អានតួអត្ថបទ
អ៊ីរ៉ង់

ប្រជាជន​​អ៊ីរ៉ង់​​បោះឆ្នោត​​រើស​ស​មាជិក​សភា និង​សមាជិក​សភា​សាសនា

ប្រជាជន​អ៊ីរ៉ង់​ប្រមាណ​ជា​៥៥​លាន​នាក់ ​កំពុងតែ​នាំគ្នា​ទៅ​បោះឆ្នោត ​នៅ​ថ្ងៃ​សុក្រ​ទី ​២៦​កុម្ភៈ​នេះ ​ ដើម្បី​ជ្រើសរើស​សមាជិក​សភាជាតិ​ ព្រមទាំង​សមាជិក​សភា​សាសនា ​ដែល​ជា​ស្ថាប័ន​កំពូល​ទាំងពីរ​នៃ​សាធារណ​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ នេះ​ជា​ការ​បោះឆ្នោត​ដ៏​មាន​សារៈ​សំខាន់ ​សម្រាប់​អនាគត​នយោបាយ​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​បច្ចុប្បន្ន ​ដែល​ជា​មនុស្ស​កណ្តាល​និយម ​ហើយ​បាន​បើកទ្វារ​អ៊ីរ៉ង ​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​អន្តរជាតិ​ឡើងវិញ។ បើ​ប្រជាជន​អ៊ីរ៉ង់​ពេញចិត្ត​នឹង​នយោបាយ​នេះ ​ នោះ​សមាជិក​សភា​មក​ពី​ក្រុម​កណ្តាល​និយម​ អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន ​លើស​ក្រុម​អភិរក្សនិយម​ នៅ​ក្នុង​សភា​ជាតិ។

ស្ត្រី​អ្នកក្រុង​តេអេរ៉ង់​ ដើរកាត់​ជញ្ជាំង​​ដែល​​មានបិត​បដា​​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​​សភាអ៊ីរ៉ង់​​ ថ្ងៃ​ទី​២៦​កុម្ភៈ ២០១៦
ស្ត្រី​អ្នកក្រុង​តេអេរ៉ង់​ ដើរកាត់​ជញ្ជាំង​​ដែល​​មានបិត​បដា​​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​​សភាអ៊ីរ៉ង់​​ ថ្ងៃ​ទី​២៦​កុម្ភៈ ២០១៦ BEHROUZ MEHRI / AFP
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​មួយ ​សម្រាប់​សភា​ពីរ៖

ការ​បោះឆ្នោត​នៅ​អ៊ីរ៉ង់​ ក្នុង​ថ្ងៃ​នេះ ​គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ពីរ​ ក្នុង​ពេល​តែមួយ។ ពោល​គឺ​ជ្រើសរើស​សមាជិក​សភាជាតិ ​និង​សមាជិក​សភា​សាសនា។ សភាជាតិ​ ដែល​ជា​ស្ថាប័ន​និតិបញ្ញត្តិ​ មាន​អាសនៈ​ចំនួន​២៩០ ​សម្រាប់​អាណត្តិ​ចំនួន​៤ឆ្នាំ។ ឯ​ចំណែក​សភា​សាសនា ​គឺ​មាន​អាសនៈ​ចំនួន​៨៨ ​ ដែល​ទុក​សម្រាប់​តែ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

សម្រាប់​សភា​ជាតិ​ គឺ​មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន​ ៤៨៤៤​នាក់ ​ដែល​ក្នុងនោះ​មាន​មនុស្ស​ស្រី​ចំនួន​ជិត​៥០០​នាក់ ​ដែល​នេះ​ជា​រឿង​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល​ដែរ​ សម្រាប់​អ៊ីរ៉ង់ ​ដែល​ជា​ប្រទេស​ប្រកាន់​សាសនា​អ៊ីស្លាម​តឹងរឹង។ នៅ​ក្នុង​ប្រទេស​ផ្សេង​ កុំថា​ឡើយ​ដល់​ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ​សូម្បីតែ​សិទ្ធិ​បោះឆ្នោត​ក៏​មនុស្សស្រី​គ្មាន​ផង​ទេ។​ ឯ​ចំណែក​សភា​សាសនា​វិញ ​គឺ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​១៥៩​នាក់​ ដែល​សុទ្ធសឹង​តែ​ជា​មនុស្ស​ប្រុស​ទាំង​អស់។

បេក្ខជន​ឈរឈ្មោះ​ជា​ឯកត្តនាម ​គ្មាន​ឈ្មោះ​គណបក្ស៖
បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់ ​គឺ​ឈរឈ្មោះ​ជា​លក្ខណៈ​ឯកត្តនាម​ មាន​ន័យ​ថា​ឈរឈ្មោះ​តែម្នាក់​ឯង ​ក្នុង​នាម​បុគ្គល​ដោយ​មិន​មាន​ប្រើ​ឈ្មោះ​គណបក្ស​ទេ។ ក៏​ប៉ុន្តែ​ធម្មតា​ទេ​ អ្នក​ដែល​ឈរ​ឈ្មោះ​ម្នាក់ៗ ​តែងតែ​មាន​និន្នាការ​នយោបាយ ​ទៅ​តាម​ចរន្ត​នយោបាយ​ធំៗ​របស់​អ៊ីរ៉ង់។ តាម​ពិត​អ្នក​ដែល​ត្រូវ​បានគេ​អនុញ្ញាតិ ​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សភា​ជាតិ​នៅ​ថ្ងៃ​នេះ ​មាន​ដល់​ទៅ​៦១០០​នាក់​ឯណោះ ​ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​មុន​បោះឆ្នោត​មួយថ្ងៃ ​មាន​បេក្ខជន​ជាង​១៤០០​នាក់ ​ បាន​សម្រេច​ដក​ខ្លួន​ចេញ ​ដើម្បី​កុំឲ្យ​បែក​សម្លេង​ឆ្នោត​ច្រើន​ពេក។

អ្នក​ដែល​សម្រេច​ថា​បេក្ខជន​ណា​អាច​ឈរ​ឈ្មោះ​បាន ​ គឺ​ក្រុម​ប្រឹក្សា​ការពារ​រដ្ឋ​ធម្មនុញ្ញ។ ក្រុម​ប្រឹក្សា​នេះ ​មាន​សមាជិក​១២​នាក់ ​ក្នុង​នោះ​មាន​ប្រមុខ​សាសនា ​និង​អ្នក​ច្បាប់ ​ដែល​តែងតាំង​ដោយ​មគុទេសន៍​សាសនា​អ៊ីរ៉ង់​ និង​អាជ្ញាធរ​យុត្តិធម៌​របស់​អ៊ីរ៉ង់។ ក្រុមប្រឹក្សា​នេះ​មាន​អំណាច​ខ្លាំងណាស់ ​ព្រោះជា​អ្នក​សម្រេច​ថា ​អ្នកណា​អាច​ចូល​រួម​ឈរឈ្មោះ​បោះឆ្នោត​បាន។ ជាក់ស្តែង​ មាន​ការ​តវ៉ា​ជា​ច្រើន​ដោយសារ​ បេក្ខជន​មក​ពី​ក្រុម​កំណែទម្រង់​និយម​ ស្ទើរតែ​ទាំង​អស់​ត្រូវ​បាន​ក្រុម​ប្រឹក្សានេះ​ ច្រាន​បេក្ខភាព​ចោល ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត។ បញ្ហា​នេះ ​គឺជា​ចំណោទ​មួយ​ធំ​ណាស់​ បើ​សិន​ជា​យើង​ចង់​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​ពេញលេញ។

តើ​សភា​សាសនា​អ៊ីរ៉ង់ ​ជាអ្វី?
យើង​តែង​តែឮ​ ជួន​កាល​គេ​និយាយ​ពី​ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​ តែជួន​កាល​គេ​និយាយ​ពី​លោក​ប្រមុខ​មគុទេសន៍​សាសនា ​រឺ​លោក​អាយ៉ាតូឡា​អ៊ីរ៉ង់។ គឺ​ជា​មនុស្ស​ពីរ​នាក់​ខុស​គ្នា ​ប៉ុន្តែ​មាន​អំណាច​កំពូល​ធំ​ម្យ៉ាង​ម្នាក់។ ប្រមុខ​មគុទេសន៍​សាសនា​អ៊ីរ៉ង់ ​ គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ ​សភា​សាសនា​នេះ​ឯង។ សមាជិក​សភា​សាសនា​នេះ ​គឺ​សុទ្ធ​ជា​មេដឹកនាំ​សាសនា​អ៊ីស្លាម​ធំៗ ​នៅ​អ៊ីរ៉ង់​ ដែល​មាន​អាណត្តិ​៨ឆ្នាំ​ ហើយ​មាន​តួនាទី​តែងតាំង ​និង​ដក​ដំណែង​ប្រមុខ​មគុទេសន៍​សាសនា។
 

លោក អាយាតូឡា អាលី ខេមណី ប្រមុខមគុទេសន៍​សាសនា​កំពូល​របស់​អ៊ីរ៉ង់​ និងជា​​មេ​ក្រុម​​នយោបាយ​អភីរក្ស​និយម
លោក អាយាតូឡា អាលី ខេមណី ប្រមុខមគុទេសន៍​សាសនា​កំពូល​របស់​អ៊ីរ៉ង់​ និងជា​​មេ​ក្រុម​​នយោបាយ​អភីរក្ស​និយម AFP PHOTO / HO / KHAMENEI.IR

បច្ចុប្បន្ន​នេះ​ប្រមុខ​មគុទេសន៍​សាសនា ​គឺ​លោក​អាយ៉ាតូឡា​ អាលី ខេមណី ​ដែល​មា​នអាយុ​៧៦​ឆ្នាំ​ហើយ។ ដូច្នេះ​តាម​ការ​ស្មាន ​សភា​សាសនា​ថ្មី ​ ដែល​នឹង​កើត​ចេញ​ពី​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​នេះ ​ ​គឺ​អាច​នឹង​ត្រូវ​តែងតាំង​លោក​អាយ៉ាតូឡា​ថ្មី ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។

លោក​អាយ៉ាតូឡា ​រឺ​ប្រមុខ​មគុទេសន៍​សាសនា​នេះ​ មាន​តួនាទី​ធំ​ណាស់​នៅ​អ៊ីរ៉ង់​ ពោល​គឺ​សឹងតែ​ធំ​ជាង​ប្រធានាធិបតី​ទៀត ​បើ​ទោះបី​ជា​គាត់​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ក៏​ដោយ។ អាយ៉ាតូឡា ​គឺ​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​គោរព​គន្លង​ប្រពៃណី​សាសនា​អ៊ីស្លាម​ដ៏​តឹងតែង ​ ហើយ​ជានិច្ច​ជាកាល ​សមាជិក​រដ្ឋាភិបាល ​និង​រដ្ឋសភា​ទទួល​ឥទ្ធិពល​ដោយ​ប្រយោល​ពី​លោក​អាយ៉ាតូឡា ​ដែរ។

ក្រុម​អភិរក្ស​និយម​ រឺ​ក្រុម​កណ្តាល​និយម?
ចរន្ត​នយោបាយ​ធំៗ​នៅ​អ៊ីរ៉ង់ ​គឺ​មាន​ ៣​ គឺ​ទីមួយ​គឺ​ក្រុម​អភិរក្ស​និយម​ដែល​ជា​ក្រុម​ប្រកាន់​ខ្ជាប់​ នូវ​តំលៃ​កំពូល​របស់​សាសនា​អ៊ីស្លាម។ ចរន្ត​ទី​ពីរ​គឺ​ចរន្ត​កណ្តាល​និយម​ ដែល​មាន​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​​បច្ចុប្បន្ន ​លោក​ហាសាន់ រូហានី ​ជា​មេដឹកនាំ។ ចរន្ត​ចុងក្រោយ ​គឺ​ក្រុម​អ្នក​កំណែទម្រង់​និយម ​ដែល​យើងអាច​ហៅ​បាន​ថា​ជា​ក្រុម​ប្រឆាំង ​ដែល​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ ​ធ្វើការ​ផ្លាស់ប្តូរ​ថ្មី។

ចរន្ត​អភិរក្ស​និយម​នេះ ​គឺ​ជា​ក្រុម​នយោបាយ​របស់​លោក​អាយ៉ាតូឡា ​អាលី ខេមណី ​ដែល​តែងតែ​ប្រុង​ប្រយ័ត្ន​ មិន​ចង់​ឲ្យ​អ៊ីរ៉ង់ ​បើក​ទ្វារ​ចំហរ​ទទួល​បរទេស​ទេ ​ជា​ពិសេស​សហរដ្ឋ​អាមេរិក​តែម្តង។ ក្រុម​អ្នក​អភិរក្ស​និយម​នេះ ​ចាត់ទុក​បចិ្ចមលោក ​ប្រទេស​មហា​អំណាច​សេរី​ មាន​អាមេរិក​ បារាំង​ អង់គ្លេស​ជាដើម ​ជា​ប្រទេស​កេង​ចំណេញ ​ជិះជាន់​អ្នក​ទន់ខ្សោយ​ដើម្បី​ប្រយោជន៍​ខ្លួន។ បច្ចុប្បន្ន​ក្រុម​នេះ ​មាន​សម្លេង​ភាគ​ច្រើន​ ទាំង​ក្នុង​សភាជាតិ ​ទាំង​ក្នុង​សភា​សាសនា។

ក៏ប៉ុន្តែ​គេ​កំពុងតែ​ចាំ​សង្កេត​មើល ​ថា​តើ​ប្រជាជន​អ៊ីរ៉ង់​ នឹង​បោះឆ្នោត​ឲ្យ​ក្រុម​មួយ​ណា ​នៅ​ថ្ងៃ​នេះ។ បើ​ក្រុមអភិរក្ស​និយម​ឈ្នះ ​មាន​ន័យ​ថា​ប្រជាជន​អ៊ីរ៉ង់​ មិន​ពេញចិត្ត​នឹង​នយោបាយ​បើក​ទ្វារ​ចំហរ​សេដ្ឋកិច្ច​ ជាមួយ​លោក​ខាងលិច ​របស់​លោក​រ៉ូហានី​ទេ។

បើកទ្វារ​សេដ្ឋិកិច្ច​ បើ​កទ្វារ​អនាគត​សម្រាប់​ប្រជាជន​អ៊ីរ៉ង់៖

លោក​ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី ​ប្រធាន​ចរន្ត​នយោបា​យ​កណ្តាលនិយម​ ដែល​បាន​បើក​ទ្វារ​ភ្ជាប់​ទំនាក់​ទំនង​អ៊ីរ៉ង់​ ជាមួយ​បច្ចិម​លោក
លោក​ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី ​ប្រធាន​ចរន្ត​នយោបា​យ​កណ្តាលនិយម​ ដែល​បាន​បើក​ទ្វារ​ភ្ជាប់​ទំនាក់​ទំនង​អ៊ីរ៉ង់​ ជាមួយ​បច្ចិម​លោក REUTERS/President.ir/Handout

យើង​ត្រូវ​ទទួល​ស្គាល់​ថា ​ដោយសារ​តែ​ទំនោរ​មិន​ជ្រុល​និយម ​របស់​លោក​ប្រធានាធិបតី​ហាសាន់ រ៉ូហានី ​ទើប​បាន​ឈាន​ទៅ​ដល់ ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ជាមួយ​មហា​អំណាច ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ។ កិច្ច​ព្រមព្រៀង​នេះ ​បាន​ធ្វើ​ឲ្យ​មហាអំណាច​ដក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​ កាលពី​ខែ​មករា​ដើម​ឆ្នាំ​នេះ។ សម្រាប់​អ្នក​សេដ្ឋវិទូ​ ការ​ដក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់ ​គឺ​មិន​ខុស​ពី​ប្រោស​សេដ្ឋកិច្ច​អ៊ីរ៉ង់​ ឲ្យរស់​ឡើង​វិញ​ទេ។ អ៊ីរ៉ង់​ មិន​អាច​បន្ត​បិទ​ទ្វារ​នៅ​តែ​ម្នាក់​ឯង​បាន​ទេ។ សម្តី​អ្នក​នយោបាយ ​ដែល​ស្រែក​ក្តែងៗ​ថា ​អ៊ីរ៉ង់​មិន​ត្រូវ​ចុះញ៉ម​អាមេរិក ​ អ៊ីរ៉ង់​មាន​កំលាំង ​ទាំង​អស់​នេះ​គ្រាន់តែ​ឲ្យ​បាន​ពិរោះ​ប៉ុណ្ណោះ ​តែ​តថៈភាព​ជាក់​ស្តែង​គឺ​ប្រជាជន​អ៊ីរ៉ង់​ រស់ទាំង​លំបាក​ ដោយសារ​តែ​គ្មាន​ច្រក​សេដ្ឋកិច្ច​ជាមួយ​គេ​ដ៏ទៃ។

សម្រាប់​ពេល​នេះ ​ថ្វីបើ​ការ​បើក​ចំហរ​សេដ្ឋកិច្ច ​នៅ​មិនទាន់​ហុចផល​នៅ​ឡើយ​ក្តី​ ថ្វីបើ​អត្រា​អ្នក​អត់​ការងារ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ប្រមាណ​ជា​៣០%​ក្តី ​ក៏​ប៉ុន្តែ​ការ​បើក​ចំហរ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ ដែល​ជា​គំនិត​របស់​ក្រុម​កណ្តាល​និយម ​គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​អ៊ីរ៉ង់។ ដង្ហើម​សេដ្ឋកិច្ច​ ​គឺ​ការ​ចង់​បាន​ចំបង​របស់​ប្រជាជន។ លំហូរ​វិនិយោគ​បរទេស ​នឹង​ចូល​ទៅ​អ៊ីរ៉ង់ ​ជា​បន្ត​បន្ទាប់។

ទាំងនេះ​ហើយ ​ជា​ចំណុច​សង្ឃឹម​របស់​ក្រុម​កណ្តាល​និយម​របស់​លោក​ប្រធានាធិបតី​ហាសាន់ រ៉ូហានី។ បើក្រុម​លោក​បាន​សម្លេង​ភាគច្រើន​ក្នុង​សភាជាតិ ​ និង​សភា​សាសនា ​ហើយ​អាច​មាន​លទ្ធភាព​ជ្រើសរើស​អាយ៉ាតូឡាថ្មី​ដែល​មិន​សូវ​ជ្រុល​និយម​ទៀត​នោះ ​គឺ​អ្វីៗ​កាន់តែ​ប្រសើរ។ យ៉ាង​ណាក៏​ដោយ ​លទ្ធផល​បោះឆ្នោត​នេះ​ វា​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ