អានតួអត្ថបទ
រុស្ស៊ី

មហាមិទ្ទិញ​ជាថ្មី នៅ​រដ្ឋធានី​ម៉ូស្គូ

មិទ្ទិញ​ថ្ងៃ​នេះ ដូច​កាល​ពី​៥ថ្ងៃ​មុន​អ៊ី​ចឹង ចាត់​ចែង​ឡើង​ដោយ​ពួក​ប្រឆាំង​នៅ​ក្រៅ “ប្រព័ន្ធ​អំណាច” និង​ដោយ​ពួក​សកម្មជន​នៃ​បណ្តា​អង្គការ​សង្គមស៊ីវិល។ គោលដៅ​របស់​គេ គឺ​តវ៉ា​ទល់​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី៤ មីនា ដែល​ស្រប​នឹង​លទ្ធផល​នេះ គ.ជ.ប. បាន​ប្រកាស​ជា​ផ្លូវការ​ថា គឺ​លោក​នាយករដ្ឋមន្ត្រី​ពូទីន​ដែល​ជាប់​ជា​ប្រធានាធិបតី​រុស្ស៊ី​លើក​នេះ សម្រាប់​អាណត្តិ​រហូត​ដល់៦ឆ្នាំ។

មហាមិទ្ទិញ​ជាថ្មី នៅ​រដ្ឋធានី​ម៉ូស្គូ
មហាមិទ្ទិញ​ជាថ្មី នៅ​រដ្ឋធានី​ម៉ូស្គូ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​សម្គាល់​មិទ្ទិញ​លើក​នេះ៖ទី១ វា​ប្រព្រឹត្ត​ទៅ នៅ​តាម​ចិញ្ចើម​ដ៏​ធំ​ទូលាយ​នៃ​មហាវិថី​ឈ្មោះ “អារបាត់ថ្មី” ចម្ងាយ​តែ​ជាង ១គ.ម.ប៉ុណ្ណោះ ពី​កំពែង​វិមាន​ក្រេមឡាំង ដោយ​មិន​រំខាន​ដល់​ចរាចរណ៍​នៅ​តាម​សរសៃ​ផ្លូវ​នេះ​ឡើយ។ ទី២ នៅ​ពី​លើ​ហ្វូង​បាតុករ បក់​រវិចៗ​ភាគ​ច្រើន គឺ​ដោយ​ទង់​ពណ៌​លឿងទុំ​ដែល​ជា​ទង់​សម្គាល់ “បដិវត្តន៍​ពណ៌​លឿងទុំ” នៅ​រដ្ឋ​អ៊ុយក្រែន កាល​ពី​ចុង​ឆ្នាំ២០០៤។ ទី៣ សំខាន់​បំផុត គឺ​ការ​ឡើង​ថ្លែង​ពី​លើ​វេទិកា​មិទ្ទិញ​នៃ​ពួក​អ្នកតំណាង​របស់​បក្ស​ប្រឆាំង​នានា នៅ​ក្រៅ “ប្រព័ន្ធអំណាច” និង​នៃ​បណ្តា​អង្គការ​សង្គមស៊ីវិល​ដែល​ក្នុង​ថ្ងៃ​បោះឆ្នោតទី៤ មីនា បាន​ធ្វើ​ជា​អ្នកសង្កេតការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត រួច​ដែល​តាម​សំដី​គេ បាន​ក្លាយ​ជា ”សាក្សី” ឃើញ​ផ្ទាល់​ភ្នែក ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​លុះ​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ពូទីន​ជាប់​ជា​ប្រធានាធិបតី​ឡើង​វិញ។

ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ក្តៅ​ក្រហាយ​រក​លេខ​ដាក់​គ្មាន ពីព្រោះ​ពិត​ជា​ពួក​គេ​តែ​ម្តង​ដែល​ក្នុង​រលក​មិទ្ទិញ​បោកបក់​ក្នុង​ខែ​ធ្នូ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​សភា​បាន​សម្រេចចិត្ត​ជា​ឯកច្ឆ័ន្ទ​ថា “ គ្មាន​សំឡេង​គាំទ្រ​តែ​មួយ​សំឡេង​ក៏​ទេ​ដែរ​សម្រាប់​បេក្ខជន​ពូទីន”។ ពាក្យ​ស្លោក​ចម្បង​ដែល​ត្រដាង​ពី​លើ​វេទិកា​មិទ្ទិញ​មាន​សេចក្តី​ថា៖ទី១ “ការ​បោះឆ្នោត​ទាំង​ពីរ​លើក​កន្លង​ទៅ ជា​បាយ​ឡុក​-បាយឡ មិន​អាច​យក​ជា​ការ​ទេ” ទី២ “សភា​ឌូម៉ា​ដែល​មាន​ជ្រើសរើស​បាន មិនមែន​ជា​សភា​ទេ” និង​ទី៣ “ប្រធានាធិបតី​ដែល​ថា​ឈ្នះឆ្នោត​នោះ មិនមែន​ជា​ប្រធានាធិបតី​ទេ”។

វាគ្មិន​ដែល​ឡើង​ថ្លែង​បែប​យ៉ាង​នាយកប្រតិបត្តិ​នៃ​សមាគម​ឈ្មោះ”​សំឡេង​ម្ចាស់​ឆ្នោត” អ្នកកាសែត ជា​ស្ថាបនិក​ម្នាក់​នៃ”សម្ព័ន្ធ​អ្នកស្រុក​ម្ចាស់​ឆ្នោត” មេដឹកនាំ”រណសិរ្សឆ្វេង” សុទ្ធ​តែ​ទាមទារ​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​សភា និង​ការ​បោះឆ្នោត​ប្រធានាធិបតី​សា​ឡើង​វិញ ឲ្យ​បាន​សុចរិត​ត្រឹម​ត្រូវ។ គេ​ព្រមាន​ថា ដរាប​ណា​ដែល​គេ​មិន​ទាន់​សម្រេច​គោលដៅ​គេ​ទេ គេ​នឹង​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​ត​ទៅ​ទៀត។

ចំណែក​លោក​ពូទីន ក្នុង​សម្ភាសន៍២ថ្ងៃ​មុន​ទៅ ពួក​អ្នកកាសែត​ដែល​ឈ្នះឆ្នោត​ដោយ​បាន​សំឡេង​គាំទ្រ​ដល់​ទៅ ៦៣,៦% ឫ អ្នក​ស្រុក​ម្ចាស់​ឆ្នោត​ជាង ៤៥លាននាក់​បាន​ថ្លែង​ផ្គើន​ជា​មុន ទៅ​ពួក​ប្រឆាំង​ទាំង​នោះ​ថា ៤៥លាន​នាក់​មិន​អាច​ដឹក​តាម​ឡាន Bus ទៅ​បោះឆ្នោត ដោយ​ក្លែង​បន្លំ​ស្អី​ណា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ជ័យជំនះ​គាត់ គាត់​បាន​ទទួល​ការ​អបអរ សរសើរ​ទៅ​ហើយ ពី​មេដឹកនាំ​បស្ចិមលោក បែប​យ៉ាង​អាល្លឺម៉ង់ បារាំង អង់គ្លេស ហើយ​យប់​មិញ ពី​សំណាក់​លោក​ប្រធានាធិបតី​អាមេរិក​ទៅ​ផង។

ចូលរួម​ក្នុង​មិទ្ទិញ​ពួក​ប្រឆាំង​ថ្ងៃនេះ តាម​ការ​ប្រមាណ​ឃើញ​នៃ​អាជ្ញាធរ គឺ​៣ពាន់​នាក់ ប៉ុន្តែ​តាម​ការ​អះអាង​នៃ​ពួក​ចាត់ចែង​មិទ្ទិញ​ផ្ទាល់ គឺ​ដល់​ទៅ ៣ម៉ឺន​នាក់​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ