អានតួអត្ថបទ
ស៊ីរី-ជនជាតិកួដ

ក្រុម​កួដ​ស៊ីរី ​ប្រកាស​ដែនដី​ខ្លួន​ជា​តំបន់​សហព័ន្ធ​ស្វយ័ត

ក្រុម​ជនជាតិ​កួដ​នៅ​ស៊ីរី ​ បាន​បង្ករ​ការ​ភ្ញាក់ផ្អើល ​ដោយ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១៧​ មីនា​ម្សិលមិញ ​ថា​ដែនដី​របស់​ពួកគេ​នៅ​ភាគ​ខាង​ជើង​ស៊ីរី ​ត្រូវ​បាន​ប្រកាស​ឲ្យ​ក្លាយ​ជា​ដែនដី​សហព័ន្ធ​ស្វយ័ត​របស់​ស៊ីរី។ ការ​ប្រកាស​នេះ​ស្របពេល​ដែល​ការ​ចរចា​សន្តិភាព​នៅ​ស៊ីរី ​ កំពុងតែ​ធ្វើ​ទៅ​យ៉ាង​សកម្ម​នៅ​ក្រុង​ហ្សឺណែវ ​ប៉ុន្តែ​ក្រុម​ជនជាតិ​កួដ ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ការ​ចរចា​ទេ។ តែ​យ៉ាងណា​ក៏​ដោយ ​ នេះ​គឺជា​ការ​ប្រកាស​ជា​ឯកតោភាគី ​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ ​រឺ​គាំទ្រ​ពី​ភាគី​ណា​ទាំងអស់។

ក្រុមកួដ​ធ្វើសន្និសីទ​ចាត់​តំបន់ Rojavaក្លាយ​ជា​តំបន់​សហព័ន្ធ​ស្វយ័ត ដែល​មាន​តំបន់​ចំណុះ​បី
ក្រុមកួដ​ធ្វើសន្និសីទ​ចាត់​តំបន់ Rojavaក្លាយ​ជា​តំបន់​សហព័ន្ធ​ស្វយ័ត ដែល​មាន​តំបន់​ចំណុះ​បី REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

តំបន់​បី​នៅ​ភាគ​ខាងជើង​ស៊ីរី​ គឺ​តំបន់​ Afrine Kobané ​និង​ Jaziré​ ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​កង​កម្លាំង​ជនជាតិ​កួដ ​ ត្រូវ​បាន​ប្រកាស​ ឲ្យ​ក្លាយ​ជា​តំបន់​សហព័ន្ធ​ស្វយ័ត។ ប៉ុន្តែ​អ្នក​តំណាង​ក្រុម​ជនជាតិ​កួដ ​បាន​បញ្ជាក់​ថា ​ការ​បែងចែង​តំបន់​ទាំងបី​នេះ​ជា​តំបន់​ស្វយត័ ​ មិនមែន​សំដៅ​ទៅ​លើ​កត្តា​ប្រជាជន​ទេ ​ តែគឺ​គេ​បែងចែង​ដោយ​យោង​ទៅ​តាម​កត្តា​ភូមិសាស្ត្រ។ តំបន់​នីមួយៗ ​ មាន​អ្នក​តំណាង​សហគមន៍​ជនជាតិ​កួដ​ផង ​និង​ជនជាតិ​អារ៉ាប់​ផង​ដែរ។ អ្នក​តំណាង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​កួដ​បាន​និយាយ​ថា ​ ការ​ធ្វើ​បែប​នេះ ​គឺជា​អ្វី​ដែល​សហគមន៍​ជនជាតិ​កួដ​ចង់​បាន​ ហើយ​ថ្ងៃ​អនាគត​ទៅ​ ​គឺ​ស៊ីរី​ត្រូវតែ​ក្លាយ​ជា​រដ្ឋ​សហព័ន្ធ ​ ដោយ​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​តំបន់​ស្វយ័ត​នីមួយ។

 
ទោះជា​យ៉ាង​នេះក្តី ​នេះ​គឺ​ជា​ការ​ប្រកាស​ និង​ជា​ការ​សម្រេចចិត្ត​របស់​ក្រុម​ជនជាតិ​កួដ​តែម្នាក់​ឯង ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ទេ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ស៊ីរី ​ក៏​ដូច​ជា​អ្នក​នាំពាក្យ​ក្រុម​ប្រឆាំង​ ដែល​កំពុង​តែ​មាន​មុខ​ចរចា​នៅ​ហ្សឺណែវ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ ការ​ប្រកាស​បែងចែក​តំបន់​សហព័ន្ធ​ជា​ឯកតោភាគី​បែប​នេះ ​ គឺ​គ្មាន​ប្រសិទ្ធភាព​ផ្លូវ​ច្បាប់​ទេ ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​វា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចរចា​សន្តិភាព។ ដោយ​ឡែក​សហរដ្ឋ​អាមេរិក​ ដែល​ធ្លាប់​គាំទ្រ​ទំនុកបំរុង​ក្រុម​កួដ ​ ក្នុងការ​ប្រុយុទ្ធ​ជាមួយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ប្រកាស​ឲ្យ​ដឹង​ហើយ​ថា​ គេ​មិន​គាំ​ទ្រ​ការ​បង្កើត​រដ្ឋ​កួដ​អធិបតេយ្យជា​ដាច់​ខាត ​ហើយ​គេ​ក៏​មិន​ចង់​ឃើញ​ដែនដី​ស៊ីរី ​ត្រូវ​បែងចែក​ជា​ពីរ​ជា​បី​ដែរ។

សូម​បញ្ជាក់​ថា ​ជនជាតិ​កួដ​មាន​ប្រមាណ​ជា​១០% ​នៃ​ប្រជាជន​ស៊ីរី​សរុប។ បច្ចុប្បន្ន​នេះ ​ក្រុម​កួដ ​គ្រប់គ្រង​ដែនដី​ចំនួន​១៤% ​ដោយ​មួយ​ចំនួន​ធំ​គឺ​ពួក​គេ​បាន​ធ្វើការ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ ​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ តាំង​ពី​ដើម​មក ​ ក្រុម​កួដ​បាន​ប្រកាន់​គោល​ជំហរ​នៅ​កណ្តាល ​មិន​គាំទ្រ​ខាង​រដ្ឋាភិបាល​ស៊ីរី ​ ហើយ​ក៏​មិន​គាំទ្រ​ខាង​ក្រុម​ឧទ្ទាម​ប្រឆាំង​ដែរ។ តែ​ក្រុម​កួដ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ព្រំដែន​ប្រវែង​៨០០​គីឡូមែត្រ​រវាង​ តួកគី ​និង​ស៊ីរី ​គឺ​៣ភាគ​៤ ​ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ជនជាតិ​កួដ។ ហេតុ​ដូច្នេះ​ហើយ ​ បាន​ជា​រដ្ឋាភិបាល​តួកគី​ ប្រឆាំង​ដាច់ខាត​ ព្រោះ​មិន​ចង់​ឃើញ​ក្រុម​កួដ​ស៊ីរី ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ​លើ​ក្រុម​កួដ​នៅ​តួកគី។

យ៉ាង​ណាក៏​ដោយ ​ការ​ប្រកាស​តំបន់​ភាគ​ខាង​ជើង​ស៊ីរី​ ជា​តំបន់​សហព័ន្ធ​ស្វយ័ត ​ដោយ​ឯកឯង​នា​ពេល​នេះ ​ ​គឺ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា ​គឺ​ក្រុម​ជនជាតិ​កួដ​ចង់​ផ្ញើរ​សារ​នយោបាយ​ ទៅកាន់​ក្រុង​ហ្សឺណែវ ​ដែល​ជា​ទី​ចរចា​សន្តិភាព​ដើម្បី​ស៊ីរី។ គេ​ទុក​ក្រុម​កួដ​ចោល​គ្រលៀត​ជញ្ជាំង ​មិន​ឲ្យចូល​ទៅ​ចរចា​ជាមួយ​គេ​ទេ។ ដូច្នេះ​តាម​រយៈ​សារ​នេះ ​ជនជាតិ​កួដ​ចង់​ប្រាប់​ទៅ​ភាគី​ចរចា ​ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ​ថា ​ ​បើ​អ្នក​ឯង​មិន​គិតគូរ​ពី​វាសនា​ពួក​ខ្ញុំ​ទេ ​ គឺ​ទុក​ឲ្យ​ពួក​ខ្ញុំ​គិតគូរ​ដោយ​ខ្លួនឯង

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ