អានតួអត្ថបទ
កម្ពុជា-ម៉ិកស៊ិក

ម៉ិកស៊ិក​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​UN

កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​ប្រទេស​ម៉ិកស៊ិក​មួយ​ទៀត​ចំពោះ​បេក្ខភាព​ខ្លួន​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ជាន់ខ្ពស់​កម្ពុជា និង​ម៉ិកស៊ិក​កាល​ពី​ថ្ងៃ​ទី​១៧​មិថុនា​ម្សិលមិញ។ ជំនួប​នោះ​ក៏បាន​ផ្តល់​ឱកាស​អោយ​កម្ពុជា​និង​ម៉ិកស៊ិក​ពិចារណា​អំពី​ការ​ផ្តើម​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​គ្នា​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក លោក​ហ្វីលីព កាល់​ដេរ៉ុន ហ៊ីណូហ្សូសា
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក លោក​ហ្វីលីព កាល់​ដេរ៉ុន ហ៊ីណូហ្សូសា RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​នៅ​បន្ត​ស្វែងរក​ការ​គាំទ្រ​ពី​បរទេស​ចំពោះ​បេក្ខភាព​របស់​ខ្លួន​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​កម្ពុជា​កំពុង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​២០​នោះ ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ផង បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក លោកហ្វីលីព កាល់ដេរ៉ុន ហ៊ីណូហ្សូសា។

នៅ​ពេល​នោះ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល​ម៉ិកស៊ិក​ដែល​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​អោយ​ដឹង​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​បាន​ថ្លែង​អោយ​ដឹងថា​រហូតដល់​ពេល​នេះ​មាន​ប្រទេស​ប្រមាណ​១០០​ប្រទេស​ហើយ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​មហាអំណាច​ធំៗ​ផងដែរ ដែល​បាន​ថ្លែង​គាំទ្រ​កម្ពុជា​អោយ​កាន់​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្នុង​អង្គការ​ពិភពលោក​មួយ​នេះ។

គួរ​បញ្ជាក់​ថា មាន​បេក្ខភាព​៣​ពី​អាស៊ី​ដែល​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នេះ។ គឺ​ប្រទេស​កូរ៉េ​ខាងត្បូង ប៊ូតាន និង​កម្ពុជា​នេះ​ឯង។ គូ​ប្រជែង​ខ្លាំង​របស់​កម្ពុជា​គឺ​ប្រទេស​កូរ៉េ​ខាងត្បូង នៅក្នុង​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​ខែ​តុលា​ខាងមុខ។

ជំនួប​រវាង​ប្រតិភូ​ថ្នាក់​ដឹកនាំ​កម្ពុជា និង​ម៉ិកស៊ិក​បាន​ផ្តល់​ពេលវេលា​អោយ​ភាគី​ទាំងពីរ​ផ្តើម​គិតគូរ​អំពី​ការ​ផ្លាស់ប្តូរ​សហប្រតិបត្តិការ​ទ្វេភាគី​ស៊ីជម្រៅ​ផងដែរ។ គួរ​រំលឹក​ថា រដ្ឋាភិបាល​ម៉ិកស៊ិក​ក្នុង​នាម​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច G20 បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ដើម្បី​ថ្លែង​សុន្ទរកថា​គន្លឹះ​សេដ្ឋកិច្ច​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ