អានតួអត្ថបទ
អៀរ៉ង់

ទីក្រុងតេអេរ៉ង់៖ គ្មាន​អំពើ​ភេរវកម្ម​ប្រឆំាង​លោក​ប្រធានាធីបតី​ទេ

ប្រទេស​អៀរ៉ង់​បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា មាន​ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ប្រឆំាង​លោក​ប្រធានាធិបតី Mahmoud Ahmadinejad តាម​រយៈ​ការ​បំផ្ទុះ​លើ​ក្បួន​រថយន្ត​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ ទី៤ សីហា​នៅ​ក្នុង​ស្រុក Hamedan ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស។ បើ​យោង​តាម​គេហទំព័រ​មួយ ឧម្បត្តិហេតុ​នោះ​បាន​កើត​មាន​ឡើង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់។ តែ​បើ​យោង​តាម​ព័ត៌មាន​ផ្លូវការ​ផ្តល់​ដោយ​អាជ្ញាធរ គឺ​ជា​សម្លេង​ផ្ទុះ​ដែល​កើត​ឡើង​ពី​ការ​ដុត​ផាវ​ទៅ​វិញ​ទេ។

លោក​ Mahmoud Ahmadinejad (រូបកណ្តាល) ប្រធានាធិបតី​អៀរ៉ង់ និង​កង​ការពារ​លោក នៅ​ក្រោយ​សម្លេង​ផ្ទុះ
លោក​ Mahmoud Ahmadinejad (រូបកណ្តាល) ប្រធានាធិបតី​អៀរ៉ង់ និង​កង​ការពារ​លោក នៅ​ក្រោយ​សម្លេង​ផ្ទុះ ©AFP/ Saman Aghvami
ផ្សាយពាណិជ្ជកម្ម

01:40

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ជា​ការ​បំផ្ទុះ​គ្រាប់​បែក ឬ​មួយ​ក៏​ជា​ការ​ដុត​ផាវ ទំាង​នេះ​សុទ្ធ​សឹង​ជា​ព័ត៌មាន​ផ្ទុយ​គ្នា​ដែល​បាន​លើក​ឡើង​នៅ​ក្រោយ​ព្រឹត្តការណ៍​ផ្ទុះ​នោះ។ តែ​យ៉ាង​​ណា​ក៏​ដោយ វិមាន​ប្រធានាធិបតី​អៀរ៉ង់​បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា មាន​ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ប្រឆំាង​លោក​ប្រមុខរដ្ឋ Mahmoud Ahmadinejad នា​ឱកាស​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ស្រុក Hamedan ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ មន្រ្តី​ជាន់ខ្ពស់​ម្នាក់​នៅ​វិមាន​ប្រធានាធិបតី​ថែម​ទំាង​បាន​បញ្ជាក់​ថា សម្លេង​ផ្ទុះ​នោះ​បាន​កើត​ឡើង​ពី​ការ​ដុត​ផាវ។

តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​ឈ្មោះ Fars ដែល​ជំនិត​នឹង​ក្រុម​អភិរក្សនិយម​បាន​និយាយ​ថា ការ​ផ្ទុះ​នោះ​បាន​កើត​ឡើង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អាយ​មួយ​គ្រាប់។ ចំណែក​ឯ​ទីភ្នាក់ងារ​សារព័ត៌មាន​ឈ្មោះ Mehr ដែល​ជំនិត​នឹង​ក្រុម​អភិរក្សនិយម​ដែរ​​នោះ​បាន​លើក​ឡើង​ថា ការ​ផ្ទុះ​នោះ​បាន​កើត​មាន​នៅ​ឆ្ងាយ​ពី​រថយន្ត​របស់​លោក​ Mahmoud Ahmadinejad។ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Mehr ដដែល ឧម្បត្តិហេតុ​ផ្ទុះ​នោះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ទេ តែ​មាន​ជន​សង្ស័យ​ជា​ច្រើន​នាក់​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន។

ព្រឹត្តិការណ៍​ផ្ទុះ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធីបតី​អៀរ៉ង់ Ahmadinejad ធ្លាប់​បាន​ប្រកាស​កាល​ពី​២​ថ្ងៃ​មុន ថា​ប្រទេស​អ៊ីស្រាអែល​បាន​ព្យាយាម​សម្លាប់​លោក​ចំនួន​៣​ដង​រួច​មក​ហើយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​អៀរ៉ង់​លោក Ramin Mehmanparast បាន​ថ្លែង​ថា លោក Ahmadinejad គឺ​ជា​ឥស្សរជន​ម្នាក់​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ដែល​អ៊ីស្រាអែល​ចង់​សម្លាប់​ចោល។

យ៉ាង​ណា​ក៏​ដោយ ឧម្បត្តិហេតុ​នៅ​ថ្ងៃ​ម្សិលមិញ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​អៀរ៉ង់ សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីស្រាអែល ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ