អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​នៅ​តែ​បន្ត​បិទ​ខ្ទប់​គមនាគមន៍​ផ្លូវទឹក​ចូល​ទៅ​តំបន់​ហ្កាហ្សា

សកម្មជន​បរទេស​គាំទ្រ​ប៉ាលេស្ទីន​ជាង​៥០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ទួរគី និង​ដែល​ត្រូវ​អ៊ីស្រាអែល​ចាប់ឃុំ​ខ្លួន ចាប់​ពី ថ្ងៃ​ចន្ទ ត្រូវ​បាន​អ៊ីស្រាអែល​បញ្ជូន​ចេញ​ពី​ប្រទេស កាល​ពី​យប់​ថ្ងៃ​ពុធ ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍។ វិធានការណ៍​នេះ ធ្វើឡើង បន្ទាប់​ពី​ប្រទេស​ទួរគី​បាន​គំរាម​ថា នឹង​សើរើ​ឡើងវិញ នូវ​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល ប្រសិនបើ​អ៊ីស្រាអែល​មិន​ដោះលែង​ប្រជាជន​របស់​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ពុធ។ ក្រោយ​ការវាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ជំនួយ​មនុស្សធម៌ អ៊ីស្រាអែល​ទទួល​ការរិះគន់​ខ្លាំង​ពីសហគមន៍ អន្តរជាតិ ជា​ពិសេស សហរដ្ឋអាមេរិក​ដែល​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការបិទ​ខ្ទប់​ផ្លូវ​ចូល​ ទៅ​តំបន់​ហ្កាហ្សា​ដែល​ជាទឹកដី​របស់​ប៉ាលេស្ទីន។

Benjamine Netanyahuនាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​បង្ហាញ​ជំហរ​ដាច់ខាត​ក្នុង​ការ​បន្ត​រាំងខ្ទប់​ផ្លូវទឹក​ចូល​ទៅ​តំបន់​ហ្កាហ្សា
Benjamine Netanyahuនាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​បង្ហាញ​ជំហរ​ដាច់ខាត​ក្នុង​ការ​បន្ត​រាំងខ្ទប់​ផ្លូវទឹក​ចូល​ទៅ​តំបន់​ហ្កាហ្សា ©reuters
ផ្សាយពាណិជ្ជកម្ម

01:43

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

សហរដ្ឋ​អាមេរិក​ផ្ទាល់​ដែល​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អ៊ីស្រាអែល វាយ​តំលៃ​ថា វា​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ​ដែល​អ៊ីស្រាអែល​បិទ​ខ្ទប់​ផ្លូវចេញ​ចូល​ទៅ​តំបន់​ហ្កាហ្សា។ តាមរយៈ​រដ្ឋមន្រ្តី​ការបរទេស​របស់​ខ្លួន អាមេរិក​បាន​ស្នើ​ឲ្យ​អ៊ីស្រាអែល​ដកចេញ​នូវ​បំរាម និង​អនុញ្ញាតិ​ឲ្យ​គេ​អាច​ដឹក​ជំនួយ​ជា​សម្ភារៈ​ដើម្បី​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ។ តំបន់​ហ្កាហ្សា​ដែល​អ៊ីស្រាអែល​បាន​បាញ់​បំផ្លាញ កាល​ពី​ឆ្នាំ​ចុង​ឆ្នាំ ២០០៨ ដើម​ឆ្នាំ​២០០៩​មុន​នេះ។

លោក Ban Ki-Moon អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បាន​វាយតម្លៃ​ផង​ដែរ​ថា ការបិទ​ខ្ទប់​ដំណើរ​ផ្លូវទឹក​ចូល​ទៅ​តំបន់​ហ្កាហ្សា ដែល​អ៊ីស្រាអែល​រៀបចំ​ឡើង ជា​រឿង​មួយ​គ្មាន​សីលធម៌ និង​បន្ទុច​បង្អាក់​ដំណើរ​អភិវឌ្ឍន៍។ ដូច្នេះ លោក Ban Ki-Moon បាន​បញ្ជាក់​ប្រាប់​ឲ្យ​អ៊ីស្រាអែល​លើក​បម្រាម​នេះ​ជា​បន្ទាន់។

ការអំពាវនាវ​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ដូរ​ជំហរ​របស់​ខ្លួន​ទេ។ លោក Benjamin Netanyahu នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​បញ្ជាក់ នៅ​ថ្ងៃ​នេះ​ថា អ៊ីស្រាអែល​នៅ​តែ​បន្ត​រាំងខ្ទប់​មិន​ឲ្យ​មាន​នាវា​ចេញចូល​ទៅ​តំបន់​ហ្កាហ្សា។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ ការពារ​ជំហរ​របស់​ខ្លួន ដោយ​បង្ហាញ​ថា ការរាំងខ្ទប់​ផ្លូវទឹក​ចូល​ទៅ​តំបន់​ហ្កាហ្សា ជា​យុទ្ធសាស្រ្ត​ដើម្បី​កុំ​ឲ្យ​ឆ្នេរទឹក​ហ្កាហ្សា​ធ្លាក់​ទៅ​ក្នុង​ដៃ​អៀរ៉ង់។ កន្លង​មក អ៊ីស្រាអែល​ចោទ​អៀរ៉ង់​ថា ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​ក្រុមសកម្មប្រយុទ្ធ​Hamas ក្នុង​តំបន់​ហ្កាហ្សា​ដើម្បី​ប្រឆាំង​អ៊ីស្រាអែល។

គួរ​រំលឹក​ថា អ៊ីស្រាអែល​បាន​បិទ​ខ្ទប់​ផ្លូវទឹក​ចូល​តំបន់​ហ្កាហ្សា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ។ រាល់​នាវា​ដឹក​ទំនិញ​សំដៅ​តំបន់​ហ្កហ្សា ត្រូវ​ចូលចត​នៅ​ផែអ៊ីស្រាអែល ដោយ​អ៊ីស្រាអែល​សន្យា​សុខចិត្ត​បញ្ជូន​បន្ត​តាម​ផ្លូវគោក​ទៅ​តំបន់​ហ្កាហ្សា។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ មិន​ឲ្យ​មាន​ការលួច​ដឹក​អាវុធ​សម្រាប់​ផ្គត់ផ្គង់​ក្រុម​ប្រយុទ្ធ​Hamas នៅ​តំបន់​ហ្កាហ្សា ក្នុង​ទឹកដី​ប៉ាលេស្ទីន។

 
នៅ​ថ្ងៃ​ពុធ​ទី ៣ មិថុនា ២០១០​នេះ អ៊ីស្រាអែល​បាន​បដិសេធ​មិន​ព្រម​សហការ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ការបាញ់​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​នាវា​ដឹកជំនួយ​មនុស្សធម៌។ ពោល គឺ​អ៊ីស្រាអែល​មិន​ព្រម​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ អ៊ីស្រាអែល​ចោទ​ថា សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​លំអៀង ព្រោះ​វា​បាន​បោះឆ្នោត​ដោយ​ប្រទេស​ដែល​ស្អប់​អ៊ីស្រាអែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ