អានតួអត្ថបទ
អ៊ីរ៉ាក់

នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​សុខ​ចិត្ត​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ

នៅ​ចំពោះ​មុខ​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ទៅៗ​របស់​ពួក​ឧទ្ទាម​ជីហាត​នៅ​អ៊ីរ៉ាក់ ព្រម​ទាំង​បរាជ័យ​ជា​បន្ត​បន្ទាប់​របស់​កងទ័ព​អ៊ីរ៉ាក់​ចំពោះ​ការ​វាយ​លុក​នេះ ​លោក​នាយករដ្ឋមន្ត្រី ​ ម៉ាលីគី ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​មួយ​នឹង​ត្រូវ​ដាក់​ចេញ។​ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តួរ​ឥរិយាបថ​ដ៏​លឿន​រហ័ស​របស់​នាយករដ្ឋមន្ត្រី​ម៉ាលីគី ព្រោះ​ថា​មុន​នេះ​គាត់​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ ថា​គាត់​នឹង​មិន​ព្រម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​ដោយ​មាន​ក្រុម​ស៊ុនីត​ចូល​រួម​ទេ។

លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នូរី អាល់ ម៉ាលីគី
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នូរី អាល់ ម៉ាលីគី AFP PHOTO / Ahmed Saad / POOL
ផ្សាយពាណិជ្ជកម្ម

ក្រុម​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បច្ចុប្បន្ន បាន​ឈ្នះ​ការ​បោះ​ឆ្នោត​សភា​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ប៉ុន្តែ​ជ័យ​ជម្នះដែល​មិន​បាន​ទទួល​សំឡេង​ភាគ​ច្រើន​នេះ បាន​រារាំង​មិន​អាច​ឲ្យ​លោក​ ម៉ាលីគី​ រៀប​ចំ​រដ្ឋា​ភិបាល​បាន​នៅ​ឡើយ​ទេ។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​ឧទ្ទាម​អ៊ីស្លាម​និកាយ​ស៊ុនីត​ បាន​ធ្វើ​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​នា​ប៉ុន្មាន​​សប្តាហ៍​ចុង​ក្រោយ​នេះ​ ដោយ​បាន​ដណ្តើម​កាន់​កាប់​ដែន​ដី​មួយ​ភាគ​ធំ​នៅ​ភាគ​ខាង​ជើង។ លោក​នាយករដ្ឋ​មន្ត្រី​ ម៉ាលីគី និង​ក្រុម​របស់​គាត់​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហីអ៊ីត ធ្លាប់​បាន​បដិសេធ​ថា​គ្មាន​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ណា​មួយ​ ក្រៅ​ពី​ការ​វាយ​បក​ដោយ​កម្លាំង​យោធា​នោះ​ទេ។

 
លោក​ ម៉ាលីគី​ធ្លាប់​ត្រូវ​បាន​គេ​រិះ​គន់​ថា​ជា​នាយករដ្ឋ​មន្តី្រ​ផ្តាច់​ការ  ដែល​គិត​តែ​ពី​បក្ស​ពួក​គ្នា​ឯង និង មិន​ព្រម​ស្តាប់​គេ ហើយ​ធ្វើ​ការ​រួបរួម​ជា​មួយ​ក្រុម​ដ៏​ទៃ​ទេ។ សូម្បី​តែ​ក្នុង​ក្រុម​របស់​គាត់​ក៏​មាន​ អ្នក​មិន​ពេញ​ចិត្ត​និង​ចរិក​អត្តនោម័ត​របស់​គាត់​ដែរ។ ទន្ទឹម​ពេល​ដែល​កង​ទ័ព​អ៊ីរ៉ាក់​របស់​លោក​ ម៉ាលីគី​ បាន​ទទួល​បរាជ័យ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ ​លោក​ ម៉ាលីគី បាន​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​យ៉ាង​រហ័ស​ ដោយ​ថា​លោក​សុខ​ចិត្ត​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ។​ ដំណោះ​ស្រាយ​នោះ ​អាច​ជា​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ ​ដោយ​មាន​អ្នក​តំណាង​ក្រុម​អ៊ីស្លាម​និកាយ​ស៊ុនីត​ចូល​រួម។

មួយ​សប្តាហ៍​មុន​មាន​ការ​សម្រេច​ចិត្ត​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នាយករដ្ឋមន្ត្រី ព្រោះ​ថា​លោក​ ម៉ាលីគី មាន​អ្នក​មិន​ពេញ​ចិត្ត​ច្រើន​ពេក ហើយ​ថា​លោក​គ្មាន​សមត្ថភាព​ ក្នុង​ការ​បញ្ឈប់​ការ​បះបោរ​របស់​របស់​ពួក​ឧទ្ទាម​ស៊ុនីត។ ​កន្លង​មក​លោក​ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​ថ្លែងថា អាមេរិក​គ្មាន​សិទ្ធិ​អ្វី​ទៅ​លូក​ដៃ​ ជ្រើស​រើស​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​កាសែត​ញូវយ៉កថែម​បាន​សរសេរ​ថា អគ្គរដ្ឋទូត​អាមេរិក​បាន​ពិភាក្សា​ជា​មួយ​ក្រុម​និកាយ​ស្ហីអ៊ីត និង​អ្នក​តំណាង​ក្រុម​ជន​ជាតិ​គួដ ដើម្បី​ស្វែង​រក​នរណា​ម្នាក់​ផ្សេង​ទៀត​ មក​ជំនួស​លោក​ម៉ាលីគី។​ បើ​ពិត​មែន​នោះ មាន​ន័យ​ថា​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​លោក​ម៉ាលីគី  គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ ហើយ​មាន​ន័យ​ថា​ លោក​នឹង​មិន​សុខ​ចិត្ត​ ឲ្យ​នរណា​មក​ជំនួស​កន្លែង​លោក​ដោយ​ងាយៗ​ទេ។

គួរ​បញ្ជាក់​ថា​ឥទ្ធិពល​របស់​ប្រទេស​អ៊ីស្លាម​ធំៗ​នៅ​ក្បែរ​ខាង​អ៊ីរ៉ាក់​ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ​ ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​អ៊ីរ៉ាក់។​ អ៊ីរ៉ង់​ដែល​ជា​ប្រទេស​សម្បូរ​អ្នក​កាន់​និកាយ​ស្ហីអ៊ីត​ពិត​ជា​ពិបាក​សម្រេចចិត្ត​ថា​តើ ​ត្រូវ​គាំ​ទ្រ​ការ​រួបរួម​គ្នារ​វាង​ក្រុម​ឈីអ៊ីត​និង​ក្រុម​ស៊ុនីត​ នៅ​អ៊ីរ៉ាក់ ​ឬយ៉ាង​ណា។ មួយ​វិញ​ទៀត គេ​មិន​ច្បាស់​ថា បណ្តា​ប្រទេស​ធំៗ​ផ្សេង​ទៀត​ដូច​ជា អារ៉ាប៊ីសាអ៊ូឌីត ហ្សកដានី និងប្រទេស​អារ៉ាប់រួម ដែល​ប្រទេស​ទាំង​នោះ​សុទ្ធសឹង​ ជា​ប្រទេស​សម្បូរ​អ្នក​កាន់​និកាយ​ស៊ុនីត និង​ឈប់​គាំ​ទ្រ​ក្រុម​ឧទ្ទាម​ជីហាត​ស៊ុនីត​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ