អានតួអត្ថបទ
កម្ពុជា

ក្រសួង​​យុត្តិធម៌​​ចេញមុខ​​អន្តរាគម​​ក្នុង​​សំណុំរឿង​​អ្នកភូមិ​​បឹងកក់​​

ទីបំផុត​ទៅ​ក្រសួងយុត្តិធម៌​បាន​អន្តរាគមហើយ​ចំពោះ​ករណី​អ្នកភូមិ​បឹងកក់។ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​អះអាង​នៅថ្ងៃនេះ​ថា លោក​បាន​សរសេរ​លិខិត​ទៅ​តុលាការក្រុង​ភ្នំពេញ​រួចហើយ​ដើម្បី​ឲ្យ​ពិនិត្យ​ឡើងវិញ​ចំពោះ​ការកាត់ក្តី​អ្នកភូមិ​បឹងកក់។ ​អន្តរាគមន៍​របស់​ក្រសួង​យុត្តិធម៌​បាន​ធ្វើឡើង​ខណៈដែល​កុមារ​ភូមិ​បឹងកក់​ដែលជា​កូន​អ្នក​ជាប់​ពន្ធនាគា​រទាំង​នោះបាន​ស្វែងរក​អន្តរាគមន៍​ពី​គ្រប់​ទិសទី។ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក៏បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ករណី​នេះដែរ។

លោក​អង្គ វង្ស​វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​
លោក​អង្គ វង្ស​វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

មាន​ហើយ​អ្នក​ចេញមុខ​អន្តរាគម​ចំពោះ​សំណុំរឿង​អ្នកភូមិ​បឹងកក់។​ លោក​អង្គ វង្ស​វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ​ក្រោយពី​ទទួលបាន​ញត្តិ​របស់​អ្នកភូមិ​បឹងកក់​រួចមក ​លោក​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​សុំ​ឲ្យ​តុលាការ​នេះ​ពិនិត្យ​ឡើងវិញ​សំណុំរឿង​កាត់ក្តី​ស្ត្រី​បឹងកក់។ ​នេះ​ជា​ព័ត៌មាន​លើក​ដំបូង​ហើយ​ស្តីពី​កិច្ច​អន្តរាគមន៍​ដើម្បី​ជួយ​ស្ត្រី​អ្នកភូមិ​បឹងកក់​១៣នាក់​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ចុងខែ​ឧសភា។

អន្តរាគមន៍​របស់​ក្រសួង​យុត្តិធម៌​បានធ្វើ​ឡើង​នៅ​ខណៈ​ដែល​កុមារ​បឹងកក់​ដែលជា​កូនៗ​របស់​អ្នក​ជាប់​ពន្ធនាគារ និង​អ្នកភូមិ​បឹងកក់​ផ្សេងទៀត​បាន​ស្វែងរក​អន្តរាគមន៍​ពី​គ្រប់ទិសទី​រាប់ទាំង​ស្ថានទូត​បរទេស​នៅ​កម្ពុជា​និង​ព្រះបរមរាជវាំង​ផង។ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ ​មន្ត្រី​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បានទទួល​យក​ញត្តិ​របស់​អ្នកភូមិ​បឹងកក់​ និង​បាន​សន្យាថា​នឹង​ជួយ​អន្តរាគមន៍ ​បន្ទាប់ពី​ក្រុមកុមារ និង​អ្នកភូមិ​បឹងកក់​បាន​ទៅ​សំពះ​អង្វរ​នៅ​ពីមុខ​ព្រះបរម​រាជវាំង​ចំនួន​ពីរលើក​រួចមក។

នៅ​ថ្ងៃ​អង្គារ​នេះដែរ​ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក  Sean Mc Intosh ​បាន​អះអាង​ថា ​ស្ថានទូត​អាមេរិក​ក៏បាន​ទទួល​ញត្តិ​របស់​អ្នកភូមិ​បឹងកក់​ដែរ ​ហើយ​សា្ថនទូត​អាមេរិក​មាន​ក្តីបារម្ភ​ចំពោះ​ករណីនេះ​ពីព្រោះ​តែ​ការកាត់​ក្តី​របស់​តុលាការ​រាជធានី​ភ្នំពេញ​មាន​សភាព​តក់ក្រហល់​ពេក​ដោយ​គ្មាន​ការស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់។​ការកាត់ទោស​បែប​ប្រញាប់​ប្រញាល់​នេះ​អាច​នឹងមាន​ភាពមិន​ត្រឹមត្រូវ​កើតឡើង។

គួររម្លឹក​ថា ​ស្ត្រី​អ្នកភូមិ​បឹងកក់​១៣នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុងខែ​ឧសភា​នៅ​ខណៈ​ដែល​ពួកគេ​បាន​ព្យាយាម​សាងសង់​ផ្ទះ​នៅ​លើដី​ចាស់​របស់​ខ្លួន​ដែល​រដ្ឋាភិបាល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍ។ ​ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ចូលកាន់​កាប់​ដី​កម្មសិទ្ធិ​អ្នកដទៃ ​និង​បាន​ប្រឆាំង​ជាមួយ​អាជ្ញាធរ​សាធារណៈ។ ​តុលាការ​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​កាត់ទោស​ភ្លាមៗ​យ៉ាង​ប្រញាប់​ប្រញាល់​ដោយ​ផ្តន្ទាទោស​ឲ្យ​អ្នក​ទាំងនោះ​ជាប់​ពន្ធនាគារ​ពីមួយ​ឆ្នាំ​ដល់​ពីរ​ឆ្នាំ។

គេ​នៅ​មិនទាន់​ដឹងថា ​តើ​អន្តរាគមន៍​របស់​ក្រសួង​យុត្តិធម៌​មាន​ប្រសិទ្ធិភាព​បែបណា​នៅឡើយ​ទេ។ យ៉ាងណា​ក៏ដោយ​ អន្តរាគមន៍​នេះ​ជា​ពន្លឺ​ខ្លះៗ​ហើយ​សម្រាប់​ជោគវាសនា​របស់​ស្ត្រី​អ្នកភូមិ​បឹងកក់​ដែល​កំពុង​ជាប់​ពន្ធនាគារ ក្នុងនោះ​មាន​ស្ត្រី៤នាក់​ត្រូវគេ​រាយការណ៍​ថា​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ប្រឆាំងនឹង​ការឃុំខ្លួន​ពួកគេ។ ក្រុម​អ្នកភូមិ​បឹងកក់​ក៏​នៅ​រំពឹង​លើ​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ​ផងដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ