អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​បឹងកក់​ត្រូវ​បង្ក្រាបយ៉ាង​ហិង្សា និង​ចាប់ខ្លួន នៅ​ពេល​ប្រមូល​ផ្តុំ​តវ៉ា​មុខ​សាលាក្រុង

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ២១ មេសា ២០១១​នេះ យ៉ាងហោច​ណាស់ មាន​អ្នកភូមិ ៤ នាក់ ទទួល​រងរបួស ដួលសន្លប់​បែកក្បាល​ហូរ​ឈាម នៅ​កន្លែងធ្វើ​បាតុកម្ម នៅមុខ​សាលាក្រុង​ភ្នំពេញ ដោយសារ​កងកំលាំង វាយដំ ដោយ​ប្រើ​ដំបងឆក់។ ចំណែក​អ្នកភូមិ​បឹងកក់ ១១ នាក់ ផ្សេងទៀត ត្រូវបាន​ចាប់​បោះបញ្ចូល​ក្នុង​ឡាន​ទ្រុងប៉ូលិស យក​ទៅ​ឃុំឃាំង នៅ​ស្នងការដ្ឋាន​នគរបាល។

អ្នកភូមិបឹងកក់​ដែល​ឈរ​តវ៉ា​នៅមុខ​សាលាក្រុង​ត្រូវ​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ
អ្នកភូមិបឹងកក់​ដែល​ឈរ​តវ៉ា​នៅមុខ​សាលាក្រុង​ត្រូវ​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ © ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

01:52

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ក្រុម​អ្នក​ភូមិ​បឹងកក់ ភាគច្រើន​ជា​ស្ត្រី​រាប់សិប​នាក់ បាន​ប្រមូល​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់ លុប​បឹងកក់ ដែល​នាំ​ឲ្យ​លិច​ផ្ទះសម្បែង​អ្នកភូមិ។ ក៏​ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ បន្ទាប់​ពី​មាន​ការជួប​ពិភាក្សា មិន​ត្រូវ​គ្នា​រវាង​អ្នកភូមិ ជាមួយ​តំណាង​សាលាក្រុង​ភ្នំពេញ​រួច​មក កងកំលាំង​ប្រដាប់​អាវុធ​រាប់រយ​នាក់ បាន​ចូល​វាយ​បំបែក​ហ្វូង​អ្នកភូមិ ដោយ​ធ្វើ​ការវាយដំ ទាត់​ធាក់ ឆក់​នឹង​ដំបងឆក់ ទៅលើ​អ្នក​ភូមិ​យ៉ាង​សាហាវ​ឃោឃៅ នៅ​ចំពោះមុខ​មន្ត្រី​សាលាក្រុង ដែល​កំពុងតែ​ឈរ​ឱបដៃ​មើល​ការប្រើ​អំពើហិង្សា​នោះ។

 
ស្ត្រី​អ្នកភូមិ​បឹងកក់ ៤ នាក់ បាន​ដួលសន្លប់ ដោយសារ​ប៉ូលីស​វាយ។ ស្ត្រី​ចំណាស់​ម្នាក់ បែកក្បាល​ហូរឈាម។ ប៉ូលីស​ក៏បាន​ចាប់ខ្លួន​អ្នក​ភូមិ​បឹងកក់ ១១ នាក់​ផ្សេង​ទៀត ក្នុងនោះ មាន​កុមារា អាយុ​ជាង​១០ ឆ្នាំ ២ នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​ប៉ូលីស​វាយ​បាក់​មេដៃ។

អ្នក​ភូមិ​ទាំង ១១ នាក់ ត្រូវ​ដឹក​តាម​ឡាន​ឃ្លុប​របស់​ប៉ូលីស​ក្រុង យក​ទៅ​ឃុំឃាំង សួរចម្លើយ នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង។ ​រហូត​ដល់​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ូលីស មិនទាន់​ដោះលែង​អ្នក​ភូមិ​បឹងកក់ មក​វិញ​ទេ។ ប៉ុន្តែ បើតាម​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ជួបចរចា​ជាមួយ​សមត្ថកិច្ច បាន​ឲ្យដឹង នៅល្ងាច​ដដែល​ថា ប៉ូលីស​នឹង​ដោះលែង​ក្រុម​អ្នកភូមិ​បឹងកក់​ទាំង ១១ នាក់ នៅព្រឹកថ្ងៃសុក្រ​ទី ២២ មេសា ២០១១។ ដំបូងឡើយ សមត្ថកិច្ច​ប៉ូលីស​ប្រុង​នឹង​កសាង​សំណុំរឿង​បញ្ជូន​អ្នកភូមិ​ទាំងនោះ ទៅកាន់​តុលាការ៕

លោក ទូច ណារ៉ុថ ស្នងការ​ប៉ូលីស​ក្រុងភ្នំពេញ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានឡើយ។ យ៉ាងណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​ថ្កោលទោស ចំពោះ​ការប្រើ​អំពើហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ ដែល​បាន​វាយ​បង្ក្រាប​ទៅលើ​អ្នកភូមិ​រងគ្រោះ​បឹងកក់ នៅ​ព្រឹក​ថ្ងៃទី​២១​មេសា ឆ្នាំ​២០១១។

អ្នកភូមិ​បឹងកក់ បានទាមទារ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លងមកហើយ បន្ទាប់​ពី​រដ្ឋាភិបាល បាន​យក​ដី​ក្នុង​តំបន់​បឹងកក់ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគុ​អ៊ីន កាលពី​ឆ្នាំ​២០០៧។ រហូតមកដល់​សព្វថ្ងៃ​នេះ ពួកគាត់​បាន​នាំ​គ្នា​បន្ត​ការទាមទារ ទទូច​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ ដី​អភិវឌ្ឍន៍​នៅនឹងកន្លែង ស្របតាម​គោលនយោបាយ​ដោះស្រាយ​របស់​រដ្ឋាភិបាល និង​ដោះស្រាយ​ផ្ទះ​របស់​ពួកគាត់​ដែល​ត្រូវបាន​លិចលង់​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ជា​បន្តបន្ទាប់​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ