អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ជំនួប​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​បច្ចុប្បន្នភាព​តំបន់

ក៏​ដូច​លើក​មុនៗ​ដែរ នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​ឆ្នាំ​នេះ​នៅ​ភ្នំពេញ បច្ចុប្បន្នភាព​ក្តៅ​គគុក ដូច​យ៉ាង​ការ​បោះឆ្នោត​នៅ​ភូមា​និង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហាក់​ដូច​ជា​បាន​គ្រប​ពី​លើ​សំណុំរឿង​ដែល​ទាក់ទិន​ទៅ​នឹង​ការ​បន្ត​កសាង​អង្គការ​តំបន់​មួយ​នេះ។ ចូរ​កុំ​ភ្លេច​ថា បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ដប់​មាន​មហិច្ឆតា​បង្កើត​សហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយ​ទីផ្សារ​រួម​តែ​មួយ​គត់ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ម្ល៉ោះ​ហើយ អស់​ពី​បញ្ហា​ប្រទេស​ភូមា ពី​ពេល​នេះ​ទៅ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​អាស៊ាន​ត្រូវ​គិតគូរ អាច​នឹង​បង្ក​ឱ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បន្ត​កសាង​អង្គការ​តំបន់​មួយ​នេះ​ឱ្យ​ប្រញាប់​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក។

ជំនួប​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​បច្ចុប្បន្នភាព​តំបន់
ជំនួប​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​បច្ចុប្បន្នភាព​តំបន់ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ឆ្នាំ​នេះ ជា​ទូទៅ ជំនួប​កំពូល​អាស៊ាន​តែងតែ​ត្រូវ​បាន​បំពុល​តិច​ឬ​ច្រើន​ដោយ​បញ្ហា​ប្រទេស​ភូមា។ ផ្ទុយ​ទៅ​វិញ លើក​នេះ​នៅ​ភ្នំពេញ ភូមា​លែង​ជា​ក្រមរ​​ដែល​ធ្វើ​ឱ្យ​រមាស់​ស្បែក​របស់​អាស៊ាន​ទៀត​ហើយ តែ​ជា​មោទនភាព​របស់​អង្គការ​តំបន់​មួយ​នេះ​ទៅ​វិញ​ទេ។ ពីព្រោះ របប​សឹក​បាន​ក្លាយ​ជា​រដ្ឋាភិបាល​ស៊ីវិល បាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នយោបាយ បាន​ដោះលែង​លោកស្រី​អុង សាន់ស៊ូជី​ដែល​ថែម​ទាំង​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្រ្ត កាល​ពី​ចុង សប្តាហ៍​កន្លង​ទៅ​នេះ​ទៀត​ផង។

ទន្ទឹម​នេះ ស្រាប់​តែ​បញ្ហា​មួយ​ថ្មី ស្រួចស្រាល់​និង​ស្មុគស្មាញ​ខ្លាំង បាន​មក​ជំនួស​បញ្ហា​ភូមា​នៅ​ក្នុង​ជំនួប​កំពូល នោះ​គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជុំវិញ​ទី​ប្រជុំ​កោះ​Paracels និង​Spratleys រវាង​ចិន​និង​សមាជិក​អាស៊ាន​មួយ​ចំនួន គឺ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ ដែល​ប្រធានាធិបតី​ចិន លោកហ៊ូ ជីនតាវ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មុន​ការ​ផ្តើម​ឡើង​ជា​ផ្លូវការ​នៃ​ជំនួបកំពូល​អាស៊ាន​នៅ​ភ្នំពេញ។ មិនមែន​ចៃដន្យ ពីព្រោះ​ក្នុង​អំឡុង​ពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ មហិច្ឆតា​កាន់​តែ​ច្បាស់​និង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​របស់​ទីក្រុង​ប៉េកាំង នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ឱ្យ​អាស៊ាន​ទាំង​មូល​រំជួល​ចិត្ត និង​បាន​ធ្វើ​ឱ្យ​វៀតណាម​និង​ហ្វីលីពីន​ជាពិសេស​ខឹង​និង​ភ័យ។ តាម​រយៈ​ទស្សនកិច្ច​ដ៏​វិសេសវិសាល​នេះ​របស់​លោក​ហ៊ូ ជីនតាវ ចិន​ចង់​បញ្ជូន​សារ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ជា​ថ្មី​ថា ចិន​ជា​មិត្ត​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ជា​អ្នក​ជួយ​លុយ​កម្ពុជា និង​ជា​ចន្ទល់​នយោបាយ​និង​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​របស់​កម្ពុជា។

ម្ល៉ោះ​ហើយ ជា​ថ្នូរ​វិញ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២​នេះ គ្មាន​ជម្រើស​​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ឱ្យ​ចិន​កក់ក្តៅ​ចិត្ត ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល។ នៅ​ទី​បំផុត ភាគី​ចិន​និង​កម្ពុជា​បាន​ប្រកាស​ថា នឹង​ដោះស្រាយ​ពី​អំណើះ​ត​ទៅ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​លើ​​វេទិកា​និង​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន។ ពាក្យ​ថា "ក្របខណ្ឌ​អាស៊ាន"មួយ​ម៉ាត់​នេះ មាន​អត្ថន័យ​ជ្រៅ ដ្បិត​វា​អាច​មាន​ន័យ​ថា​នា​ឱកាស​អង្គប្រជុំ​នៅ​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ដដែល គេ​នឹង​មិន​ត្រូវ​យក​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​ទេ។ ពីព្រោះ​នៅ​ពេល​នោះ អស់​ពី​ជំនួប​កំពូល​អាស៊ាន នឹង​ត្រូវ​មាន​ជំនួប​កំពូល​អាស៊ី​បូព៌ា​ដែល​មាន​វត្តមាន​ប្រទេស​ដទៃ ជាពិសេស​វត្តមាន​របស់​សហរដ្ឋអាមេរិក​ដែល​នឹង​ត្រូវ​តំណាង​ដោយ​លោក បារ៉ាក់​ អូបាម៉ា។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ជជែក​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នេះ ស្តែង​ឱ្យ​ឃើញ​ថា អង្គការ​តំបន់​ដ៏​ចាស់​ជាង​គេ​បង្អស់​នៅ​អាស៊ី​មួយ​នេះ បាន​និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​វិញ្ញាសា ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ពី​បរិបទ​មួយ​ទៅ​បរិបទ​មួយ។ វិញ្ញាសា​ថ្មី​មួយ​នេះ​ដែល​ច្បាស់​ជា​នឹង​បំពុល​បរិយាកាស​ជំនួប​កំពូល​អាស៊ាន​ជា​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​តម្រូវ​ឱ្យ​អង្គការ​តំបន់​មួយ​នេះ​ពូកែ​ពត់​ខ្លួន​និង​ពូកែ​សម្រប​ស្មារតី​ជា​លំដាប់​ដែរ​ទៅ​តាម​កាលៈទេសៈ​ភូមិសាស្រ្ត​នយោបាយ​តំបន់​និង​អន្តរជាតិ។ បើ​ពុំ​នោះ​សោត​ទេ អាស៊ាន​អាច​នឹង​ជួប​ការ​យឺត​យ៉ាវ ក្នុង​ការ​សម្រេច​មហិច្ឆតា​ពិតប្រាកដ​របស់​ខ្លួន នោះ​គឺ​ការ​បន្ត​កសាង​អង្គការ​មួយ​ដែល​នឹង​ត្រូវ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​លើ​ឆាក​អន្តរជាតិ។

នៅ​ក្នុង​ន័យ​នេះ ការ​សម្រេច​បង្កើត​ឱ្យ​បាន​នូវ​ទីផ្សារ​តែ​មួយ​ស្រដៀង​គ្នា​នឹង​គំរូ​របស់​សហភាព​អឺរ៉ុប ប៉ុន្មាន​ឆ្នាំ​ទៀត​ខាង​មុខ​នេះ គឺ​ជា​គោលដៅ​សំខាន់។ ពីព្រោះ​ចូរ​កុំ​ភ្លេច​ថាអាស៊ី​​អាគ្នេយ៍​ដែល​តាម​ការ​ព្យាករណ៍​នឹង​មាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​៦,៣%​នៅ​ឆ្នាំ​២០១២​នេះ អាច​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៩​នៅ​ក្នុង​ពិភពលោក ប្រសិន​បើ​បង្កើត​ជា​ទីផ្សារ​តែ​មួយ​គត់​បាន​ដូច​ក្តី​ប្រាថ្នា។

ក៏​ប៉ុន្តែ ត្រង់​ចំណុច​នេះ គេ​គួរ​តែ​យល់​ថា តំណែង​ជា​ប្រធាន​ផ្លាស់​វេន ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​២០១៦ នឹង​ត្រូវ​កាន់កាប់​សឹង​ទាំង​អស់​ដោយ​ប្រទេស​សមាជិក​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​ទាប​ជាង​គេ​នៅ​ក្នុង​អាស៊ាន។ ជាក់​ស្តែង គឺ​កម្ពុជា​នៅ​ឆ្នាំ​២០១២​នេះ ភូមា​នៅ​ឆ្នាំ​២០១៤ និង​ឡាវ​នៅ​ឆ្នាំ​២០១៦។ និយាយ​ដូច្នេះ មិនមែន​ថា​ប្រទេស​ក្រីក្រ​ជាង​គេ​ទាំង​នេះ​មិន​គិតគូរ​ពី​ការ​កសាង​សហគមន៍​អាស៊ាន​នោះ​ទេ។ តែ តាម​និយាយ ពួក​បណ្តា​ប្រទេស​ទាំង​នេះ ប្រហែល​ជា​ចង់​គិតគូរ​ជា​អាទិភាព​ពី​ការ​កាត់​បន្ថយ​គម្លាត​សេដ្ឋកិច្ច​រវាង​ពួក​ខ្លួន​និង​ពួក​សមាជិក​ជើង​ចាស់​ជាង​ការ​បោះពួយ​ទៅ​រក​ទីផ្សារ​រួម​តែ​មួយ។

ដោយ​ឡែក អាយុ​៤៥​ឆ្នាំ​ទៅ​ហើយ អាស៊ាន​នៅ​តែ​មិន​ដែល​លើក​ឡើង​សោះ​ឡើយ​ពី​លទ្ធភាព​ជាយថាហេតុ​នៃ​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ជាតិ​រួម​គ្នា​មួយ។ នៅ​ក្នុង​បរិបទ​បែប​នេះ មហាយក្ស​ចិន​អាច​នឹង​នៅ​បន្ត​មាន​ប្រៀប​ជាង​អាស៊ាន​ទាំង​មូល និង​ជាង​សមាជិក​អាស៊ាន​នីមួយៗ​ដាច់​ដោយ​ឡែក យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ជាអាទិ៍​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ