អានតួអត្ថបទ
អ៊ីរ៉ង់-នយោបាយ

បោះឆ្នោតអ៊ីរ៉ង់៖ ​ក្រុម​កណ្តាល​និយម ​និង​កំណែទម្រង់​និយម ​ឈ្នះច្រើន​តែ​មិន​ទាន់​បាន​សម្លេង​ភាគ​ច្រើន

លទ្ធផល​បោះឆ្នោត​សភា​អ៊ីរ៉ង់​ បាន​ចេញ​ជា​បណ្តើរៗ​ហើយ។ ក្រុម​កណ្តាល​និយម​ និង​ក្រុម​កំណែទម្រង់​និយម​ ដែល​មាន​និន្នាការ​គាំទ្រ​លោក​ប្រធានាធិបតី​ហាសាន់ រ៉ូហានី ​បាន​ប្រមូល​យក​សម្លេង​ឆ្នោត​យ៉ាងច្រើន។ ប៉ុន្តែ​បើ​យោង​តាម​លទ្ធផល​បឋម​នេះ ​ក្រុម​ទាំងពីរ​នៅ​មិន​ទាន់​បាន​សម្លេង​ភាគច្រើន ​នៅ​ក្នុង​សភាជាតិ​នៅ​ឡើយ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​បរិបទ​នយោបាយ​អ៊ីរ៉ង់​ កំពុងតែ​ផ្លាប់ប្តូរ​ទាំង​ស្រុង​ ដោយសារ​ក្រុម​អភិរក្ស​និយម ​ដែល​ផ្តល់​តំលៃ​កំពូល​ទៅ​លើ​សាសនា​អ៊ីស្លាម ​បាន​បាត់បង់​សម្លេង​របស់​ខ្លួន​ ក្នុង​សភាជាតិ ​និង​សភា​សាសនា ​យ៉ាង​សន្ធិកសន្ធាប់។

ទិដ្ឋភាព​នៃការ​​រាប់​សន្លឹកឆ្នោត​​នៅអ៊ីរ៉ង់
ទិដ្ឋភាព​នៃការ​​រាប់​សន្លឹកឆ្នោត​​នៅអ៊ីរ៉ង់ REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៦​ កុម្ភៈ​គឺ​ជា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អ៊ីរ៉ង់​ ពីរ​ផ្សេងគ្នា។ មួយ​គឺ​សភា​ជាតិ ​និង​មួយ​ទៀត​គឺ​សភា​សាសនា ​ដែល​មាន​តួនាទី​តែងតាំង​មគុទេស​សាសនា​កំពូល​របស់​អ៊ីរ៉ង់។

 
ក្រុម​លោក​រ៉ូហានី​ មិនទាន់​ប្រាកដថា​បាន​សម្លេង​ភាគច្រើន​ក្នុង​សភាជាតិ៖
សភា​ជាតិ​អ៊ីរ៉ង់​ មាន​២៩០​អាសនៈ។ យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ជា​បណ្តោះអាសន្ន​​គឺ​ក្រុម​កណ្តាល​និយម ​និង​ក្រុម​កំណែទម្រង់​និយម​ទទួល​បាន​៨៩​អាសនៈ។ ចំណែក​ក្រុម​អភិរក្ស​និយម​ទទួល​បាន​៨៦​អាសនៈ។ ក្រៅពី​នេះ ​បេក្ខជន​ដែល​ជា​បេក្ខជន​ឯងរាជ្យ ​មិន​មាន​នៅ​ក្នុង​ក្រុម​ណាមួយ ​ក៏​ទទួល​បាន​១០​អាសនៈ​ដែរ។ សម្រាប់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា ​បេក្ខជន​ឯករាជ្យ​ទាំង​១០​នេះ ​ចូល​ខាង​ក្រុម​ណាមួយ​ឲ្យ​ប្រាកដ​ទេ។

ការ​រាប់​សន្លឹក​ឆ្នោត​នៅតែ​បន្ត ​ ហើយ​លទ្ធផល​សម្រាប់​៦០​អាសនៈ​ទៀត ​ អាច​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​ទី១ ​មីនា។ ក្រៅ​ពីនេះ​ ​គឺ​នៅ​មាន​៥១​អាសនៈ​ទៀត ​ ដែល​នឹង​ត្រូវ​រៀបចំ​ឲ្យ​បោះឆ្នោត​ឡើងវិញ​នៅ​ជុំ​ទីពីរ​ ព្រោះ​ដោយសារ​បេក្ខជន​ឈរឈ្មោះ​ដែល​ឈ្នះ ​ បាន​សម្លេង​មិន​គ្រប់​២៥% ​នៃ​សម្លេង​ឆ្នោត​ក្នុង​មណ្ឌល​ខ្លួន។ តាម​ការ​គ្រោងទុក ​ ការ​បោះឆ្នោត​ជុំ​ទីពីរ​សម្រាប់​៥១​អាសនៈ​នេះ ​អាច​នឹង​រៀបចំ​ធ្វើ​ឡើង​ នៅ​រវាង​ចុងខែ​មេសា ​ដើម​ខែ​ឧសភា។
 

លោកហាសាន់ រ៉ូហានី​ ប្រធានាធិបតីអ៊ីរ៉ង់ ក្រោយពេល​ទំលាក់​សន្លឹកឆ្នោត​ក្នង​ហិប​ឆ្នោត
លោកហាសាន់ រ៉ូហានី​ ប្រធានាធិបតីអ៊ីរ៉ង់ ក្រោយពេល​ទំលាក់​សន្លឹកឆ្នោត​ក្នង​ហិប​ឆ្នោត REUTERS/President.ir

ដូច្នេះ ​គេ​មិន​ទាន់​អាច​និយាយ​បាន​ថា ​ក្រុម​កំណែទម្រង់​ និង​ក្រុម​កណ្តាល​និយម​របស់​លោក​ប្រធានាធិបតី​ហាសាន់ រ៉ូហានី ​ ឈ្នះ​បាន​សម្លេង​ភាគច្រើន​ក្នុង​សភាជាតិ​ទេ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ​វា​ក៏ជា​ជ័យជំនះ​មួយ​ដ៏​ធំ​ផង​ដែរ​ ព្រោះ​ថា​សភាជាតិ​អាណត្តិមុន​ ក្រុម​កណ្តាល​និយម​និង​ក្រុម​កំណែទម្រង់​និយម​ មាន​អាសនៈ​រួមគ្នា​បាន​តែ​៣០​ប៉ុណ្ណោះ ​ចំណែក​ក្រុម​អភិរក្ស​សាសនា​និយម​វិញ​ គឺ​មាន​អាសនៈ​ដល់​ទៅ​២០០​ឯណោះ។ យើង​ឃើញ​ថា ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​នេះ ​ក្រុម​កណ្តាលនិយម​និង​ក្រុម​កំណែ​ទម្រង់​និយម​ បាន​កើន​អាសនៈ​មួយ​គុណ​ជា​បី​ ឯណោះ។ ជាក់ស្តែង​នៅ​មណ្ឌល​រដ្ឋធានី​តេអេរ៉ង់​ ដែល​មាន​៣០​អាសនៈ ​គឺ​ក្រុម​ទាំងពីរ​នេះ​បាន​ប្រមូល​យក​ទាំងអស់។

លោក​ហាសាន់ រ៉ូហានី​ជាប់​ជា​សមាជិក​សភា​សាសនា៖
សម្រាប់​លទ្ធផល​សម្លេង​ឆ្នោត​នៅ​សភា​សាសនា ​គឺ​នៅ​មិនទាន់​ដឹង​ច្រើន​នៅ​ឡើយ​ទេ។ សូម​បញ្ជាក់ថា​ សភា​សាសនា​អ៊ីរ៉ង់​ ​ជា​សភា​មួយ​មាន​ឥទ្ធិពល​ណាស់ ​ព្រោះ​សភា​នេះ​ហើយ​ ដែល​ជា​អ្នក​សម្រេច​តែងតាំង​ប្រមុខ​មគុទេស​សាសនា​របស់​អ៊ីរ៉ង់។ អាសនៈ​ទាំង​៨៨​នៃ​សភា​នេះ​ ​គឺ​សម្រាប់​មនុស្ស​មាន​ឥទ្ធិពល​ធំៗ​ ​ក្នុង​នយោបាយ​និង​សាសនា​របស់​អ៊ីរ៉ង់។

នៅ​មណ្ឌល​រដ្ឋធានី​តេអេរ៉ង់ ​ដែល​មាន​១៦​អាសនៈ ​គឺ​១៥​អាសនៈ​បាន​ទៅ​ក្រុម​កំណែទម្រង់​និយម​ និងក្រុម​កណ្តាល​និយម។ ខាង​ក្រុម​អភិរក្ស​និយម​បាន​តែ​មួយ​កៅអី​គត់ ​នៅ​តេអេរ៉ង់។ ជោគជ័យ​មួយ​ទៀត​របស់​ក្រុម​កណ្តាល​និយម ​គឺ​លោក​ប្រធានាធិបតី​ ហាសាន់រ៉ូហានី ​និង​ដៃ​គូ​ជំនិត​របស់​គាត់​ម្នាក់​ទៀត​ គឺ​លោក​អតីត​ប្រធានាធិបតី​ រាហ្វសាន់ចានី ​ទាំង​ពីរនាក់​បាន​ទទួល​អាសនៈ​នៅក្នុង​សភា​សាសនា​អាណត្តិ​ថ្មី​នេះ។

យុទ្ធសាស្ត្រ​របស់​ក្រុម​អភិរក្ស​និយម​ ដើម្បី​រក្សា​ឥទ្ធិពល​ក្នុង​សភា​សាសនា៖
មាន​មនុស្ស​សំខាន់ៗ​ខាង​ក្រុម​អភិរក្ស​និយម​ច្រើននាក់ ​ដែល​សុទ្ធ​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​សាសនា​អ៊ីរ៉ង់​ ដែល​បាន​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា​សាសនា ​តួយ៉ាង​ដូច​ជា​លោក ​មហាម៉ាដ យ៉ាហ្សឌី ​ដែល​ជា​ប្រធាន​សភា​សាសនា​បច្ចុប្បន្ន។ ប៉ុន្តែ​លោក ​អាម៉ាដ ចាណាទី ​ប្រធាន​ក្រុម​ប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ​ បច្ចុប្បន្ន ​បាន​សម្លេង​គ្រប់​ដើម្បី​ឈរ​ឈ្មោះ​ក្នុង​សភា​សាសនា​មួយ​អាណត្តិ​ទៀត។

សូម​រំលឹក​ដែរ​ថា ​ ក្រុម​ប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ​នេះ​ហើយ ​ដែល​ជា​អ្នក​សម្រេច​អនុញ្ញាតិ​ឲ្យ​បេក្ខជន​ណា ​អាច​ឈរឈ្មោះ​បោះឆ្នោត​បាន។ សម្រាប់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សភា​សាសានា ​គឺ​មាន​អ្នក​ដាក់​ពាក្យ​១២០០​នាក់ ​តែ​ក្រុម​ប្រឹក្សា​នេះ​ សម្រេច​លុបចោល​សល់​តែ​១៦១​នាក់​ទេ។ ឃើញ​ថា ​បេក្ខជន​ឈរ​ឈ្មោះ ​លើស​ចំនួន​កៅអី​មិន​ដល់​២​ដង​ផង។ អញ្ចឹង​ហើយ​បាន​ជា​នៅ​តាម​មណ្ឌល​ខ្លះ ​គឺ​មាន​បេក្ខជន​តែ​ម្នាក់​ប៉ុណ្ណោះ ​ហើយ​ភាគច្រើន​ជា​បេក្ខជន​ខាង​ក្រុម​អភិរក្ស​និយម​ទៀត។ នេះ​ជា​យុទ្ធសាស្ត្រ​មួយ ​ ដើម្បី​រក្សា​អាសនៈ​របស់​ក្រុម​អភិរក្ស​និយម ​នៅ​ក្នុង​សភា​ជាតិ។

យុវជន​នឿយណាយ​នឹង​សាសនា ​ត្រូវការ​សេដ្ឋកិច្ច ៖

ម្តាយ​យកសន្លឹកឆ្នោត​ឲ្យកូន​ដាក់ក្នុង​ហិបឆ្នោត​ និម្មិតរូប​នៃការបោះឆ្នោត​ដើម្បី​អនាគត​របស់​ក្មេង​ជំនាន់​ក្រោយ​
ម្តាយ​យកសន្លឹកឆ្នោត​ឲ្យកូន​ដាក់ក្នុង​ហិបឆ្នោត​ និម្មិតរូប​នៃការបោះឆ្នោត​ដើម្បី​អនាគត​របស់​ក្មេង​ជំនាន់​ក្រោយ​ REUTERS/Raheb Homavandi

លទ្ធផល​នេះ​ ស​បង្ហាញ​ពី​ផល​វិជ្ជមាន​នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែ​អ៊ីរ៉ង់។ កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​លោក​ហាសាន់ រ៉ូហានី​បាន​ព្យាយាម​ចរចា​ជាមួយ​អាមេរិក​ និង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត ​ ដើម្បី​រំដោះ​អ៊ីរ៉ង់​ចេញ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច។ សម្រាប់​ពេល​នេះ ​ការ​បើក​ចំហរ​ទទួល​ទីផ្សារ​អន្តរជាតិ​របស់​អ៊ីរ៉ង់​ គឺ​ជា​ក្តី​សង្ឃឹម​របស់​ប្រជាជន​អ៊ីរ៉ង់​ ជា​ទូទៅ ​ជា​ពិសេស​គឺ​ក្រុម​យុវជន​ក្មេងៗ ​ដែល​កំពុង​តែ​ត្រៀមខ្លួន​ប្រឡូក​ក្នុង​វិស័យ​សេដ្ឋកិច្ច។ មនុស្ស​អាយុ​ក្រោម​៣០​ឆ្នាំ ​នៅ​អ៊ីរ៉ង់​ មាន​ជិត​២ភាគ៣ ​នៃ​ប្រជាជន​សរុប។ ពួក​គេ​ទាំងនេះ​ហើយ ​ដែល​ត្រូវការ​ការ​ផ្លាស់ប្តូរ​ថ្មី ​ ពួក​គេ​នឿយណាយ​នឹង​ពួក​អភិរក្ស​និយម ​ដែល​ងប់ងល់​តែ​ជាមួយ​នឹង​សាសនា ​យក​លេស​សាសនា​ជា​ធំ ​ រិត​បន្តឹង​សេរីភាព​ ព្រម​ទាំង​បិទទ្វារ​សេដ្ឋកិច្ច ​មិន​ព្រម​ត្រូវ​ជាមួយ​ប្រទេស​ដ៏ទៃ។

តាម​រយៈ​លទ្ធផល​នេះ​យើង​ឃើញ​ហើយ​ថា ​ក្រុម​កណ្តាល​និយម ​និង​ក្រុម​កំណែទម្រង់​និយម​ បាន​ឈ្នះ​សម្លេង​ច្រើន​នៅ​តាម​ទីក្រុង​ធំៗ ​ពោល​គឺ​កន្លែង​ណា​មាន​មនុស្ស​វ័យក្មេងៗ​ច្រើន ​ដោយសារ​ពួក​គេ​ដឹងឮ​ច្រើន ​ស្វែងយល់​បាន​ច្រើន​តាម​រយៈ​បណ្តាញ​អ៊ីនធើនែត​ជាដើម។ ក្រុម​អភិរក្ស​និយម ​ឈ្នះ​សម្លេង​ច្រើន​ បានតែ​នៅ​តាម​មូលដ្ឋាន ​ភូមិ​ស្រុក​ឆ្ងាយៗ ​ដែល​ភាគច្រើន​អ្នក​បោះឆ្នោត​សុទ្ធ​ជា​មនុស្ស​ចាស់ ​ហើយ​ពួកគាត់​មាន​គំនិត​ចាស់​គំរិល ​ និង​មិន​មាន​ការ​យល់ឃើញ​ឲ្យ​ទូលំ​ទូលាយ។

ទោះ​បី​ជា​យ៉ាងណា ​លទ្ធផល​នេះ​គឺ​ជា​ការ​ត្រេកអរ​សម្រាប់​ក្រុម​លោក​ប្រធានាធិបតី​រ៉ូហានី​មែន ​ ​តែ​វា​ក៏​ជា​ការ​ដាក់​បន្ទុក​មួយ​លើ​ក្រុម​នេះ​ផង​ដែរ។ គឺ​ថា​ក្រុម​នេះ​ត្រូវធ្វើ​ឲ្យ​បាន​ជោគជ័យ ​ ត្រូវធ្វើ​កំណែ​ទម្រង់​ ស្រោចស្រង់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ ដើម្បី​កុំឲ្យ​អ្នក​ម្ចាស់​ឆ្នោត​គេ​ខក​ចិត្ត។ លោក​មគុទេសសាសនា​អ៊ីរ៉ង់​ អាលី ​ខាមឺណី ​បាន​ថ្លែង​សារ​ជា​លក្ខណៈ​ព្រមាន​កាល​ពី​ល្ងាច​ថ្ងៃទី​២៨​កុម្ភៈ​ ថា​ទិដ្ឋភាព​នយោបាយ​ថ្មី​របស់​អ៊ីរ៉ង់ ​ដែល​ហុច​អំណាច​ទៅ​ឲ្យ​ក្រុម​កំណែទម្រង់​ និង​ក្រុម​កណ្តាល​និយម​ ​គឺ​ក្រុម​នេះ​ត្រូវតែ​ប្រយ័ត្ន ​គឺ​ ប្រយ័ត្ន​កុំ​ធ្វើ​តែការ​អភិវឌ្ឍន៍​ ឲ្យ​បានតែ​ល្អ​មើល​នៅ​ពី​ខាងក្រៅ ​តែ​ធាតុពិត​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ បាត់បង់​អធិបតេយ្យ​ភាព ​ហើយ​នៅក្រោម​ក្លៀក​មហាអំណាច​បច្ចិមលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ