡើងៗ​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋអាមេរិក ឲ្យ​សម្រេច​ចិត្ត​ចូល​ទៅ​រស់​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ នៅ​ប៉ាលេស្ទីន ពួក​គេ​ត្រូវ​បាន​ទទួល​ដោយ​ទីភ្នាក់ងារ​ជ្វីហ្វ ដែល​កាល​ណោះ ដឹកនាំ​ដោយ​លោក David Ben Gourion។

អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ​ក៏​បាន​អង្រួន​ស្មារតី​របស់​បណ្តា​ប្រទេស​មហាអំណាច​ឲ្យ​ជួយ​ឈឺឆ្អាល​បុព្វហេតុ​របស់​ពួក​ជ្វីហ្វ​កាន់​តែ​ខ្លាំង​ឡើង​ ជួន​ពេល​ជាមួយ​គ្នា​នោះ ពួក​ជ្វីហ្វ និង​ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីនទាស់ទែង​គ្នា ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ទីបំផុត នៅ​ខែ​វិច្ឆិកា​ឆ្នាំ១៩៤៧ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ពុះ​ដែនដី​ប៉ាលេស្ទីន​ជា​ពីរ៖ មួយ​កំណាត់​ឲ្យ​ទៅ​ពួក​ជ្វីហ្វ និង​មួយ​កំណាត់​ទៀត​ឲ្យ​ទៅ​ពួក​អារ៉ាប់។ ប៉ុន្មាន​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី ១៤​ឧសភា​ឆ្នាំ១៩៤៨ លោក David Ben Gourion ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ជ្វីហ្វ​នៅ​ប៉ាលេស្ទីន និង​ជា​តំណាង​នៃ​ចលនា​ស៊ីយ៉ូនិស្ត បាន​ប្រកាស​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​រដ្ឋ​អ៊ីស្រាអែល។

ភូមិភាគ​ដើមបូព៌ា​ស្គាល់​អស្ថិភាព​មក​ដល់​សព្វ​ថ្ងៃ ដោយហេតុ​តែ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​

នៅ​ថ្ងៃ​ទី១៥​ឧសភា​ឆ្នាំ១៩៤៨ ពោល​គឺ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​រដ្ឋ​អ៊ីស្រាអែល ប្រទេស​អេហ្សីប(Egypte) ស៊ីរី(Syrie) ត្រង់ហ្ស័រដានី(Transjordanie) អៀរ៉ាក់ (Irak) និង​លីបង់(Liban) បាន​ប្រកាស​សង្គ្រាម​ប្រឆាំងនឹង​អ៊ីស្រាអែល និង​បាន​វាយ​លុក ទៅ​លើ​រដ្ឋ​ថ្មីថ្មោង​មួយ​នេះ។ គោលដៅ​របស់​បណ្តា​ប្រទេស​អារ៉ាប់​ទាំងនេះ គឺ​កំទេច​អ៊ីស្រាអែល និង​លុប​បំបាត់​ប្រទេស​នេះ ចេញ​ពី​ផែនទី​នៃ​ភូមិភាគ​ដើមបូព៌ា។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ច្បាំង​ចាញ់​អ៊ីស្រាអែល ហើយ​សង្គ្រាម​បាន​រលត់​បាត់​ទៅ​វិញ នៅ​ខែ​កុម្ភៈ​ ឆ្នាំ​១៩៤៩។ តាំង​ពី​ពេល​នោះ​មក បណ្តា​ប្រទេស​អារ៉ាប់​ទាំងអស់​នៅ​ក្នុង​តំបន់ បាន​ខិតខំ​បង្កើត​និង​ពង្រឹង​ទ័ព ដេក​រង់ចាំ​ថ្ងៃ​សងសឹក​អ៊ីស្រាអែល​វិញ។

បណ្តា​ប្រទេស​អារ៉ាប់ ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​១៩៥៤ មុន​នឹង​ហ៊ាន​ចេញ​មុខ​រករឿង​អ៊ីស្រាអែល​សា​ជា​ថ្មី។ កាល​ណោះ ប្រទេស​អេហ្ស៊ីព្ទ ក្រោម​ការ​ដឹកនាំ​របស់​វរសេនីយឯក​​ណាហ្ស៊ែរ​(Nasser) បាន​ប្រឹងប្រែង​ចង​សម្ព័ន្ធភាព​យោធា​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ជិត​ខាង។ គោលដៅ គឺ​ឡោមព័ទ្ធ​និង​ច្របាច់ក​អ៊ីស្រាអែល​។ ក៏​ប៉ុន្តែ នៅ​ទី​បំផុត គឺអ៊ីស្រាអែល ទេ​តើ​ ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​មុន។ កាល​ណោះ គឺ​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៦៧ កងទ័ព​អ៊ីស្រាអែល​បាន​វាយ​កំទេច​កង​កម្លាំង​របស់​អេហ្ស៊ីព្ទ ស៊ីរី និងហ្សកដានី ដោយ​បាន​ប្រើ​ពេល​តែ​ប្រាំមួយ​ថ្ងៃ​ប៉ុណ្ណោះ។ សង្គ្រាម​ដ៏​លឿន​រហ័ស​ដូច​ផ្លេកបន្ទោរ​នេះ ត្រូវ​បាន​គេ​ហៅ​ថា សង្គ្រាម​ប្រាំមួយ​ថ្ងៃ។ បរាជ័យ​ជា​លើក​ទីពីរ​នេះ បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​កាន់​តែ​អាម៉ាស់មុខ​ និង​កាន់​តែ​ចង់​សងសឹកអ៊ីស្រាអែល​ខ្លាំង​ឡើងៗ។

នៅ​ឆ្នាំ​១៩៧០ ជា​ថ្មី​ម្តង​ទៀត ប្រទេស​អេហ្ស៊ីព្ទ ដែល​កាល​ណោះ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សាដាត់ (Sadate) បាន​ផ្តើម​ពង្រឹង​ទ័ព​របស់​ខ្លួន​ឡើង​វិញ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សហភាព​សូវៀត។ បី​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​តុលា​ឆ្នាំ១៩៧៣ ជួន​ចំ​ថ្ងៃ​បុណ្យ​របស់​ជនជាតិ​ជ្វីហ្វ ឈ្មោះ​បុណ្យ​យ៉ូម​គីបពួរ​(Yom Kippour) កងទ័ពអេហ្ស៊ីព្ទ និង​កងទ័ព​ស៊ីរី បាន​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ ដូច​ពេល​មុនៗ​ដែរ អ៊ីស្រាអែល​បាន​ទទួល​ជ័យជំនះ​ក្នុង​សង្គ្រាម​ថ្មី​នេះ សង្គ្រាម​ដែល​គេ​ហៅ​ថា​ សង្គ្រាម​Yom Kippour។

រថក្រោះ​របស់​អ៊ីស្រាអែល ក្នុង​ពេល​ធ្វើ​សង្រ្គាម​ជាមួយ​លីបង់
រថក្រោះ​របស់​អ៊ីស្រាអែល ក្នុង​ពេល​ធ្វើ​សង្រ្គាម​ជាមួយ​លីបង់ ©Reuters

សង្គ្រាម​រវាង​អារ៉ាប់​និង​អ៊ីស្រាអែល​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​ភូមិភាគ​ដើម​បូព៌ា​ទាំង​មូល

សង្គ្រាម​ទាំង​បី​លើក​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​បន្សល់​ ទុក​មក​ដល់​សព្វ​ថ្ងៃ។ ផលវិបាក​ទីមួយ គឺ​ការ​ក្រឡាប់ចាក់​នៃ​ភូមិសាស្រ្ត​នយោបាយ​របស់​ភូមិភាគ​ដើម​បូព៌ា។ ក្រោយ​សង្គ្រាម​ឆ្នាំ១៩៤៩ ប្រទេស​អ៊ីស្រាអែល បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​នៅ​ប៉ាលេស្ទីន ពី​៥៥%​ទៅ​៧៨%។ ក្រោយ​សង្គ្រាម​Yom Kippour នៅ​ឆ្នាំ​១៩៧៣ អ៊ីស្រាអែល បាន​កាន់កាប់​ដែនដី​ប៉ាលេស្ទីន​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ ក្រោយ​សង្គ្រាម​ប្រាំមួយ​ថ្ងៃ នៅ​ឆ្នាំ​១៩៦៧​ អ៊ីស្រាអែល បាន​លេប​យក​ដែនដី​ហ្គោឡង់​(Golan)នៃ​ប្រទេស​ស៊ីរី និង​ដែនដី​ស៊ីណៃ​(Sinaï)​នៃ​ប្រទេស​អេហ្សីព្ទ។

ផលវិបាក​ធ្ងន់ធ្ងរ​ទីពីរ​នៃ​សង្គ្រាម​បន្តបន្ទាប់​គ្នា​ទាំង​អស់​នេះ គឺ​ទុក្ខវេទនា​របស់​ប្រជាជន​អារ៉ាប់​Palestine ជាង​៧០០០០០នាក់​ដែល​បាន​បាត់បង់​អស់​ទឹក​ដី និង​បាន​ក្លាយ​ជា​ជន​ភៀសខ្លួន​ចេញ​ទៅ​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង ដូច​ជា​នៅ​ស៊ីរី អេហ្ស៊ីព្ទនិងលីបង់។
ចំណែក​ជាង​២០០០០០នាក់​ទៀត បន្ត​រស់​នៅ​ក្នុង​ដែនដីប៉លេស្ទីន កាន់កាប់​ដោយ​អ៊ីស្រាអែល ដូចជា​នៅ​ហ្កាហ្សា​(Gaza) និង​អេប្រុង​(Hébron)​ជា​ដើម។ បណ្តើរៗ ជន​ភៀសខ្លួន​ប៉លេស្ទីន បាន​ពួតដៃ​គ្នា​បង្កើត​ចលនា​តស៊ូ​មួយ ដែល​នៅ​ឆ្នាំ​១៩៦៤ បាន​ក្លាយ​ជា​អង្គការ​រំដោះ​ប៉ាលេស្ទីន ហៅ​កាត់​ថា​OLP។

ផលវិបាក​ធ្ងន់ធ្ងរ​ទីបី​នៃ​សង្គ្រាម​បន្តបន្ទាប់​គ្នា​រវាង​ អ៊ីស្រាអែលនិង​បណ្តា​ប្រទេស​អារ៉ាប់ គឺ​ការ​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​នៅ​ប្រទេសលីបង់។ នៅ​ដើម​ទសវត្សរ៍​ទី៧០ តំបន់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេសលីបង់ បាន​ក្លាយ​ជា​ជំរំ​ជន​ភៀសខ្លួន​​ប៉ាលេស្ទីនធំ​ជាង​គេ ដោយហេតុ​តែ​ប្រទេសស៊ីរី​ និងហ្សកដានី បាន​រុញ​ច្រាន​ជន​ភៀសខ្លួន​​ប៉ាលេស្ទីន​ចេញ​ពី​ប្រទេស​ពួក​គេ ហើយ​បាន​សម្រេច​បិទ​ច្រក​ព្រំដែន ជា​ហេតុ​បាន​ជម្រុញ​ឲ្យ​ជន​ភៀសខ្លួន​ទាំង​​នោះ​រុល​ចូល​ទៅ​ក្នុង​ ទឹកដីលីបង់។ ចូល​ដល់​ទឹកដីលីបង់ហើយ ជន​ភៀសខ្លួន​ប៉លេស្ទីន ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​ទៅ​ចូល​ដៃ​ជាមួយ​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​បាន​ផ្តើម​ទាស់ទែង​ជាមួយ​សហគមន៍​អ្នក​កាន់​គ្រិស្តសាសនា​នៅ​ក្នុង​ ប្រទេស​នោះ។ សង្គ្រាម​ស៊ីវិល​នៅ​លីបង់​បាន​ផ្ទុះ​ឡើង នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥។

នៅ​ឆ្នាំ១៩៧៦ ប្រទេសស៊ីរី ដែល​បារម្ភ​ខ្លាច​សង្គ្រាម​ស៊ីវិល​នៅ​លីបង់រាល​ដាល​ចូល​មកដល់​ប្រទេស​គេ បាន​បញ្ជូន​ទ័ព​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេសលីបង់ ដើម្បី​រៀបចំឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ។ ចាប់​ពី​ពេល​នោះ​មក អនាធិបតេយ្យ​បាន​គ្រប​ដណ្តប់​ទៅ​លើ​ប្រទេស​លីបង់​ទាំង​មូល។ កងទ័ពស៊ីរី បាន​កាន់កាប់​ដី​មួយ​ភាគ​ធំ នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​លីបង់។ រីឯជន​ភៀសខ្លួនប៉ាលេស្ទីន​វិញ​បាន​កាន់កាប់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស និង​សង្កាត់​មួយ​ចំនួន​នៃ​រដ្ឋធានី​បីរូត​(Beyrouth)។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ពួក​អ្នក​កាន់​គ្រិស្តសាសនា​បាន​ប្រយុទ្ធ​គ្នា​រៀងរាល់​ថ្ងៃ នៅ​ក្នុង​ទីក្រុង។ នៅ​ឆ្នាំ​១៩៧៨ ដោយ​ខ្លាច​សង្គ្រាម​ស៊ីវិល​នៅ​លីបង់ ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ខ្លួន កងទ័ព​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេសលីបង់។ បួន​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ​១៩៨២​ អ៊ីស្រាអែល​បាន​សម្រេច​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​យ៉ាង​ធំនៅ​លីបង់ ប្រតិបត្តិការ​ដែល​គេ​ហៅ​ថា ប្រតិបត្តិការ​សន្តិភាព​ហ្កាលីឡេ​(Galilée)។

គោលដៅ​របស់អ៊ីស្រាអែល គឺ​ការពារ​សន្តិសុខ​នៃ​ប្រទេស​គេ ដោយ​រុញច្រាន​ជន​ភៀសខ្លួន​ប៉ាលេស្ទីន ទៅ​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​រវាងអ៊ីស្រាអែល និង​លីបង់។ ក៏​ប៉ុន្តែ ក្រោយ​មក​ទៀត ក្រោមការ​គាប​សង្កត់​របស់​សហគមន៍​អន្តរជាតិ កងទ័ពអ៊ីស្រាអែល បាន​ដក​ខ្លួន​ចេញ​ពី​លីបង់​វិញ ដោយ​ទុក​ចោល​ប្រទេស​នេះ​ឲ្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​សឹង​ផ្តាច់​មុខ​ របស់​កងទ័ព​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ