អានតួអត្ថបទ
តួកគី​

តួកគី៖​ច្បាប់​​រំលោភ​​អនីតិជន​​ដ៏​ចម្រូង​ចម្រាស​- អ្នក​រាយការណ៍​អ.ស.ប​​បារម្ភ​​ពី​​​ការបិទ​​​​​​សិទ្ធិ​​​​​មតិ​យោបល់​​

សប្តាហ៍នេះ ​​សភា​តួកគី​​បាន​បោះឆ្នោត​​លើ​សំណើ​ច្បាប់​ ​អនុញ្ញាត​អោយ​ព្យួរ​ការកាត់ទោស​​ជនល្មើស​ដែល​រំលោភ​អនីតិជន ករណី​ជនរូបនោះ​ព្រមរៀបការ​ជនរងគ្រោះ។ ច្បាប់​ដ៏​ចម្រូង​ចម្រាស​​​នេះ​នឹងត្រូវ​សភា​​​​​បោះឆ្នោត​ជាលើកទី២​ទៀត ទើប​អាច​អនុម័ត​បាន។ ទន្ទឹមនេះ​ដែរ​ អ្នក​រាយការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​បាន​​កត់សម្គាល់​ពីបញ្ហា​ នៃការ​បិទសិទ្ធិ​បញ្ចេញ​មតិយោបល់​នៅ​តួកគី។

សភា​តួកគី​
សភា​តួកគី​ Adem Altan, AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃព្រហស្បតិ៍​ សភា​តួកគី​បាន​បោះឆ្នោត​លើ​សំណើច្បាប់ អនុញ្ញាតអោយ​ព្យួរ​ការ​កាត់ទោស ជនល្មើស​ដែល​​រំលោភ​ភេទ​​អនីតិជន ករណី​ជនរូបនោះ​ព្រម​រៀបការ​ជន​រងគ្រោះ។​​ គម្រោង​ច្បាប់នេះ បាន​បង្ក​​ភាព​ចម្រូងចម្រាស​ក្នុងស្រុក រង​ការ​បរិហារ​រិះគន់​ពីក្រុម​ការពារ​សិទ្ធិកុមារ និង​ក្រុម​ប្រឆាំង។​ ​

រដ្ឋមន្ត្រី​យុត្តិធម៌តួកគីបាន​រិះគន់​ក្រុម​ប្រឆាំង​ថា​ចង់​បង្វែរខ្លឹមសារ​​​​ពិត​នៃ​គម្រោង​ច្បាប់នេះ។ ​យោងតាម​រដ្ឋមន្ត្រី​យុត្តិធម៌​ ​គម្រោងច្បាប់នេះ ​ប្រើបាន​តែ​ករណី​ពិសេស​មួយចំនួន​ប៉ុណ្ណោះ។ ដូចជា​ករណី​គូស្នេហ៍​ដែល​ភាគីខាងស្រី មិនទាន់​​គ្រប់​អាយុ។​ ​បើ​ភាគីខាងប្រុស​ព្រម​រៀបការ​​គាត់ នោះ​ភាគី​ខាងប្រុស​អាច​រួចទោស។

ក្នុង​សង្គម​តួកគី មា​នករណី​​​គ្រូពេទ្យ​​​ជូន​ដំណឹងទៅ​រដ្ឋអាជ្ញា ​​​​​​​ពី​ករណី​នារី​អនីតិជន ​​មាន​ផ្ទៃពោះ។ ដូច្នេះ អាជ្ញាធរ​​​ចាប់​បុរស​​ជាគូស្នេហ៍​​​ដាក់ពន្ធនាគារ ធ្វើអោយ​នារី​រងគ្រោះ ត្រូវ​រ៉ាប់រង​​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង។ ​គម្រោង​​ច្បាប់​លើកលែង​ជនបំពាន​ភេទ​នេះ​ គឺ​ចង់​ស្រោចស្រង់​គូស្នេហ៍រងគ្រោះ​​ប្រភេទ​នេះ។

​ប៉ុន្តែ ពាក្យថា លើកលែង​ជនបំពាន​ភេទ​នេះហើយ​ដែលបង្ក​ជាភាព​ចម្រូងចម្រាស​ឡើង។ ​សូម​បញ្ជាក់ថា ​​តួកគី​អនុញ្ញាត​អោយ​រៀបអាពាហ៍ពិពាហ៍​ ចាប់​ពី​អាយុ​១៧ឆ្នាំទៅ។ សម្រាប់​ករណី​លើកលែង​មួយចំនួន ​គេ​ក៏អាច​រៀបការ​ពី​អាយុ​១៦ឆ្នាំ​ដែរ។ ករណី​រៀបការ​ទាំងនៅ​ជា​អនិតិជន​នេះ កើតឡើង​ច្រើន​ នៅ​តាម​ភាគខាងកើត​ប្រទេស ហើយ​​ក្មេងស្រីៗ​​បាន​រង​សម្ពាធ​​អោយ​រៀបការ​​ពី​ក្រុមគ្រួសារ។

ដោយឡែក ទាក់ទង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិយោបល់​ អ្នក​រាយការណ៍​​​​ពិសេស​អង្គការ​សហប្រជាជាតិ លោក​ដេវីត ខេយ​ ​David Kaye បាន​ទៅ​ទស្សនកិច្ច​នៅតួកគី​ និង​បាន​​កត់​សម្គាល់​​​​​ពី​ស្ថានភាព​អាប់អួរ​​នៅ​​​តួកគី​​ក្រោយ​​​រដ្ឋប្រហារ​មិន​បាន​​សម្រេច​ខែកក្កដា។ លោក​Kaye លើកឡើង​ថា​ ​តួកគី​កំពុង​ប្រឈម​​ការគំរាម​សន្តិសុខ ពី​ក្រុមភេរវជន​រដ្ឋ​អ៊ីស្លាម​និង​​ក្រុម​ឧទ្ទាម​PKK។ ប៉ុន្តែ​ មិនមែន​មានន័យថា ដោយសារ​ស្ថានភាព​នេះ​ ​រដ្ឋាភិបាល​ត្រូវតែបិទសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ តាមតែ​ចិត្ត​ចង់​នោះទេ។

ក្នុង​ការ​បោស​សម្អាត​រដ្ឋប្រហារ​កន្លងមក តួកគី​បាន​ចាប់ខ្លួនរឺព្យួរការងារ​​​មនុស្ស​ជាង​១សែន​នាក់ ក្នុង​នោះ​​មា​ន​អ្នកសារព័ត៌មាន​កាសែត​ប្រឆាំង​ជាច្រើននាក់។ សារព័ត៌មាន​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​បិទទ្វារ៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ