អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកចន ឃែរី បាន​រៀបចំ​កិច្ច​ប្រជុំ​ជា​សំងាត់​ដើម្បី​រក​សន្តិភាព​រវាង​អ៊ីស្រាអ៊ែល ​និង​ប៉ាឡែស្ទីន

លោក​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ចន ឃែរី ​បាន​រៀបចំ​កិច្ច​ប្រជុំ​៤ភាគី​ជា​សម្ងាត់​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​ជាមួយ​នឹង​លោក​ណេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល ​លោក​អាល់​ស៊ីស៊ី ​ ប្រធានាធិបតី​អេហ្ស៊ីប ​និង​ព្រះចៅ​អាប់ដាឡា ​នៃ​ព្រះរាជាណាចក្រ​ហ្សកដានី ​ ដើម្បី​រិះរក​ដំណោះស្រាយ​សន្តិភាព ​រវាង​ប៉ាឡេស្ទីន ​និង​អ៊ីស្រាអែល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​អ៊ីស្រាអែល​មួយ។ យ៉ាងណាក៏ដោយ ​ ដំណោះស្រាយ​សន្តិភាព​រវាង​ប៉ាឡេស្ទីន ​និង​អ៊ីស្រាអែល ​នៅតែ​ជា​ក្តី​ស្រម៉ៃ ​ដែល​គ្មាន​ថ្ងៃ​ចេញ​រូបរាង​ពិត​ប្រាកដ​ដដែល។

លោកJonh Kerry អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក
លោកJonh Kerry អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក REUTERS/Darren Ornitz
ផ្សាយពាណិជ្ជកម្ម

ដោយ​យោង​តាម​សម្តី​របស់​អតីតមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់ ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​កាសែត​អ៊ីស្រាអែល ​ឈ្មោះ ​Haaretz​ បាន​ចុះផ្សាយ​ថា ​ កាល​ពី​ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​លោក​ចន ឃែរី​ ដែល​កាល​ណោះ ​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជា​សំងាត់​ រវាង​អ៊ីស្រាអែល​ អេហ្ស៊ីប ​និង​ហ្សកដានី។ កិច្ច​ប្រជុំនេះ​​ បាន​ប្រព្រឹត្តិ​ធ្វើ​ទៅ​នៅ​ទីក្រុង​Aqaba  ​ក្នុង​ប្រទេស​ហ្សកដានី។

 
សារព័ត៌មាន​អ៊ីស្រាអែល ​បាន​បន្តថា​ ក្នុង​ឱកាស​ប្រជុំ​នោះ ​ លោក​ចន ឃែរី ​បាន​ស្នើឡើង​នូវ​ចំណុច​ជា​គោលការណ៍​ធំៗ ​ចំនួន​៦ ​ ទៅកាន់​ថ្នាក់​ដឹកនាំ​ទាំង​៣​ប្រទេស ​ឲ្យ​យល់​ព្រម​ទទួល​យក។ ក្នុង​ចំណោម​ចំណុច​ទាំង​៦នោះ ​គឺ​មាន​ដូចជា ​ការ​ដកចេញ​ពី​ដែនដី​ប៉ាឡេស្ទីន ​របស់​អ៊ីស្រាអែល ​ដែល​បាន​ចូល​ទៅ​គ្រប់គ្រង​ដោយ​ខុសច្បាប់ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៧​មក។ ​បន្ទាប់​មក​ទៀត ​គឺ​លទ្ធភាព​នៃ​ការ​ដោះដូរ​ដែនដី​គ្នា ​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន។

ហើយជាចុងក្រោយ ​នឹង​សំខាន់​បំផុត​នោះ ​ គឺ​លោក​ ចន ឃែរី ​ទៀមទារ​ ឲ្យ​បង្កើត​រដ្ឋ​ឯករាជ្យ​ពីរ​ស្មើ​ភាព​គ្នា ​ប៉ាឡេស្ទីន ​និង​អ៊ីស្រាអែល ​ដោយ​មាន​ហ្សេរូសាឡឹម ​ជា​ទីក្រុង នៃ​ប្រទេស​ទាំងពីរ។ ក្នុង​ន័យ​នេះ ​មានន័យ​ថា ​អ៊ីស្រាអ៊ែល ​ត្រូវ​ទទួល​ស្គាល់ ​ ប៉ាឡេស្ទីន ​ជា​ប្រទេស​ឯករាជ្យ​ពេញ​សិទ្ធិ ​រឺឯ​ប៉ាឡេស្ទីន​វិញ​ ត្រូវ​ទទួល​ស្គាល់​អ៊ីស្រាអែល ​ជា​ប្រទេស​ជ្វីហ្វ ពេញ​សិទ្ធិ​ដូចគ្នា​ដែរ។​ គឺ​ចំណុច​ចុងក្រោយ​នេះ ​ហើយ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​ មិនព្រម ​ ហើយ​ធ្វើ​ឲ្យ​សំណើរ​ដំណោះស្រាយ​សន្តិភាព​នេះ ​ ជួប​បរាជ័យ។ ប៉ាឡេស្ទីន ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីស្រាអែល ​ជា​ប្រទេសេ​ជ្វីហ្វ​ជា​ដាច់ខាត​ ឯ​ចំណែក​អ៊ីស្រាអែល​វិញ​ ​មិនព្រម​ដក​ថយ​ចេញ​ពី​ក្រុង​ហ្សេរូសាឡឹម​ខាង​កើត​ជា​ដាច់ខាត។

គួរបញ្ជាក់​ថា ​លោក ​ចន ​ឃែរី ​ក្នុង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ​បាន​សម្តែង​គោល​ជំហរ​យ៉ាង​ច្បាស់​​លាស់ ​ ចង់​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​រដ្ឋ​អធិបតេយ្យ​ពេញ​ឯករាជ្យ ​ដើម្បី​ជា​ជំហាន​ដំបូង​ក្នុង​ការ​បញ្ចប់​ជំលោះ ​ដែល​មាន​ចំណាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ក្តី​សង្ឃឹម​សន្តិភាព ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ​កាន់​តែ​នៅ​ឆ្ងាយ​   ដោយសារ​តែ​រដ្ឋាភិបាល​ថ្មី​របស់​សហររដ្ឋ​អាមេរិក ​ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ ​មិន​បាន​ផ្តល់​អាទិភាព​ ដល់​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​ប្រទេស​ឯករាជ្យ​ទេ។ ជាង​នេះ​ទៅ​ទៀត ​ សភា​អ៊ីស្រាអែល ​ទើបតែ​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ​ ដែល​អនុញ្ញាតិ​ឲ្យ​ប្រជាជន​និង​អាជ្ញាធរ​អ៊ីស្រាអែល ​បន្ត​សង់​ផ្ទះ​ លើ​ដី​ប៉ាឡេស្ទីន​​ បាន​ដោយ​ស្រប​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ