អានតួអត្ថបទ
អាហ្វហ្កានិស្តង់

សន្និបាត​ដើម្បី​ស្វែង​រក​សន្តិភាព​រង​ការវាយ​ប្រហារ​ពី​ក្រុម​តាលីបង់

ក្រុមឧទ្ទាម​តាលីបង់​បាន​បាញ់​គ្រាប់​រ៉ុក្កែត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សំដៅ​រោង​ប្រជុំ​ដែល​មាន​ប្រធានាធិបតី​អាហ្វហ្កានិស្តង់​កំពុង​ថ្លែង​ សន្ទរកថា​បើក​សន្និបាត​Jirga de la paix ឬ​សន្និបាត​ដើម្បី​សន្តិភាព។ សន្និបាត​ដែល​មាន​រយៈពេល​៣​ថ្ងៃ ​សំដៅ​ស្វែង​រក​ដំណោះស្រាយ​ដើម្បី បំបាត់​ចលនា​បះបោ​ក្នុង​ប្រទេស។ ក្នុង​ការវាយប្រហារ​ដែល​បណ្តាល​ឲ្យ​មាន​អ្នករបួស ២ កង​រក្សា​សន្តិសុខ​សម្លាប់​បាន​ភេរវករ​អត្តឃាត ២​រូប និង​ចាប់បាន​មួយ​រូប។

គ្រាប់​រ៉ុក្កែត​របស់​ក្រុម​តាលីបង់​ធ្លាក់​នៅ ជិត​រោង​សន្និបាត​ដែល​កំពុង​ពិភាក្សា​ពីការរួបរួមជាតិ ជាពិសេស​ជាមួយ​ក្រុម​តាលីបង់​
គ្រាប់​រ៉ុក្កែត​របស់​ក្រុម​តាលីបង់​ធ្លាក់​នៅ ជិត​រោង​សន្និបាត​ដែល​កំពុង​ពិភាក្សា​ពីការរួបរួមជាតិ ជាពិសេស​ជាមួយ​ក្រុម​តាលីបង់​ ©reuters
ផ្សាយពាណិជ្ជកម្ម

01:52

សេចក្តី​រាយការណ៍​របស់​​ឈាង បុប្ផា

ឈាង បុប្ផា

គ្រាប់រ៉ុក្កែត​បាន​ផ្ទុះធ្លាក់​ក្បែរ​រោង​សន្និបាត​ដែល​គេ​រៀបចំ​ក្នុង​ក្រុង​កាប៊ូល។ ក្រុមភេរវជន​អត្តឃាត​តាលីបង់​បាន​បន្លំ​ខ្លួន ចូល​ទៅ​ក្នុង​បរវេណ​ដែល​គេ​រៀបចំ​សន្និបាត និង​ការពារ​សន្តិសុខ​ដោយ​កំលាំង​អន្តរជាតិ​ជាង ១២០០​នាក់។ ការផ្ទុះ​គ្រាប់​នេះ មិន​បាន​បង្អាក់​ការងារ​របស់​សន្និបាត​សន្តិភាព​ដែល​ប្រធានាធិបតី​អាហ្វហ្កនិស្តង់​ផ្ទាល់​ជា​អ្នកដឹកនាំ។ លោក Hamid Karzaï បាន​និយាយ​ប្រាប់​ទៅ​អ្នកចូលរួម​ប្រមាណ ១៦០០​នាក់ មិន​ឲ្យ​ភ័យខ្លាច និង​នៅ​បន្ត​កិច្ចប្រជុំ នៅ​ពេល​សំលេង​គ្រាប់​បាន​ផ្ទុះ​ឡើង។ ។ ប៉ុន្តែ​មួយ​ស្របក់​ក្រោយមក ក្បួន​រថយន្ត​ទាហានបាន​ដឹក​ជំលៀស​ប្រធានាធិបតី​ចេញ​ទីកន្លែង​ប្រជុំ។

សន្និបាត​លើក​នេះ ជា​សន្និបាត​ទី​៣ ដែល​គេ​រៀបចំ​ជា​ប្រពៃណី​ចាប់តាំង​ពី​ការធ្លាក់​របប​តាលីបង់ ក្នុង​ឆ្នាំ ២០០១។ សន្និបាត​នេះ​មាន​យុទ្ធសាស្រ្ត​ស្វែងរក​ការព្រមព្រៀង​គ្នា និង​ស្រោចស្រង់​ប្រទេស​ចេញ​ពី​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ។ អ្វី​ដែល​សំខាន់​នោះ គឺ​គេ​មាន​បំណង​បញ្ចុះ​បញ្ចូល​ក្រុម​តាលីបង់​ឲ្យ​មក​ចូលរួម​តុ​ចរចា។ វា​ជា​ដំណើរ​តស៊ូ​ដ៏​វែងឆ្ងាយ នៅ​ពេល​ដែល​ពួក​តាលីបង់​មិន​បញ្ឈប់​វាយប្រហារ និង​ពង្រឹង​កំលាំង​កាន់​តែ​ច្រើន ក្តោបក្តាប់​តំបន់ ក្នុង​ប្រទេស​អាហ្វហ្កានិស្តង់។

ដោយពិត​ទៅ សន្និបាត Jirga de la paix និងមិនផ្តល់លទ្ធផលជាដុំកំភួនពោលគឺគេគ្រាន់តែពិភាក្សាគ្នាតែមិនធ្វើសេចក្តីសម្រេចចិត្តអ្វីទាំងអស់។ ប៉ុន្តែ ក្រុម​តាលីបង់​បាន​វាយតម្លៃ​ថា សន្និបាត​សន្តិភាព​នេះ​គ្រាន់​តែ​ជា​ឧបករណ៍​ឃោសនា របស់​កំលាំង​អន្តរជាតិ ដែល​កំពុង​ឈ្លានពាន​អាហ្វហ្កានិស្តង់ ប៉ុណ្ណោះ។ ក្នុង​រយៈពេល ២​ឆ្នាំ​នេះ ក្រុម​តាលីបង់​បាន​បង្កើន​វាយប្រហារមក​លើ​រដ្ឋធានី​កាប៊ូល ជា​ទី​ដែល​មាន​កង​ទាហាន​អន្តរជាតិ​តាំងនៅ។

ជារួម សហគមន៍​អន្តរជាតិ​គាំទ្រ​កិច្ច​ប្រជុំ​លើក​នេះ​ដែល​សំដៅ​ផ្សះផ្សា​គ្នា​រវាង​ក្រុមតាលីបង់ និង​ប្រធានាធិបតី Hamid Karzaï។ ប៉ុន្តែ សន្និបាត​ដែល​ផ្តើម​គំនិត​ដោយ​ប្រធានាធិបតី​អាហ្វហ្កានិស្តង់ នឹង​មិន​លើក​និយាយ​ពី​ការចូល​រួបរួម​របស់​ក្រុម​តាលីបង់​ក្នុង​នយោបាយ​ប្រទេស នៅ​មុន​ពេល​ដែល​កំលាំង​ទ័ព​អន្តរជាតិ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ